សម្តេចក្រឡាហោម ស ខេង៖ បើទុកស្ថានភាពស្ត្រីជាប់ពន្ធនាគារដូចពេលបច្ចុប្បន្ននេះ ការទទួលបន្ទុក នឹងកាន់តែធ្ងន់ធ្ង

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០​ — សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា បើទុកបញ្ហាស្ថានភាពអ្នកជាប់ទោសជាស្ត្រីដូចពេលបច្ចុប្បន្ននេះ បន្ទុកការទទួលខុសត្រូវ នឹង​​កាន់​តែធ្ងន់ធ្ងរ ។

ថ្លែងក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បាន​គូសបញ្ជាក់ថា ចំពោះបញ្ហាអ្នកទោសជាស្ត្រីបើទុកបន្តដូចនាពេលបច្ចុប្បន្ននេះ នឹងបណ្តាល​ឱ្យការទទួលបន្ទុក និងការទទួលខុសត្រូវកាន់តែធ្ងន់ ដោយត្រូវរកវិធីធ្វើយ៉ាងណាដើម្បីដោះ ស្រាយបញ្ហានេះ។ សម្ដេចក្រឡាហោមបានបញ្ជាក់បន្ថែមថា “ខ្ញុំគិតថាប្រសិនជាច្បាប់មាន​ចំណុចខ្វះខាត រាជរដ្ឋាភិបាលអាចពិនិត្យលទ្ធភាពដើម្បីធ្វើស្នើច្បាប់បន្ថែមបាន ឬធ្វើតា មបែប​ផ្សេងទៀត ហើយយើងមិនត្រូវទុកដូចស្ថានភាពសព្វថ្ងៃនេះទេ”។

ជាមួយគ្នានេះ សម្ដេចក្រឡាហោមបានបន្ថែមថា ចំពោះបញ្ហាគ្រឿងញៀនវិញនៅតែ បន្តធ្វើទៀត ព្រោះថាពីមុនយើងបានបង្ក្រាបបទល្មើសទ្រង់ទ្រាយធំ នៅក្នុងរាជធានីភ្នំពេញ នៅតាមរង្គសាល និងក្លឹបកម្សាន្តនានាមិនមានការចែកចាយបន្តទៀតទេ។ ប៉ុន្តែនៅសល់រាយ ប៉ាយដែលត្រូវបន្តការបង្ក្រាបបន្តទៀត។ សម្តេចក្រឡាហោមបានបន្ថែមទៀតថា​នៅក្នុងឆ្នាំ​២០២០ ត្រូវធ្វើយ៉ាងណាកុំឱ្យមានការកើតឡើងវិញនូវការប្រើប្រាស់នៅក្នុងរង្គសាលធំៗ និង​ក្លឹបកម្សាននានាជាកន្លែងចែកចាយគ្រឿងញៀន។ សម្ដេចក្រឡាហោមបានថ្លែងថា យើងធ្វើពី ស្ថានភាពនាពេលបច្ចុប្បន្នទៅដើម្បី កុំឱ្យមានការរីករាលដាលធ្ងន់ធ្ងរ និងកុំឱ្យយើងត្រួតត្រា​មិនបាន។

សម្តេចក្រឡាហោមបានថ្លែងបញ្ជាក់ថា “បញ្ហាគ្រឿងញៀនបានជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់បញ្ហាផ្សេង​ទៀត​ច្រើន”៕

ដោយ ប៊ុនរិទ្ធ