អារ៉ាប៊ីសាអូឌីត សរសើរចំពោះការអភិវឌ្ឍរបស់កម្ពុជា និងធ្វើឱ្យមានសន្តិភាព រហូតមកដល់ពេលបច្ចុប្បន្ន

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តម Shiekh Saud F. M. Al Suwelim ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីតប្រចាំកម្ពុជា បានកោតសរសើរចំពោះកម្ពុជា ដែលទទួលបាននូវការអភិវឌ្ឍ និង​មានសន្តិភាព រហូតមកដល់បច្ចុប្បន្ន ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើសុខ​ដុមនីយ​កម្មសាសនាបានយ៉ាងល្អប្រសើរ និងបង្កលក្ខណៈដល់ប្រជាពលរដ្ឋបានគោរព​ប្រតិ​បត្តិគ្រប់​សាសនាតាមជំនឿរៀងៗខ្លួន។ការលើកឡើងរបស់ឯកឧត្ដម ឯកអគ្គរាជទូតនេះ  ក្នុងជំនួប​ពិភាក្សាការងារជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ ។

ឯកឧត្តមឯកអគ្គរាជទូតបានចាត់ទុកថា សកម្មភាព​បែបនេះ គឺជាលទ្ធិប្រជាធិបតេយ្យ​ពេញលេញពិតប្រាកដមួយ។ ជាមួយគ្នានេះដែរ ឯកឧត្តម​ក៏បង្ហាញពីបំណងចង់បង្កើតនូវ​កិច្ច​សហប្រតិបត្តិការលើវិស័យផ្សេងៗជាមួយប្រទេសកម្ពុជា ជាពិសេសលើវិស័យសន្តិសុខ​សាធា​រណៈ ដោយឯកឧត្តមឯកអគ្គរាជទូតក៏បានស្នើបង្កើត​នូវ​អនុស្សរណៈយោគយល់គ្នារវាង​ក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរផងដែរ។

ជាការឆ្លើយតប សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំឥតឈប់ឈរ ដើម្បីធ្វើយ៉ាងណាឱ្យគ្រប់និន្នាការសាសនាទាំងអស់នៅ​កម្ពុជារស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។ សម្តេចក្រឡាហោមបានបន្តថា រាជ​រដ្ឋាភិបាលតែងតែជំរុញ និងលើកទឹកចិត្តដល់គ្រប់សាសនាទាំងអស់ឱ្យចូលរួម​គ្រប់សកម្ម​ភាព​របស់សង្គម និងការងារអភិវឌ្ឍន៍របស់សង្គម ក៏ដូចជាការងារទប់ស្កាត់បទល្មើស​គ្រឿងញៀន ការងារទប់ស្កាត់ការជួញដូរមនុស្សជាដើម ដើម្បីសំដៅរួមគ្នាកសាងសង្គមជាតិឱ្យមាន​ការរីក​ចម្រើន ៕

ដោយ ចាន់ សុធីវង្ស