កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពត្រៀមរៀបចំសម្រាប់កម្មវិធីប្រជុំលើកទី៣៩ នៃក្រុមការងារសម្របសម្រួលការដឹកជញ្ជូន អាស៊ាន

AKP ភ្នំពេញ ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០ — ប្រភពពីក្រសួង​សាធារណការ និង​ដឹកជញ្ជូនបាន​ឱ្យដឹងថា​ កាល​ពី​ព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដម ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសម្រាប់ កម្មវិធីប្រជុំលើកទី៣៩ នៃក្រុមការងារសម្របសម្រួលការដឹកជញ្ជូន អាស៊ាន (39th ASEAN TFWG) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ និងមន្ត្រីទទួលបន្ទុក ក្នុងការរៀបចំកិច្ចប្រជុំនេះផងដែរ។

ប្រភពដដែលបាន​គូសបញ្ជាក់ថា​ កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រួតពិនិត្យ វឌ្ឍនភាពនៃការរៀបចំរបស់គណៈកម្មការទទួលបន្ទុក ដែលបាន ត្រៀមលក្ខណៈអស់រយៈកាលកន្លងមក ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ ក៏ដូចជាប្រមូលធាតុ ចូលបន្ថែមទៀតពីអង្គប្រជុំ សំដៅឱ្យការរៀបចំកិច្ចប្រជុំប្រព្រឹត្តទៅ ដោយរលូន និងទទួលលទ្ធផលខ្ពស់តាមការគ្រោងទុក។

នៅក្នុង​ឱកាសនោះ​ ឯកឧត្ដមរដ្ឋលេខាធិការបានស្នើឱ្យគណៈកម្មការ ទទួលបន្ទុកសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ និងសហការ ជាមួយស្ថាប័នពាក់ ព័ន្ធឱ្យបានជិតស្និទ្ធ ដើម្បីជៀសវាងការឆកល្វែងនូវប្រការណាមួយដោយចៃដន្យ ព្រមទាំងពន្លឿនការងាររបស់ខ្លួន ជាពិសេសត្រូវបំពេញចំណុចសេសសល់ឱ្យបាន ចប់សព្វគ្រប់តាមកាល កំណត់ប្រកប​ដោយ​ស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា កិច្ចប្រជុំលើកទី៣៩នៃក្រុមកាងារសម្រប សម្រួលការដឹកជញ្ជូនអាស៊ាន (39th ASEAN TFWG) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ក្នុងទឹកដីខេត្តសៀមរាប៕

ដោយ ទេស ច័ន្ទសុធារី