រដ្ឋមន្រ្ដីក្រសួងកសិកម្ម ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ថ្នាក់ ត្រូវរៀបចំ​គោល​នយោបាយ បទដ្ឋានបច្ចេកទេស និងស្តង់ដារសេវា ដើម្បីផ្ទេរមុខងារទៅថ្នាក់ក្រោមជាតិ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ — រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានណែនាំដល់​ថ្នាក់ដឹកនាំ និងមន្រ្តី​គ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ បទដ្ឋានបច្ចេកទេស និង​ស្តង់ដារសេវាសម្រាប់ជាមូលដ្ឋានតម្រង់ទិសដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការអនុវត្ត​ភារកិច្ច ដែលក្រសួងបានផ្ទេរទៅថ្នាក់ក្រោមជាតិ ដើម្បីធានា​ដល់ដំណើរការនៃការអនុវត្ត​ប្រកប​​ដោយប្រសិទ្ធភាពខ្ពស់នៃដំណើរការកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឈការក្នុងវិស័យ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យកាន់តែមានប្រសិទ្ធភាព និង​ទាន់ពេលវេលា។ នេះជា​ការលើកឡើងរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែង​នៅ​ក្នុងសិក្ខាសាលាស្តីពីការ “ការពិនិត្យវឌ្ឍនភាព និងផ្សព្វផ្សាយការងារកំណែទម្រង់​វិមជ្ឈ​ការ និងវិសហមជ្ឈការ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ” នៅទីស្តីការក្រសួង​កសិម្ម នាព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។ នេះបើយោងតាមក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ថា គ្រប់អង្គភាពក្រោមឱវាទក្រសួង និងមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ត្រូវពិគ្រោះយោបល់ និងធ្វើកិច្ចសហប្រតិបត្តិ​ការរួមគ្នាលើកិច្ចការចាំបាច់មួយចំនួនជា​មួយរដ្ឋ​បាលក្រុង-ស្រុក-ខណ្ឌ ដើម្បីធានាលើកកម្ពស់​ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។ ទន្ទឹមនេះ ត្រូវចុះសម្រប​សម្រួល​លើការងារ​គាំទ្រ នៃមុខងារដែលត្រូវបានធ្វើប្រតិភូកម្មពាក់ព័ន្ធនឹងបច្ចេកទេស សមត្ថ​ភាព និងត្រួតពិនិត្យ វាយតម្លៃលើការផ្តល់សេវារដ្ឋបាល ដែលបានផ្ទេរតាមបែបប្រតិភូ​កម្ម​ទៅ​ឱ្យរដ្ឋបាលថ្នាក់ក្រោម​ជាតិ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ថា កំណែទម្រង់វិមជ្ឈការ និង​វិសហមជ្ឈការ គឺដើម្បីតម្រង់ទិសដៅអនុវត្តន៍តាមចក្ខុវិស័យ​របស់រាជរដ្ឋាភិ​បាល ក្នុងក្រប​ខ័ណ្ឌ​កំណែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែល្អប្រសើរ ឆ្លើយតបទៅនឹង​តម្រូវការរបស់​ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងជំនឿទុកចិត្ត តាមរយៈ​ការលើកកម្ពស់​សេវា​សាធារណៈដោយភក្តីភាព និងមនសិការវិជ្ជាជីវៈរបស់មន្ត្រីរាជការ​ដើម្បី​ប្រែក្លាយ​រដ្ឋបាល​សាធារណៈឱ្យទៅជាអ្នកផ្តល់សេវាសាធារណៈដ៏មានប្រសិទ្ធភាព និងបម្រើ​ផលប្រយោជន៍​ដល់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ឯកឧត្ដមបានបន្ដថា កម្មវិធីកំណែទម្រង់វិមជ្ឈការ និង​វិសហមជ្ឈការគឺមានគោលដៅបង្កើតប្រព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រង ដើម្បីជំរុញការ​អភិវឌ្ឍ​​តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងធានាការផ្តល់សេវាសាធារណៈប្រកប​ដោយ​ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សំដៅឆ្លើយតបនឹងសេចក្តីត្រូវ ការរបស់​ប្រជា​​ពល​រដ្ឋ​នៅមូលដ្ឋាន។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា កំណែទម្រង់ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាកំណែទម្រង់ដែល​មានការប៉ះពាល់គ្រប់វិស័យទាំងផ្នែកស្ថាប័ន និង​របៀប​របបចាត់ចែងការងារនៅតាមវិស័យ​នីមួយៗ ដោយសារកំណែទម្រង់នេះតម្រូវឱ្យមាន​ការ​ផ្ទេរ​មុខងារ និងធនធាន ទាំងធន​ធាន​មនុស្ស និងធនធានហិរញ្ញវត្ថុ។

ក្រៅពីនេះ ដើម្បីជំរុញដំណើរ​ការ​កំណែទម្រង់នេះឱ្យកាន់តែរលូន គឺទាមទារឱ្យមាន​ការ​បង្កើនការដឹកនាំ ការសម្របសម្រួលរវាងកំណែទម្រង់ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាមួយកម្មវិធីកំណែទម្រង់ផ្សេងៗទៀតមានជាអាទិ៍ កំណែទម្រង់ការគ្រប់​គ្រងហិរញ្ញវត្ថុ រដ្ឋបាល​សាធារណៈ ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ព្រមទាំងកម្មវិធីកំណែទម្រង់​តាមវិស័យ សំដៅ​ធានាឱ្យកម្មវិធីកំណែទម្រង់ទាំងនោះមានសង្គត្តិភាព ប្រទាក់ក្រឡាគ្នា ស៊ី​ចង្វាក់គ្នា និងគាំទ្រ​គ្នាទៅវិញទៅមក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

បើយោងតាមការបញ្ជាក់របស់ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការ និងជាប្រធាន​ក្រុមកា​រងារ​សម្រប​សម្រួល និងអនុវត្តន៍ការពង្រឹងកិច្ចដំណើរការកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានឱ្យដឹងថា ក្រសួងបានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងការងារ​កំណែទម្រង់​វិមជ្ឈការ និងវិសហ​មជ្ឈ​ការនៅរដ្ឋបាលថ្នាក់កណ្តាល ដែលមានអង្គភាពពាក់ពន្ធ័ និងមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត។ រៀបចំលិខិតបទដ្ឋានគតិយុត្តស្តីពី​ការធ្វើ​វិសហមជ្ឈការ​ផ្ទេរតាម​បែបប្រតិភូកម្មនូវសេវាមុខងាររដ្ឋបាល ទៅអង្គភាពច្រកចេញ-ចូលតែ​មួយរាជធានី ខេត្ត និង​ទៅ​ការិយាល័យច្រកចេញ-ចូលតែមួយក្រុង-ស្រុក-ខណ្ឌនៅថ្នាក់​ក្រោម​ជាតិ។ រៀបចំសម្រប​សម្រួល និងធ្វើបច្ចុប្បន្នភាពលើមុខងារសេវារដ្ឋបាល (វិស័យកសិកម្ម) បែបបទ ទម្រង់ពាក្យ​ស្នើសុំនីតិវិធី លក្ខខណ្ឌភ្ជាប់នានា បញ្ជីមុខងារបឋមលើវិស័យកសិកម្ម​ឱ្យ​មានភាពសាមញ្ញ សម្រាប់ផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ។ ជាមួយគ្នានេះ រៀបចំលិខិត​បទ​ដ្ឋាន​គតិយុត្តិ​ពាក់​ព័ន្ធស្តីពីការធ្វើវិមជ្ឈការផ្ទេរតាមបែបប្រគល់នូវធនធានរួមមាន(មនុស្ស ថវិកាទ្រព្យ​សម្បត្តិ) ភ្ជាប់ដោយមុខងារ និងបែបប្រគល់ភាពជាម្ចាស់ទៅឱ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ៕

ដោយ រិទ្ធី