សម្តេចក្រឡាហោម ស ខេង គូសបញ្ជាក់ថា ការស្នើសុំនិរាករណ៍ច្បាប់​អង្គការក្រៅរដ្ឋាភិបាលគឺមិនអាចទៅរួចទេ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា​ចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាល នៅតែប្រកាន់ធ្វើ​កិច្ចសហប្រតិបត្តិការភាពជាដៃគូដដែល ព្រោះច្បាប់បានកំណត់រួចហើយ។ ប៉ុន្ដែការស្នើសុំ​និរាករណ៍ច្បាប់អង្គការមិនមែនរដ្ឋាភិបាលនេះគឺមិនអាចទៅរួចទេ។

ថ្លែងក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០​របស់ក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា “យើងនៅតែប្រកាន់អីញ្ចឹងព្រោះច្បាប់បានកំណត់ ហើយគោលនយោបាយយើង​ក៏បានកំណត់អីញ្ចឹង”។ សម្ដេចក្រឡាហោមក៏បានឆ្លើយតបចំពោះការស្នើសុំឱ្យរាជរដ្ឋាភិបាល លុបចោលច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាលថា មិនចាំបាច់នោះទេ ព្រោះគ្មានច្បាប់ណា ហាម​ឃាត់ធ្វើច្បាប់នោះទេ។ សម្ដេចក្រឡាហោមបានបញ្ជាក់បន្ថែមថា “ប៉ុន្មានថ្ងៃមុនឃើញគាត់​ចេញសេចក្តីថ្លែងការណ៍មួយថាមិនចាំ បាច់មានច្បាប់អង្គការក្រៅរដ្ឋាភិ​បាលនោះទេគឺត្រូវ​លុប​ចោល។ ចំណុចនេះមិនមានចាំបាច់ទេ ពីព្រោះថាច្បាប់ក្រមរដ្ឋប្បវេណី​បាននិយាយ​ហើយ តែយើងយកមកមើលនិយាយតែមួយម៉ាត់ហ្នឹងធ្វើអ្វីកើត ហើយប្រទេសណាអត់​មាន​ច្បាប់ហ្នឹង គឺវាមានទេ តែបើមាន​សុំ​បង្ហាញមក។”

សម្ដេចក្រឡាហោមបាលើកឡើងដែរថា បើសង្គមស៊ីវិលស្នើសុំ ធ្វើវិសោធនកម្មច្បាប់​នឹងស្វាគមន៍ ប៉ុន្តែមិនត្រូវធ្វើការប្រញ៉ាប់នោះទេ ព្រោះថាច្បាប់នេះ សម្ដេចជាអ្នកចាប់ផ្តើម​រៀបចំ​ធ្វើក្នុងឆ្នាំ១៩៩៥ រហូតមកដល់ឆ្នាំ២០១៥ បានច្បាប់ ត្រូវបានរដ្ឋសភាប្រកាសឱ្យប្រើ។ ជាមួយគ្នានេះ ទំរាំតែបានច្បាប់អង្គការក្រៅរដ្ឋាភិបាលនេះចេញ គឺត្រូវចំណាយពេលអស់​២០ឆ្នាំ ផ្ទុយទៅវិញគ្រាន់តែការស្នើសុំវិសោធនកម្មមាត្រាមួយចំនួន ជួបប្រជុំគ្នាតែ៤លើក ខាង​សង្គមស៊ីវិលថាយូរពេកវាមិនត្រូវទេ។ សម្ដេចក្រឡាហោមបានបន្ថែមថា បើពិភាក្សាគ្នាអស់​រយៈ​ពេល១ឆ្នាំ ២ឆ្នាំក៏មិនស្មើនឹង២០ឆ្នាំដែរ  ហើយអ្វីដែលមិនត្រូវគ្នានោះ​ក៏ដោយសារខាង​សង្គមស៊ីវិលផងដែរ។ ប៉ុន្តែយ៉ាងណាយើងនៅតែចាត់ទុកអង្គការសង្គមស៊ីវិល នៅជាដៃគូ​ដដៃល ព្រោះមានអង្គការជាង៥ពាន់បានចូលរួមធ្វើការជាច្រើននៅកម្ពុជា។

សម្ដេចក្រឡាហោមបានចាត់ទុកប្រទេសកម្ពុជាបើនិយាយទៅជាឋានសួគ៌របស់ សង្គម​ស៊ីវិល ព្រោះគ្មានប្រទេសណាដូចកម្ពុជានោះទេ ហើយបើទោះបីជាមានការលើកឡើង យ៉ាង​ណាក្តីរាជរដ្ឋាភិបាលនៅតែតស៊ូអត់ធ្មត់ជាមួយសង្គមស៊ីវិលទៀត។

តែទោះបីយ៉ាងណាក្ដី ករណីស្នើសុំវិសោធនកម្មច្បាប់អង្គការក្រៅរដ្ឋាភិបាលចំនួន១៧ មាត្រា ត្រង់ចំណុចនេះ សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា បានឯកភាពគ្នា​៩មាត្រា ដែលទើបប្រជុំ៤លើក នៅសល់៨មាត្រាទៀត។ ការនៅសល់៨មាត្រា ត្រូវប្រជុំគ្នា​រយៈ​ពេល១០លើកទៀតក៏មិនអាចថាយឺតដែរ បើមានឆន្ទៈក្នុងការជជែកគ្នា ប៉ុន្តែចង់ទាត់​ចោល​ក្រៅ ពីសំណាញ់ច្បាប់មិនអាចធ្វើទៅបានទេ។ ទន្ទឹមនេះ សម្ដេចក្រឡាហោមក៏បាន​ប្រាប់​ទៅសង្គមស៊ីវិលថា បើចង់ឱ្យប្រទេសជាប្រទេសនីតិរដ្ឋ  រាជរដ្ឋាភិបាលស្វាគមន៍ជានិច្ច និងសុំ​ធ្វើការអត់ធ្មត់ទាំងអស់គ្នាជាការល្អ ដោយ កុំធ្វើក្រៅសំណាញ់ច្បាប់។

សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងបន្ថែមថា មានសង្គមស៊ីវិលមួយចំនួន បានដើរ​ប្រមូលតាមសហគមន៍ដែលមានមានគ្នា ២នាក់ ឬ៣នាក់ ឬទាំងអ្នកខ្លះ មិនដឹងខ្លួនផង ដាក់​សំណើមករាជរដ្ឋាភិបាល និងចង់បង្ហាញថាអ្នកប្រឆាំងថែមទៀត។

សម្តេចក្រឡាហោមបានសង្កត់ធ្ងន់ថា “ទោះបីជាយ៉ាងណាក្តីខ្ញុំនៅតែបញ្ជាក់ថា លើក​កម្ពស់ភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្កការសង្គមស៊ីវិល”៕

ដោយ ប៊ុនរិទ្ធ