​អត្តពលិកទ្រីយ៉ាត្លុងកម្ពុជាត្រៀមចេញទៅប្រកួត Asian Cup នៅថៃ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ — អត្តពលិកកីឡាទ្រីយ៉ាត្លុងកម្ពុជា បានបង្កើនការហ្វឹកហាត់ត្រៀមយ៉ាងសកម្មដើម្បី ត្រៀមចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ Triathlon Asian Cup ប្រចាំឆ្នាំ២០២០ នៅខេត្ត រ៉ាកយ៉ង ប្រទេសថៃ ដែលគ្រោងនឹងដំណើរការចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។ លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ថ្លែងប្រាប់ទីភ្នាក់ ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ព្រឹត្តិការណ៍អន្តរជាតិនេះ មានកីឡាករ កីឡាការិនីចូលរួមច្រើនជាង១០ប្រទេស។

លោកបញ្ជាក់ថា ប្រតិភូកីឡាទ្រីយ៉ាត្លុងកម្ពុជាមានចំនួន៧នាក់រួមមាន៖ លោក ចេង ចាន់ដារ៉ា ប្រតិភូ, លោក អៀ តារា គ្រូបង្វឹក, និងកីឡាករ មានអ៊ួង លីម៉េង, សុខ សំណាង និងចេង សុវណ្ណបញ្ញាសិដ្ឋ រីឯកីឡាការិនីមាន២នាក់ គឺកីឡាការិនី ហ៊ោ ធីតា និងកីឡាការិនី ផល ស្រីភួង។ សម្រាប់ការស្នាក់នៅ  និងម្ហូបអាហារ គឺភាគីម្ចាស់ផ្ទះថៃអ្នកជួយចេញ ហើយ ក្រសួងអប់រំ យុវជន និងកីឡាបានជួយឧបត្ថម្ភប្រាក់ តាមគោលការណ៍ ក្នុង១ថ្ងៃ ២០ដុល្លារ សហរដ្ឋអាមេរិក។ រីឯសាហ៊ុយធ្វើដំណើរដោយរថយន្ត ជួសជុលសម្ភារប្រកួត និងចំណាយ ផ្សេងៗ គឺជាការចំណាយរបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា។

លោកអះអាងថា ដំបូងសហព័ន្ធគ្រោងលុបចោលមិនចូលរួម ដោយខ្លាចវីរុសកូរ៉ូណាថ្មី ដែលកំពុងបង្កក្តីព្រួយបារម្ភនៅលើពិភពលោក ប៉ុន្តែក្រោយមកទើបសម្រេចចិត្តយកគំរូតាម សម្តេចតេជោ ហ៊ុន សែន ដែលមិនខ្លាចនឹងជំងឺនេះ និងដើម្បីបំបាត់ការភ័យខ្លាចរបស់យើង។

លោក ងិន​ សុខបញ្ញា បញ្ជាក់ថា ការចេញទៅប្រកួតលក្ខណៈអន្តរជាតិ នឹងជួយជំរុញ បន្ថែម ដល់គុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីជម្រើសជាតិ កម្ពុជាកាន់តែល្អ ប្រសើរបន្ថែមទៀត ជាពិសេសគឺគោលដៅបង្កើនការអភិវឌ្ឍរយៈពេលវែង ដែលព្រះរាជាណា ចក្រកម្ពុជាកំពុងរៀបចំផែនការអភិវឌ្ឍន៍ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ៕

ដោយ ហេង ណាលីន