អារ៉ាប៊ីសាអូឌីត ប្រកាសជួយបណ្តុះបណ្តាលមន្រ្ដីក្រសួងព័ត៌មានលើជំនាញផ្នែកសារព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ — បន្ទាប់ពីមានសំណើពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកអគ្គរាជទូតប្រទេសអារ៉ាប់ប៊ីសាអូឌីតបាន​ប្រកាសយល់ព្រមជួយបណ្តុះបណ្តាលជំនាញផ្នែកសារព័ត៌មានដល់មន្ត្រីនៅក្នុងក្រសួងព័ត៌ មាន ដើម្បីបង្កើន​សមត្ថ​ភាព​លើជំនាញសារព័ត៌មានឱ្យបានកាន់តែរឹងមាំថែមទៀត។ នេះបើ​តាការ​បញ្ជាក់ឱ្យដឹងពី​ឯកឧត្ដម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួង​ព័ត៌មាន បន្ទាប់ពីជំនួប​រវាងឯកឧត្តម Saud Fahd Al-Suwailem ឯកអគ្គរាជទូត នៃ ព្រះរា​ជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេស​វៀតណាម ចូលជួបសម្តែង​ការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

ឯកឧត្តម Saud Fahd Al-Suwailem បាន បានវាយតម្លៃខ្ពស់ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែលបានបើកឱកាស និងមិនអើសអើងក្នុងការគោរពសាសនា ដោយគ្មានការរើសអើង​ពូជសាសន៍ ឬជំនឿ សាសនា ហើយ អារ៉ាប៊ីសាអូឌីត នឹងធ្វើការពង្រឹងកិច្ចសហប្រតិបតិ្ត​ការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្ដមបានបញ្ជាក់ថា គោលបំណង​របស់អារ៉ាប៊ីសាអូឌីតគឺចង់ឃើញពិភពលោកមានសន្តិភាព ហើយរាល់ជំនួយរបស់​អារ៉ាប៊ីសា​អូឌីត គឺក្នុងភាពជាមនុស្សធម៌ ហើយឆន្ទៈរបស់អា រ៉ាប៊ីសាអូឌីតគឺចង់ធ្វើទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការជាច្រើនជាមួយកម្ពុជាលើវិស័យនានា ទាំងផ្នែកទេចរណ៍ សេដ្ឋកិច្ច វប្បធម៌ និងព័ត៌មានផងដែរ។

ឯកឧត្ដមឯកអគ្គរាជទូតក៏បានស្នើឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួយសម្របសម្រួល និងគាំទ្រនូវការចុះអនុស្សរណៈយោគយល់គ្នារវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)ជាមួយទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីតក្នុងគោលបំណងផ្លាស់ប្តូរសារព័ត៌មាននៃប្រទេសទាំង ពីរក៏ដូចជាការលើកកម្ពស់ការយល់ដឹងរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ខៀវ កាញារីទ្ធ បានឯកភាពចំពោះសំណើរនេះ និង បាន​ស្នើភាគីអារ៉ាប៊ីសាអូឌីត អាចពង្រីកកិច្ចសហប្រតិបត្តិការនេះ ជាមួយទូរទស្សន៍ជាតិកម្ពុជា និង ស្នើសុំឱ្យប្រទេសអារ៉ាប៊ីសាអូឌីតជួយបណ្តុះបណ្តាលធនធានមនុស្សផ្នែកវិស័យសារព័ត៌មានពិសេសអ្នកចេះភាសាអារ៉ាប់ ដើម្បីធ្វើយ៉ាងណាឱ្យការផ្សព្វផ្សាយភាសាអារ៉ាប់ នៅកម្ពុជា បាន​កាន់តែទូលំទូលាយថែមទៀត។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា​គឺមានវិទ្យុផ្សាយជាភាសាចាមនៅក្នុងរាជធានីភ្នំពេញ និង​បណ្តាខេត្តមួយចំនួន ហើយក៏បន្ដ​ពង្រីកការផ្សាយនៅតាមបណ្ដាខេត្ដមួយចំនួនទៀត។

ចំពោះសំណើសុំរបស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងព័ត៌មាន ឯកឧត្តម Saud Fahd Al-Suwailem បានឆ្លើយតបថា អារ៉ាប៊ីសាអូឌីត​នឹងទទួលយកសំណើពីឯកឧត្ដមរដ្ឋមន្រ្ដី​ក្រសួង​ព័ត៌មានដើម្បីជួយធ្វើការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសារព័ត៌មានដល់មន្ត្រីក្រ សួងព័ត៌មាន ហើយជាងនេះទៀតមិនត្រឹមតែអ្នកចេះជំនាញភាសា អារ៉ាប់ទេ​គឺបណ្តុះ​បណ្តាលជំនាញផ្នែកសារព័ត៌មានទាំងមូលតែម្តង។ ទាក់ទិននឹងការរៀបចំនីតិវិធី និងដំណើរ​ការនៃចុះអនុស្សរណៈយោគយល់គ្នា ក៏ដូចជាការបញ្ជូនមន្ត្រីដើម្បីទៅធ្វើការ បណ្តុះបណ្តាល​នៅប្រទេសអារ៉ាប៊ីសាអូឌីតនោះភាគីទាំងពីបានឯកភាពប្រគល់ជូនក្រុមការងារជំនាញនៃប្រទេសទាំងពីរធ្វើកិច្ចការងារនេះ។

ឯកឧត្ដមឯកអគ្គរាជទូតបានបន្ថែមថា អារ៉ាប៊ីសាអូឌីតនៅតែបន្តក្នុងការគាំទ្រ និងផ្តល់​ជំនួយផ្សេងៗក៏ដូចជាបច្ចេកទេសផ្សេងៗដល់ក្រសួងព័ត៌មាន បើសិនក្រសួងត្រូវការនោះ។

សូមជម្រាបផងដែរថា គិតមកដល់ពេលបច្ចុប្បន្ននេះ​មាននិស្សិតកម្ពុជា៨៥នាក់​បាន​និងកំពុងសិក្សា និងស្នាក់នៅ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់សិក្សាគ្រប់ជំនាញ​ទាំង​អស់៕

ដោយ ប៊ុនរិទ្ធ រូបថត៖ ខឹម សុវណ្ណារ៉ា