គណៈ​​ប្រតិភូគណៈកម្មការទី១០ នៃព្រឹទ្ធសភា ចុះឈ្វេងយល់ពីការអនុវត្តច្បាប់ ប្រឆាំងអំពើពុករលួយ ​កំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ ​នៅខេត្ត​បន្ទាយមានជ័យ

AKP បន្ទាយមានជ័យ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេតបោសសម្អាត និងប្រឆាំងអំពើពុក​រលួយនៃព្រឹទ្ធសភា(គណៈកម្មការទី១០) បានដឹកនាំប្រតិភូជួបពិភាក្សាការងារជាមួយនឹង​​​រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់ស្តីពីការ ប្រឆាំងអំពើពុក រលួយការអនុវត្តកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងការអភិវឌ្ឍមូលដ្ឋាននៅ សាលប្រជុំសាលាខេត្ត​ នាព្រឹកថ្ងៃទី១​៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ក្នុងពិធីជួបពិភាក្សាការងារនេះ លោក ​អោមចន្ថា អភិបាលខេត្តស្តីទី ​អភិបាលខេត្ត​​​ បន្ទាយមានជ័យបានជម្រាបជូនគណៈប្រតិភូអំពីភូមិសាស្ត្ររបស់ខេត្ត សភាពការណ៍សន្តិសុខ ការរៀបចំសណ្តាប់ធ្នាប់នៅក្នុងខេត្ត សណ្តាប់ធ្នាប់តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កិច្ចសហប្រតិបត្តិការអន្តរជាតិ វឌ្ឍនភាពនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមរយៈច្រកចេញចូលតែមួយប្រសិទ្ធភាពការងារវឌ្ឍនភាពនិងបញ្ហាប្រឈមនានានៃការអភិវឌ្ឍមូលដ្ឋាននៅក្នុងខេត្ត។

ក្នុងឱកាសនោះឯកឧត្តម ម៉ម ប៊ុននាង បានលើកឡើងថា ការអនុវត្តច្បាប់ស្តីពី ការប្រឆាំងអំពើពុក​រលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការអភិវឌ្ឍ មូលដ្ឋាន ដែលគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ បាននឹងកំពុងធ្វើការកែទម្រង់លើលិខិតគតិយុត្ត និងប្រកាសដាក់ឱ្យអនុវត្តន៍ សំដៅធានាដល់ការផ្ទេរសិទ្ធិ អំណាច ផ្ទេរមុខងារ និងធនធាន ឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិនៅកៀកជិតប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវលើការគ្រប់គ្រងការចាត់ចែងនិងការប្រើប្រាស់សិទ្ធិអំណាចនិងធនធានទាំងនោះសម្រាប់ការផ្តល់សេវា និង ការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

​​ ឯកឧត្តម ម៉ម ប៊ុននាង និងគណៈប្រតិភូបានថ្លែងនូវការកោត សរសើរចំពោះ រដ្ឋបាលខេត្ត​ បន្ទាយមានជ័យដែលបានខិតខំ និងការយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទី ភារកិច្ច ជាពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងធ្វើឱ្យមូលដ្ឋានមានការរីកចម្រើនគួរឱ្យកត់សម្គាល់នោះ។

​​ ជាមួយនោះប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា ឯកឧត្តម ម៉ម ប៊ុននាង បានក្រើន​រម្លឹកដល់មន្ត្រីតាម មន្ទីរ អង្គភាព​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ​គួរ​សិក្សា​ឈ្វេងយល់​អំពីវឌ្ឍនភាព បញ្ហា​ប្រឈម​នៃ​ការអនុវត្ត​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ និង​ការរំលោភ​អំណាច លទ្ធផល​នៃ​ការអនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ វឌ្ឍនភាព និងប​ញ្ហា​​ប្រឈម​នានា​នៃ​ការអភិវឌ្ឍ​មូលដ្ឋាន និង​ពិនិត្យ​ស្ថានភាព​ច្រកទ្វារព្រំដែន​អន្ដរជាតិ​ក្រុង​ប៉ោយប៉ែត​ព្រមទាំង​សំណូមពរ​នានា​ដែល​អាជ្ញាធរខេត្ត​បាន​ជួបប្រទះ​ក្នុងការ​អនុវត្ត​ការងារ​នាពេល​កន្លងមក​ឱ្យ​បានល្អ​ផងដែរ​៕​

ដោយឈុនសារ៉ាត