ភ្ញៀវទេសចរចំនួន២៣៣រូបចុងក្រោយ ដែល​ចុះពីលើនាវា Westerdam នឹងធ្វើដំណើរទៅកាន់ប្រទេសខ្លួនវិញ

AKP ភ្នំពេញ ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២០ — ប្រភពពីក្រសួងសាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យ​ដឹងថា​ នារសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន២៣៣រូបចុងក្រោយ ចុះពីលើនាវា Westerdam ដែលទទួលបានការអនុញ្ញាតពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីសប្តាហ៍មុន។

ប្រភពដដែលបាន​គូសបញ្ជាក់ថា​ ការចុះពីនាវារបស់ភ្ញៀវទេសចរចម្រុះជាតិ សាសន៍នេះ ធ្វើឡើងក្នុងគោលបំណងធ្វើដំណើរទៅកាន់ប្រទេសរបស់ខ្លួន តាមរថយន្តក្រុង ចំនួន១០គ្រឿង ចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ រួចទើបបន្ត ដំណើរតាមជើងហោះហើរពីរាជធានីភ្នំពេញ ទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញ។

ការអញ្ជើញទទួលស្វាគមន៍នាវាទេសចរណ៍ Westerdam ដែលត្រូវបានបដិសេធការ ចូលចតពីបណ្ដាប្រទេសមួយចំនួន ដោយសារភ័យខ្លាចករណីជំងឺរលាកសួត Covid-19 នេះ ធ្វើឡើងក្នុងគោលបំណងមនុស្សធម៌ ទឹកចិត្តសន្តោសប្រណី មិនរើសអើងពូជសាសន៍ ជួយគ្នាក្នុងគ្រាមានអាសន្ន និងផ្ដល់ក្តីស្រឡាញ់ជំនឿទុកចិត្តភាពកក់ក្តៅដល់អ្នក ធ្វើដំណើរលើនាវា ដែលរួមមានមនុស្សចាស់ ស្ត្រី និងកូនក្មេងផងដែរ។

នៅក្នុង​បដិសណ្ឋារកិច្ច និងជូនដំណើរនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានផ្តល់ ជូនក្រមា ធ្វើពីសូត្ររបស់កម្ពុជា ជាកាដូអនុស្សាវរីយ៍ជូនដល់ភ្ញៀវទេសចរទាំង២៣៣រូបនោះ។

ដោយឡែក​ លោក Orlando Ashford ប្រធានក្រុមហ៊ុន Holland American Line ដែលជាម្ចាស់នាវា Westerdam បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ក៏ដូចជាអាជ្ញាធរកម្ពុជា ដែលមានសន្តានចិត្តដ៏ល្អប្រកបដោយ ភាពកក់ក្តៅ និងជួយថែរក្សាទទួលអ្នកដំណើរ និងពិនិត្យជំងឺជូនដល់អ្នកដំណើរ ជាពិសេសដែលបានអនុញ្ញាតឱ្យ​កប៉ាល់ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។​

សូមបញ្ជាក់ថា​ មុនអនុញ្ញាតឱ្យចាកចេញពីនាវា អ្នកដំណើរសុទ្ធតែត្រូវ បានឆ្លងកាត់ ការវាស់កម្តៅ និងតេស្តសុខភាពដោយមន្ត្រីជំនាញ របស់ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋ អាមេរិក UNCDC ដើម្បីធានាថាពិតជាគ្មានវត្តមានមេរោគ COVID-19។ មិនតែប៉ុណ្ណោះ បុគ្គលិករបស់កប៉ាល់ក៏ត្រូវពិនិត្យសុខភាពវាស់កម្តៅឡើងវិញផងដែរ មុនពេលអនុញ្ញាតឱ្យ នាវាចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។ ទាំងនេះជាការស្ដែងចេញឱ្យ​ឃើញនូវកាយវិការសប្បុរសធម៌ និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំកំពូល នៃរាជរដ្ឋាភិបាលកម្ពុជា ចំពោះជនរងគ្រោះដែលត្រូវបានបោះបង់ចោលនៅលើមហា សាគរដ៏ធំល្វឹងល្វើយ៕

ដោយ ទេស ច័ន្ទសុធារី