ក្រសួងទេសចរណ៍ស្នើសុំ​បើកការិយាល័យបន្ថែមទៀត ដែលមាន​សក្តានុពល និង​ចាំបាច់សម្រាប់វិស័យទេសចរណ៍

AKP ភ្នំពេញ ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២០ — ក្រសួងទេសចរណ៍បានស្នើសុំ​ការ​សម្រេចពីក្រសួងមហាផ្ទៃ ដើម្បីរក្សាទុកការិ យាល័យទេសចរណ៍ដែលមានស្រាប់នៅតាមក្រុង ស្រុក ខណ្ឌមួយចំនួន និងស្នើសុំ បើកការិយាល័យទេសចរណ៍បន្ថែមទៀតនៅតាមក្រុង ស្រុក ខណ្ឌ ដែលមាន សក្ដានុពលខ្លាំង និងចាំបាច់សម្រាប់វិស័យទេសចរណ៍ ខណៈមានការវាយតម្លៃឃើញថា ក្រុងទាំងអស់សុទ្ធតែចាំបាច់សម្រាប់វិស័យទេសចរណ៍។

នេះបើតាម​ការគូសបញ្ជាក់របស់ឯកឧត្តម ឌួង វីរៈ អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការដឹកនាំការងារវិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងទេសចរណ៍ (គ.ដ.វ.វ) ក្នុងសិក្ខាសាលាផ្សព្វផ្សាយ អនុក្រឹត្យស្ដីពីមុខងារ និងរចនាសម្ព័ន្ធ​រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងពិគ្រោះយោបល់លើ មុខងារដែលបានប្រគល់ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលបានធ្វើឡើងនៅ ទីស្ដីការក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

ឯកឧត្តមអនុរដ្ឋលេខាធិការ​បានមានប្រសាសន៍ថា ក្នុង​អំឡុង​ពេលពិភាក្សាលើ សេចក្ដីព្រាងអនុក្រឹត្យស្ដីពីរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ (អនុក្រឹត្យ៣ផ្សេងគ្នា) ក្រសួងទេសចរណ៍ធ្លាប់បានធ្វើសំណើទៅក្រសួងមហាផ្ទៃ ដើម្បីស្នើឱ្យរក្សាការិយា ល័យទេសចរណ៍ ដែលមានស្រាប់នៅតាមក្រុង ស្រុក ខណ្ឌរួចហើយនោះ គឺសូមរក្សាទុក។​ ចំពោះក្រុង ស្រុក ខណ្ឌមួយចំនួនទៀត ដែលចាំបាច់សម្រាប់វិស័យទេសចរណ៍ ហើយ មិនទាន់មានការិយាល័យទេសចរណ៍ គឺសូមបង្កើតឱ្យមានការិយា ល័យទេសចរណ៍ថ្មីៗបន្ថែមទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា​ អនុក្រឹត្យស្ដីពី រចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ បានបញ្ជាក់ច្បាស់ហើយថា អនុញ្ញាតឱ្យ ក្រសួងទេសចរណ៍ធ្វើសំណើទៅក្រសួងមហាផ្ទៃ ប្រសិនបើក្រុង ស្រុក ខណ្ឌ ណា មានសក្ដានុពលទេសចរណ៍ ហើយចាំបាច់ត្រូវបង្កើតការិយាល័យទេសចរណ៍ ដើម្បីសុំបើកការិយាល័យទេសចរណ៍ថ្មីនៅក្រុង ស្រុក ខណ្ឌនោះ។ តាមការវាយ តម្លៃរបស់ក្រសួងទេសចរណ៍ ក្រុងទាំងអស់នៅប្រទេសកម្ពុជា សុទ្ធតែមានសក្ដា នុពលទេសចរណ៍ទាំងអស់ ប៉ុន្តែដើម្បីបង្កើតការិយាល័យទេសចរណ៍បានការិយាល័យ នោះត្រូវមានខ្សែគណនេយ្យភាពចំពោះអភិបាលក្រុង ស្រុក ខណ្ឌរបស់ខ្លួន។

ជាមួយគ្នានេះដែរ ឯកឧត្តមបាន​គូសបញ្ជាក់បន្ថែមទៀតថា ខុសគ្នាត្រង់ថា ពីមុនការិយាល័យទេសចរណ៍ត្រូវមានខ្សែគណនេយ្យភាពត្រង់ទៅមន្ទីរទេសចរណ៍រាជធានី-ខេត្ត ឬត្រង់មកក្រសួងទេសចរណ៍ផ្ទាល់ ប៉ុន្តែបច្ចុប្បន្នអត់ធ្វើដូច្នោះទេ ដើម្បីបើកការិ យាល័យទេសចរណ៍នៅតាមក្រុង ស្រុក ខណ្ឌបានការិយាល័យនោះត្រូវមានខ្សែ គណនេយ្យភាពត្រង់ទៅអភិបាលក្រុង ស្រុក ខណ្ឌនោះ៕

ដោយ ទេស ច័ន្ទសុធារី