ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អបអរសាទរកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែ​ងនូវការ​អបអរសាទរជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃសាធារ​ណ​រដ្ឋ​​​ប្រជាមានិតចិន ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19 (មេរោគកូរ៉ូណាថ្មី) ហើយ​សង្ឃឹ​មថា​សភាពការណ៍នេះអាចនឹងរំលត់បានក្នុងរយៈពេលដ៏ខ្លី។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ​២០១​៨​-២០១៩ ចំនួនជិត២,០០០នាក់ នៅវិទ្យាស្ថានជាតិអប់រំ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ពីម្សិលមិញខាងប្រទេសចិនបានប្រកាសថាខ្លួនបានស្វែករកឱសថដែលអាចព្យាបាលជំងឺនេះបានតាមរយៈប្រើប្រាស់នូវថ្នាំព្យាបាលជំងឺគ្រុនចាញ់ នេះជាព័ត៌មាន។ សម្ដេចតេជោបាន​បន្ដ​ថា ប្រសិនបើព័ត៌មាន​នេះ​វា​ជា​ការពិត ហើយព្យាបាលមនុស្សជា សម្ដេចគិតថាសភាព​ការណ៍អាចនឹងរំលត់បានក្នុង​រយៈ​ពេ​ល​ដ៏​ខ្លី។ ដូច្នេះយើងពិតជាមានការរីករាយ​ជាមួយនឹង​ព័ត៌មាននេះ។ សម្ដេចតេជោក៏បានថ្លែងនូវ​កា​រ​ចូ​​លរួមរំលែកមរណៈទុក្ខជាមួយនឹងរដ្ឋាភិបាល ក៏ដូចជា​មួយនឹងប្រជាជនចិន និងប្រទេស​មួ​យ​​ចំនួនដែលមានប្រជាពលរដ្ឋបាត់បង់​ជីវិត​ដោយជំងឺ COVID-19 (មេរោគកូរ៉ូណាថ្មី)​នេះផង​ដែ​រ។ សម្ដេចតេជោ ក៏បានអរគុណចំពោះ​រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែល​បាន​ជួ​យថែរក្សានៅនិស្សិតកម្ពុជា​ដែល​កំពុងរស់នៅទីនោះ រាប់ទាំងតំបន់វូហានចំនួន ២៣នាក់ ដែ​ល​ពួកគេកំពុងមានសុខ​ភាពល្អ​ធម្មតា។ ពាក់ព័ន្ធនិងនាវាទេសចរណ៍ Westerdam ស​ម្ដេ​​ច​​តេ​ជោ​​​ថ្លែ​ងថា ឥឡូវនេះភ្ញៀវ កំពុង​តែ​នៅទីក្រុងភ្នំពេញប្រមាណជា៥០០នាក់ ហើយថ្ងៃនេះ​តាម​ព័​ត៌​​មានត្រូវដឹកតាម​យន្តហោះ​ប្រភេទ ៧៧៧មួយគ្រឿង ដែលដឹកមនុស្សបានជាង៣០០នាក់ នឹ​ង​ដឹកចាក​ចេញពីទីក្រុង​ភ្នំពេញទៅឌូបៃ នេះបើតាមព័ត៌មានពីខាងនាវា។ ក្រៅពីនេះ នៅមាន​យ​ន្តហោះ​មួយគ្រឿង​ទៀត នឹងដឹកចេញពីទីក្រុងភ្នំពេញទៅកាន់ប្រទេសជប៉ុន ហើយអាច​នឹង​មាន​យន្តហោះមួយ​គ្រឿងទៀតដឹកចេញពីខេត្តព្រះសីហនុ ទៅកាន់រដ្ឋធានីប្រទេសណា​មួយ​នៅ​​ក្នុងតំបន់របស់​យើងនេះ។ សម្ដេចតេជោបានបន្តថា ការយឺតយ៉ាវនេះមិនមែនបាន​សេចក្ដីថា​មកពីអ្នក​ទាំ​ង​នេះ​មានជំងឺទេ ឬអ្នកទាំងនេះខ្វះការយកចិត្តទុកដាក់ពីរដ្ឋាភិបាល​ដែលជាម្ចាស់ផ្ទះ​នោះ​ទេ​​ ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថាសំបុត្រយន្តហោះ។

សូមបញ្ជាក់ថា នាវា Ms Westerdam មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ត្រូវបានរាជរ​ដ្ឋា​ភិបាលកម្ពុជាអនុញ្ញាតឱ្យចូលចតនៅកំពង់ផែក្រុងព្រះសីហ​នុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីជួយសម្រួលដោះស្រាយការងារចាំបាច់ផ្នែកមនុស្សធម៌ បន្ទាប់ពីបណ្តា​ប្រទេស និងកោះ​មួយចំនួនបដិសេធមិនឱ្យនាវានេះចូលចត ក្រោមហេតុផលថាខ្លាចឆ្លង​មេរោគ​Covid-19។ ​ក្នុងឱកាសចូលចតនៅកំពង់ផែក្រុងព្រះសីហនុ សម្តេចអគ្គមហាសេនា​បតីតេ​ជោ ហ៊ុន សែន ក៏បានអញ្ជើញមកជួបទទួលស្វាគមន៍អ្នកទេសចរ និងនាវិក​សរុបជាង​២,០០០នាក់ មកពី​ជិត​៥០ប្រទេសដែលជិះក្នុងនាវានេះ ដោយការស្រឡាញ់​មិនរើសអើង។ បន្ទាប់មកអជ្ញាធរ​កម្ពុ​ជា​​បានសម្រួលឱ្យអ្នកទេសចរជាង១,០០០នាក់ ខ្លះជិះ​យន្តហោះត្រឡប់​ទៅដល់ប្រទេសកំ​ណើ​ត​វិញ​ហើយ និងខ្លះទៀតកំពុងបន្តស្នាក់នៅទស្សនាប្រទេសកម្ពុជា។ សម្រាប់អ្នកនៅ​លើ​នា​​វាចុង​ក្រោយ ទាំងអ្នកដំណើរទេសចរណ៍ទាំងក្រុមនាវិកត្រូវបាន ដូច​ចំនួន​ខាងលើ អាជ្ញាធរ​សុ​ខាភិបាលកម្ពុជាកំពុងពិនិត្យធ្វើតេស្តសុខភាព មុននឹងអនុញ្ញាតឱ្យ​បន្តដំណើរត្រឡប់ទៅប្រ​ទេ​​ស​កំណើតវិញ៕

ដោយ ជឹម ណារី