ក្រុមហ៊ុន WorldBridge Homes ប្រកាសថា ការសាងសង់លំនៅឋានតម្លៃសមរម្យបាន​រួចរាល់​ ជាង៩០ភាគរយហើយ ក្នុងជំហានទី១ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២០នេះ

AKP កណ្ដាល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ — លោក យក់ សុធីរិទ្ធ នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន WorldBridge Homes ដែលជាក្រុម​ហ៊ុនអភិវឌ្ឍន៍គម្រោងលំនៅឋានតម្លៃសមរម្យបានប្រកាសឱ្យដឹងថា រហូតមកដល់ពេលនេះ លំនៅឋានទីក្រុងរណបសិរីមង្គល បានការសាងសង់​រួចរាល់ប្រមាណជាង៩០ភាគរយហើយ ក្នុងជំហានទី១ ដែលមានប្រមាណ៦០០ផ្ទះ ហើយត្រៀមប្រគល់ជូនអតិថិជនចូល​ស្នាក់នៅ​ឱ្យបានមុនថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរខាងមុខ នៅក្នុងខែមេសា ឆ្នាំ២០២០នេះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក យក់ សុធី​រិ​ទ្ធ​ បានលើកឡើង​ថា គម្រោង​លំនៅឋាននេះ គឺ​សម្រេច​បាន​ទៅ​តាម​ផែនការដែល​បាន​គ្រោងទុក ដោយ​បច្ចុប្បន្ន​សម្រាប់ជំហានដំបូងនេះ គឺសម្រេច​បាន​ប្រមាណ​ជាង​៩០ភាគរយហើយ ពោល គឺ​នៅ​សល់​តែ​ការ​កែ​លម្អ​បន្តិចបន្តួច​ទៀត​តែ​ប៉ុណ្ណោះ​។ លោកបានគូសបញ្ជាក់ថា “យើង​គ្រោង​ការ​ប្រគល់​ផ្ទះ​ក្នុង​ជំហាន​ទី​១​នេះ មុន​ចូល​ឆ្នាំ​ខ្មែរ​ ដែលមក​ទល់​ពេល​នេះ​មិន​ទាន់​ប្រគល់​បាន ទោះបីជា​ផ្ទះ​ហើយ​១០០ភាគរយ​ក៏​ដោយ ដោយសារ​តែ​រឿង​កា​រត​ទឹក ត​ភ្លើង ហើយ​កំពុងធ្វើ​ការ​​ជាមួយ​អ្នក​ទាំងនោះ ដើម្បី​ព​ន្លឿ​ន​ការងារ​នេះ​ឱ្យ​ឆាប់​ចប់ ឆាប់​ៗ​ខាង​មុខ​នេះ​”​។

លោកនាយក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន WorldBridge Homes ​បាន​បន្ត​ថា គម្រោង​លំនៅឋា​ន​សាធារណៈ​តម្លៃ​សមរម្យ​នៃ​ទីក្រុង​រណប​សិរី​មង្គល​នេះ មានការ​សាងសង់​ចែក​ចេញ​​ជា​២​ជំហាន ដោយជំហាន​ទី​១ សាងសង់​រួចរាល់​ស្ទើរតែ ១០០ភាគរយ និង​ជំហាន​ទី​២ ក៏​កំពុង​តែ​សាងសង់​បាន​ប្រមាណ​ជា ៣០ភាគរយ​ហើយ​ដែរ​។ លោកបានបន្ថែមថា ចំពោះ​ការ​លក់​លំនៅ​ឋាន​ក្នុង​ជំហាន​ទី​១គឺ លក់​បាន​ប្រមាណ​ជាង​៨០ភាគរយ ហើយ គឹ​ស្មើ​ជាង​៦០០​ខ្នង​ផ្ទះ ហើយ​គម្រោង​ទាំងមូល​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ដំណាច់ឆ្នាំ​ចុងឆ្នាំ២០២០ ឬ​ដើមឆ្នាំ​២០២១នេះផងដែរ​។

ក្នុងការអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន WorldBridge Homes កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី​ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍កោតសរសើរចំពោះ​គម្រោង​​លំនៅឋានទីក្រុងរណបសិរីមង្គល និងជាគម្រោងគំរូសម្រាប់អ្នកអភិវឌ្ឍន៍គម្រោង​លំនៅឋាន​ដទៃទៀតក្នុងតំបន់ ជាពិសេសគឺប្រភេទគម្រោងលំនៅឋានតម្លៃសមរម្យ។

ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដីក៏បានអរគុណដល់លោកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន WorldBridge Homes ដែលមានឆន្ទៈខ្ពស់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបំពេញ​តម្រូវ​ការលំនៅឋានតម្លៃសមរម្យជូនបងប្អូនប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងមធ្យម ដោយបង្កើតនូវទីក្រុងរណបមួយនេះ ឱ្យមានរូបរាងពិតប្រាកដ មានលក្ខណៈសម្បត្ដិពេញ​លេញ​ដោយមានជាគេហដ្ឋាន ផ្សារ សាលារៀន គ្លីនិក សុខភាព សហគ្រាសធុនតូច និង​មធ្យម ព្រមទាំងសេវាឡានក្រុងសាធារណៈជាដើម។
សូមបញ្ជាក់ថា ក្រុមហ៊ុន WorldBridge Homes គឺជាក្រុម​ហ៊ុនអភិវឌ្ឍន៍គម្រោងលំនៅ​ឋានតម្លៃសមរម្យ ដែលស្ថិតនៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល សាងសង់ លើផ្ទៃដីសរុបប្រមាណ២៣ហិកតា មានចំនួន២,៤៥៧ផ្ទះ និងទុនវិនិយោគប្រមាណ៧៣ លានដុល្លារអាម៉េរិក៕
ដោយ រិទ្ធី