ឯកអគ្គរាជទូតស៊ុយអែត កត់សម្គាល់អំពីដំណើរការនៃការរៀបចំ និងតាក់តែងសេចក្ដីព្រាង​ច្បាប់​ស្ដីពីសិទ្ធិទទួលព័ត៌មានគឺមានភាពល្អប្រសើរ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តម Bjorn Haggmark ឯកអគ្គរាជទូត នៃប្រទេសស៊ុយអែតប្រចាំកម្ពុជា​បានកត់សម្គាល់​ឃើញថា ដំណើរការនៃការរៀបចំ និងតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួល​ព័ត៌មាននេះ​គឺមានភាពល្អប្រសើរ និងបានបើកទូលាយក្នុងការផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធបានចូល​រួម​ពិភាក្សា និងផ្ដល់យោបល់ទៅលើសេចក្ដីព្រាងច្បាប់នេះ។ ការលើកឡើងរបស់ឯកឧត្តម ឯកអគ្គរាជទូតនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការ​ក្រសួងព័ត៌មាន។

ឯកឧត្តម Bjorn Haggmark បានបង្ហាញក្ដីជឿជាក់ថា តាមរយៈក្រសួងព័ត៌មាន ច្បាប់​ស្ដីពីសិទ្ធិទទួលព័ត៌មាននេះ នឹងត្រូវបាន​អនុម័តក្នុងពេលឆាប់ៗនេះ ហើយការអនុវត្ដច្បាប់នេះ ក៏នឹងទទួលជោគជ័យផងដែរ។

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានមានប្រសាសន៍ថា រហូតមកដល់​ពេលនេះ សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន គឺកំពុងស្ថិតនៅក្នុងការពិភាក្សា​រវាង​ក្រសួងព័ត៌មាន និងក្រសួងយុត្ដិធម៌នៅលើចំណុចទោសបញ្ញត្ដិ។ ឯកឧត្ដមបានបញ្ជាក់ថា តាមរយៈកិច្ចពិភាក្សាគ្នានេះ គឺនៅមានចំណុចមួយចំនួនដែលយើងត្រូវកែសម្រួលឱ្យ​ស្របទៅ​នឹងច្បាប់ដែលមានជាធរមាន ហើយអាចឱ្យក្រសួងយុត្ដិធម៌ផ្ដល់ជាយោបល់​លើផ្នែកច្បាប់​ផងដែរ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ក្រោយពីបញ្ចប់ពីក្រសួងយុត្ដិធម៌រួច​សេចក្ដីព្រាងច្បាប់​នេះ នឹងបញ្ចូនទៅទីស្ដីការគណៈរដ្ឋមន្រ្ដី ទៅតាមនីតិវិធីជាបន្ដបន្ទាប់ផងដែរ។

ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស៊ុយអែតដែលបានផ្ដល់ជំនួយទាំងបច្ចេកទេស និងហិរញ្ញវត្ថុដល់ការកសាង និងតាក់តែងសេចក្ដីព្រាងច្បាប់នេះ។ ជាមួយ​គ្នានេះ ឯកឧត្ដម ខៀវ កាញារីទ្ធ បានបន្ថែមទៀតថា កម្ពុជា និងស៊ុយអែត នឹងនៅតែមានកិច្ច​សហប្រតិបត្ដិការជាបន្ដបន្ទាប់ទៀត ទាក់ទងនឹងការផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់ស្ដីពី​សិទ្ធិ​ទទួលព័ត៌មាននេះ៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា