សម្ដេចតេជោ ហ៊ុន សែន ហៅករណីនាវា W​​es​ter​da​m ជាវិបត្តិមនុស្សធម៌ដែលកម្ពុជាត្រូវ ធ្វើកិច្ចការងារនេះជាបន្តទៅទៀតរហូតដល់ចប់ចុងចប់ដើម

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានហៅ​ករ​ណី​នាវា W​​es​ter​da​m ជាវិបត្តិមនុស្សធម៌ដែលកម្ពុជាត្រូវធ្វើកិច្ចការងារនេះជាបន្តទៅទៀត រហូ​ត​​ដល់ ចប់ចុងចប់ដើម ដើម្បីរួមចំណែកដោះស្រាយវិបត្តិមនុស្សធម៌។

ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ​២០១​៨​-២០១៩ ចំនួនជិត២,០០០នាក់ នៅវិទ្យាស្ថានជាតិអប់រំ សម្ដេចតេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​លើ​កឡើងថា “ប្រសិនបើជាមកដល់ពេលនេះកម្ពុជាមិនឱ្យនាវា​​ទេសចរណ៍ W​​es​ter​da​m ចូលចត តើ​​មក​ដល់ម៉ោងនេះ ជោគវាសនានៃនាវាដ៏ធំមួយនេះ និងមនុស្សជាង​២,០០០នា​ក់នេះ តើពួក​គេ​​កំ​ពុងកើតរឿងអ្វី។ ខ្ញុំហៅថានេះជាវិបត្តិមនុស្សធម៌ លើបញ្ហានាវា Weste​rd​a​m​”។ សម្ដេចតេជោបានបញ្ជាក់ថា ព្រោះថា ទៅ​កន្លែងនេះគេមិនឱ្យចូលចត ទៅ​កន្លែងនោះគេមិនឱ្យចូលចត ហើយម្យ៉ាងទៀតស្បៀង​ដែ​ល​នៅលើនាវាក៏ជិតអស់ តើមនុស្ស​នៅលើនាវានោះកើតរឿងអ្វី រឿងនេះមិនមែនជារឿង​សា​ម​ញ្ញា​​នោះទេ។ សម្ដេចតេជោ​នាយក​រដ្ឋមន្ត្រីថ្លែងបន្តថា ពេលដែលកម្ពុជាសម្រេចចិត្តឱ្យនាវា W​​​es​​​ter​da​m ចូលចត ភាគច្រើនប្រជា​ជនកម្ពុជារបស់យើងគាំទ្រដៃគូរបស់យើងដែល​ជា​មិ​ត្ត​​ភក្ដិនៅក្រៅប្រទេស និងអង្គការអន្តរ​ជាតិ​នានាក៏បានគាំទ្រ ពីកាយវិការមនុស្សធម៌របស់​កម្ពុ​ជា ក៏ប៉ុន្តែក៏នៅមានមនុស្សមួយចំនួន​ចាត់ទុកថាកម្ពុជានាំជំងឺចូលក្នុងស្រុក។ សម្ដេចតេ​ជោ​​គូ​ស​​បញ្ជាក់ទៀតថា  “ប៉ុន្តែឥឡូវ​នេះ​​ខ្ញុំ​ចោទចេញជាសំណួរថា មកដល់ម៉ោងនេះតើប្រជាជនកម្ពុជា​ណា​ម្នាក់បានឆ្លងមេរោគ COVID-19 នេះហើយឬនៅ នេះជាសំណួរទីមួយ។ សំណួរទីពីរ តើ​ទេ​ស​ចរ​ណាម្នាក់​មាន​ជំងឺនេះហើយ ឬនៅក្នុងពេលស្នាក់នៅកម្ពុជា គឺអត់ទាន់មានទេ។” សម្ដេចតេជោបាន​លើក​ឡើង​ថា កម្ពុ​ជា​​​មានការទទួលខុសត្រូវចំពោះសុខុមាលភាពរបស់ប្រជាជន ព្រមជាមួយគ្នា​និងការ​​ទទួ​ល​​ខុ​ស​ត្រូវលើសុខុមាលភាពរបស់ទេសចរ ដែលកម្ពុជាឱ្យចូល ដោយមានការត្រួត​ពិនិ​ត្យ​សុ​ខុ​​មា​​លភាពជាក់លាក់របស់យើង ដោយវិទ្យាស្ថានប៉ាស្ទ័រ រួមជាមួយនឹងអង្គការ​សុខ​ភាព​​ពិ​ភ​ព​លោ​​​កដែលនៅជាមួយយើង។ សម្ដេចតេជោបានគូសបញ្ជាក់បន្ថែមថា ករណី​កើ​ត​​ឡើង​​នៅឯម៉ាឡេស៊ី វាប្រាកដហើយ ឬនៅ។ បញ្ហាដែលត្រូវចោទសួរនៅត្រង់ថា មនុស្ស​​រា​ប់​រ​យ​​នាក់ដែលបានចេញទៅដល់ស្រុកកំណើតហើយ មនុស្សរាប់រយនាក់ដែលកំពុងនៅកម្ពុជា និ​ង​​នៅលើនាវា អត់ទាន់មានអ្នណាមួយចេញរោគសញ្ញា COVID-19ទេ។ សម្ដេចតេជោ​ថ្លែ​ង​ទៀតថា​ ប្ដីរបស់ស្ត្រីជនជាតិអាម៉េរិកអាយុ៨៣ឆ្នាំ ដែលដេកជាមួយគ្នា និងស៊ីជាមួយគ្នា បែរជា​ទៅ​អ​ត់​មានរោគ កើតរោគអ្វីតែម្នាក់ នេះជាសញ្ញាដែលត្រូវចោទសួរ។ សម្ដេចតេជោ​បានឱ្យ​ដឹងទៀតថា រឿងនេះច្បាស់ណាស់ថា ប្រ​សិនបើអង្គការសុខភាពពិភពលោក ដោយមាន​ការសហការពេញលេញពីអាជ្ញាធរម៉ាឡេស៊ី គេ​នឹងអាចរកឃើញបញ្ហានេះពិតប្រាកដ តើវា COVID-19ពិត ឬយ៉ាងម៉េច។ សម្ដេចតេជោបានកត់សម្គាល់​ថា រឿងកើត COVID-19 មួយ​ករណីដែលចេញពីកាប៉ាល់ W​​es​ter​da​m ​មិនមែនកើតនៅ​កម្ពុ​ជា​ទេ គឺទៅរកឃើញ​នៅ​ម៉ាឡេស៊ី ដែលអ្នកទាំងនោះបានហោះចេញពីព្រលាន​យន្តហោះ​កង​កេ​ង ខេត្តព្រះសីហនុ​ទៅម៉ាឡេស៊ីតែម្ដង ហើយករណីនេះចម្លែកបន្តិចនៅត្រង់ថា មនុស្សដទៃ​ដែ​លនៅជាមួយ​អត់មានកើត រាប់ទាំងប្ដីដែលដេកជាមួយគ្នា បា​យទឹកជាមួយគ្នា កាន់ដៃគ្នា ប្ដី​អត់​​កើត ប្រពន្ធ​បែរកើត COVID-19។ សម្ដេចតេជោបានថ្លែងបន្ថែមថា “នេះជាករណីដែលខ្ញុំគិតថា វាជាបញ្ហា​ដែលអង្គការ​សុខ​ភា​ព​ពិភពលោក និងម្ចាស់នាវាក៏ដូចជា ក្រសួងសុខាភិបាលកម្ពុជា សហការ​ជាមួយខាង​ម៉ា​ឡេ​ស៊ី ដើម្បីស្វែងរកតទៅទៀត”។

ទោះជាយ៉ាងណាក៏ដោយសម្ដេចតេជោក៏បានសង្កត់ធ្ងន់ថា កម្ពុជា​យ​​ក​ការទទួល​ខុស​ត្រូវ ក្នុងឋានៈជាអ្នកអនុវត្តន៍នូវគោលការណ៍មនុស្សធម៌មួយ ​ចំពោះពលរដ្ឋ​នៃប្រទេសដទៃ ដែលកម្ពុជា ជាសមាជិកនៃអង្គការស​​ហ​ប្រជាជាតិ ជាសមាជិកនៃអង្គការ​សុ​ខ​ភា​ពពិភពលោក និងជាបណ្ដាញនៃការទទួលខុសត្រូវ នេះ​ជាកិច្ចការដែលកម្ពុជាត្រូវតែធ្វើ វា​ជា​កាតព្វកិច្ច​មនុស្សធម៌ ជាការទទួលខុសត្រូវខាងសីលធម៌ វាជាការរួមចំណែកសាមគ្គីភាព ដើ​ម្បីដោះ​ស្រាយបញ្ហា ដែលជាបញ្ហាប្រឈមថ្នាក់តំបន់ និងសកល អំពីវីរុស COVID-19។ ដូ​ច្នេះ​​កម្ពុជា​ត្រូវធ្វើកិច្ចការងារនេះជាបន្តទៅទៀត រហូតដល់ចប់ចុងចប់ដើម ដើម្បីរួមចំណែក​ដោះ​​ស្រាយ​វិបត្តិមនុស្សធម៌។ សម្ដេចតេជោនាយករដ្ឋមន្ត្រីរំពឹងទុកថា ភ្ញៀវនៅលើនាវា W​​es​te​r​da​m នឹង​ចាក​ចេញទៅដល់គោលដៅប្រកបដោយសុវត្ថិភាព។

គួរបញ្ជាក់ដែរថា នាវាទេសចរណ៍របស់អាម៉េរិក Westerdam ដែលផ្ទុកមនុស្សជាង​២​ពាន់​នាក់ ភាគច្រើនជាងជនជាតិអាម៉េរិក និងអឺរ៉ុប បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នា​ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែ​ន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលរហូតមកដល់ពេលនេះ ភ្ញៀវទេសចរនៅ​លើ​នា​វា Westerdam ប្រមាណ១,០០០នាក់ហើយ បានចាកចេញពីប្រទេសកម្ពុជាទៅ​កាន់ប្រ​ទេ​ស​កំ​ណើត ខណៈទាំងអ្នកបម្រើការងារ និងទេសចរលើនាវានៅសល់ប្រមាណ១,០០០នាក់។ ក្នុ​ង​អំឡុងពេលស្នាក់នៅបណ្ដោះអាសន្ននេះភ្ញៀវទេសចរទាំងអស់ ត្រូវបានយកចិត្តទុកដាក់​ខ្ព​ស់​ ពីអាជ្ញាធរ និងសមត្ថកិច្ចរបស់កម្ពុជា៕

ជឹម ណារី