មជ្ឈមណ្ឌលនវានុវត្តន៍នឹងត្រូវបង្កើតឡើងនៅក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រង

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០​ — រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា មជ្ឈមណ្ឌលនវានុវត្តន៍នឹង ត្រូវបង្កើតឡើងនៅក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រង បន្ទាប់ពីទទួលជំនួយគាំទ្រពីវិស័យ ឯកជនរបស់ប្រទេសចិនដែលបោះទុនវិនិយោគនៅកម្ពុជា អស់រយៈពេលជាង២០ឆ្នាំ មកហើយនោះ។

ថ្លែងប្រាប់បណ្តាញសារព័ត៌មាន ក្រោយពីអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខា យោគយល់គ្នារវាងសាកលវិទ្យាល័យជាតិគ្រប់គ្រង និងក្រុមហ៊ុនវិនិយោគចិន ហុង កុង ឈ្មោះថា សាន់វ៉ា គ្រុប(SUNWAH Group) នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៨ ខែកុម្ភៈនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា មជ្ឈមណ្ឌលនវានុវត្តន៍នេះ នឹងផ្តល់ឱកាសឱ្យកម្ពុជាធ្វើការអភិវឌ្ឍធនធានមនុស្ស លើផ្នែកសិក្សាស្រាវជ្រាវវិស័យវប្បធម៌ និងនវានុវត្តន៍ផ្នែកសាជីវកម្មឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងបរិបទនៃឧស្សាហកម្ម ជំនាន់ទី៤នាពេលខាងមុខ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្រសួងបានធ្វើកំណែទម្រង់វិស័យអប់រំ ដោយផ្តោត លើផ្នែកអេឡិចត្រូនិក និងវិស័យដែលមានតម្លៃបន្ថែមខ្ពស់ជាងនេះ ដើម្បីអាចឱ្យកម្ពុជាមានការអភិវឌ្ឍកាន់តែលឿនជាងបច្ចុប្បន្ននេះទៅទៀត។

បើតាមការបញ្ជាក់របស់លោកបណ្ឌិត ចូណាថាន ឆយ(Jonathan Choi) ប្រធាន ក្រុមហ៊ុន SUNWAH Group បានឱ្យដឹងថា មជ្ឈមណ្ឌលនវានុវត្តន៍នេះ អាចភ្ជាប់ទំនាក់ទំនងជាមួយបណ្តាមជ្ឈមណ្ឌលនានារបស់ក្រុមហ៊ុន SUNWAH ដែលមាននៅ ជុំវិញពិភពលោក។ លោកបន្តថា  គម្រោងនៃមជ្ឈមណ្ឌលនេះ នឹងធ្វើការកែលម្អអគារA នៅក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រងដោយការបំពាក់នូវជណ្តើរយន្តចំនួន២ ក្នុងទឹកប្រាក់ សរុបប្រមាណ៥០ម៉ឺនដុល្លារអាម៉េរិក។

ជាមួយគ្នានេះ ក៏អនុញ្ញាតឱ្យនិស្សិតកម្ពុជាទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅប្រទេសចិនក្នុងមួយឆ្នាំចំនួន៤នាក់ លើផ្នែកស្រាវជ្រាវវប្បធម៌ និងសាជីវកម្ម ដោយនិស្សិតដែលមានជំនាញផ្នែកអក្សរសាស្ត្រភាសាអង់គ្លេស២នាក់ ត្រូវបញ្ជូនឱ្យ ទៅសិក្សានៅសាកលវិទ្យាល័យមួយកន្លែង នៅក្នុងទីក្រុងម៉ាកាវ និងនិស្សិតដែល មានជំនាញផ្នែកអក្សរសាស្ត្រភាសាចិនចំនួន២នាក់ទៀត ត្រូវបញ្ជូនឱ្យទៅសិក្សានៅ សាកលវិទ្យាល័យមួយកន្លែងនៅក្នុងខេត្តក្វាងចូវ៕

ដោយ ងិន  សុផល