ម្ចាស់នាវាទេសចរណ៍ Westerdam ថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន​និងប្រជាជន​កម្ពុជាចំពោះសណ្តានចិត្តដ៏ល្អប្រកបដោយភាពកក់ក្តៅ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ — លោក Orlando Ashford ប្រធានក្រុមហ៊ុន Holland America Line ម្ចាស់នាវាទេស​ចរ​ណ៍​ Westerdam បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន និង​ប្រ​ជា​ជនកម្ពុជាក៏ដូចជាអាជ្ញាធរកម្ពុជា ចំពោះសណ្តានចិត្តដ៏ល្អប្រកបដោយភាពកក់ក្តៅ ជាពិសេ​ស​បានអនុញ្ញាតឱ្យនាវា Westerdam ចូលចតនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនោះ។

នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បន្ទាប់​ពី​ស​ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អ​នុ​ញ្ញាតឱ្យលោក លោក Orlando Ashford ប្រធានក្រុមហ៊ុន Holland America Line ម្ចា​ស់​នា​វា​ទេ​សចរណ៍ Westerdam ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២០​នៅ​វិមានសន្តិភាព។

ក្នុងជំនួបនោះ លោក Orlando Ashford បានថ្លែងអំណរគុណយ៉ាង​ជ្រា​ល​ជ្រៅ​ចំពោះ​សម្ដេចតេជោ ហ៊ុន សែន និងប្រជាជនកម្ពុជា​ ក៏ដូចជាអាជ្ញាធរកម្ពុជា​ចំពោះ​ស​ណ្តា​ន​ចិត្តដ៏ល្អ​ប្រកប​ដោយភាពកក់ក្តៅ និងជួយថែរក្សា ទទួលអ្នកដំណើរ និងពិនិត្យជំងឺជូន​ដល់​អ្ន​ក​​ដំណើរ ជាពិសេសទៀតនោះ គឺបានអនុញ្ញាតឱ្យនាវាបានចូលចតនៅខេត្តព្រះសីហនុ។ លោ​ក​​បាន​ជម្រាបជូនសម្ដេចផងដែរថា ថ្ងៃនេះ ឬថ្ងៃស្អែក នឹងមានយន្តហោះមកដឹកអ្នកដំណើរ​ទាំ​ង​​នោះ​ត្រឡប់ទៅប្រទេសគាត់វិញហើយ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការលើកឡើង​រប​ស់លោក លោក Orlando Ashford ដែលជាប្រធានក្រុមហ៊ុន Holland America Line ។    ស​​ម្ដេច​តេជោបានមានប្រសាសន៍ថា បន្ទាប់ពីបានទទួលដំណឹងថា នាវាមានបំណងចូលចត​នៅ​កម្ពុជា សម្ដេចបានសម្រេចចិត្តអនុញ្ញាតឱ្យចូលចតភ្លាម ដោយយល់ឃើញថា បញ្ហា​មនុស្ស​ធម៌​ គឺជាបញ្ហាសំខាន់ ប្រសិនបើកម្ពុជាមិនអនុញ្ញាតឱ្យចូលចតទេនោះ នាវាមិនដឹងជា​ចូលចត​នៅទី​ណានោះទេ ​ហើយអ្នកធ្វើដំណើរនៅលើនាវានោះ នឹងមានការព្រួយបារម្ភ បើមានអ្វីកើត​ឡើង ជាពិសេសបើមានជំងឺរាតត្បាតនោះ នឹងប៉ះពាល់ដល់អ្នកដទៃទៀត។ ក្នុងន័យនេះ ស​ម្ដេ​​ចតេជោ បានសម្រេចចិត្តភ្លាមៗ ហើយសម្ដេចមានការសប្បាយចិត្តដោយ​ឃើញអ្នកដំណើរ​ទាំ​​ងអស់បានមកចូលចត និងមិនមានជំងឺកើតឡើង និងមានសុវត្ថិភាព។ សម្ដេចតេជោនា​​យក​រដ្ឋមន្ត្រី​បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានយកចិត្តទុកដាក់​ចំពោះអ្នកធ្វើដំណើរ​តាមនាវា ដែលមិនត្រឹមតែរៀបចំជប់លៀង និងយកចិត្តទុកដាក់​លើសុខ​ភាពប៉ុណ្ណោះទេ​ថែម​ទាំ​ងបានរៀបចំយន្តហោះ ​ឱ្យអ្នកដំណើរទាំងនោះបានវិលត្រឡប់​ទៅកាន់​ប្រទេសគាត់វិញផង​ដែរ។ សម្ដេចតេជោបានបន្ថែមទៀតថា អ្វីដែលគួរឱ្យ​កត់សម្គាល់មាន​បី​ចំណុច ទី​១ សម្ដេចបានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានគិតដល់​កម្ពុជាពាក់ព័ន្ធនឹង​ការងា​រម​នុ​​​ស្សធម៌ ​នៅពេលដែលការងារមនុស្សធម៌ត្រូវការចាំបាច់​បំផុត ក្រុមហ៊ុនបានមក​ដល់កម្ពុជា​ដើម្បីអនុញ្ញាតឱ្យកម្ពុជាទទួលធ្វើការងារមនុស្សធម៌បម្រើដល់មនុស្សជាតិ។ ទី២ សម្ដេចតេជោ​បា​នធ្វើការកត់សម្គាល់ថាអ្វីដែលក្រុមហ៊ុនបានធ្វើនោះ ​ពិតជាការយកចិត្តទុក​ដាក់​ខ្ពស់ចំពោះ​អ្នកដំណើរនៅក្នុងនាវានោះ និងទី០៣ ដែលជាកត្តាសំខាន់នោះ គឺទាំង​អ្នក​ធ្វើដំណើរ ទាំងអ្នក​គ្រប់​គ្រង និងអ្នកបើកបរនាវា រួមទាំងអាជ្ញាធរដែនដី គឺបានសហការគ្នាល្អ​ធ្វើយ៉ាង​ណា​បាន​ជួ​យ​ដល់អ្នកធ្វើដំណើរតាមនាវានេះ។ ជាមួយគ្នានេះ នៅក្នុងរយៈពេល​មួយ​ថ្ងៃ ឬពីរថ្ងៃទៀតពួក​គាត់​នឹង​បា​នវិលត្រឡប់ទៅកាន់ប្រទេសគាត់វិញ៕

ដោយ ជឹម ណារី