ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា គ្មានការឆ្លើយតបទាក់ទិននឹងការ​សម្រេច​ព្យួរការអនុគ្រោះពន្ធទៅសហភាពអឺរ៉ុបនោះទេ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា គ្មានការឆ្លើយតបទៅកាន់សហភាពអឺរ៉ុបចំពោះ​ការ​សម្រេចព្យួការអនុគ្រោះពន្ធលើការនាំចូល​ទីផ្សារ​អឺរ៉ុបពីកម្ពុជានោះទេ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិត បញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុបចំនួន១,៩៧៧នាក់  នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិទ្យាសា្ថនជាតិអប់រំ សម្ដេច​​តេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចនោះកម្ពុជាមិន​មែន​មកពី ​EBA នោះទេ គឺទីផ្សាកម្ពុជានៅតែមានទៅកាន់សហភាពអឺរ៉ុបដដែល។ សម្ដេចតេជោ​បាន​ថ្លែងថា “សេចក្តីថ្លែងការណ៍លើបញ្ហា EBA ក៏នឹងធ្វើថ្ងៃ៣១ ខែកុម្ភៈ ឆ្នាំ២០២០ដែរ ព្រោះខ្ញុំមិននិយាយអ្វីទេ។ ម្សិលមិញខ្ញុំបាននិយាយ ក្នុងអង្គប្រជុំថា​ខ្ញុំទទួលយករបស់​អ្នកតែ​សុំឱ្យ​អ្នកទទួលយកការសម្រេចរបស់កម្ពុជាផងដែរ”។ សម្ដេចតេជោបានបន្ដថា សហភាអឺរ៉ុប មាន​សិទ្ធិសម្រេចដកអនុគ្រោះពន្ធពីកម្ពុជា តែកម្ពុជាក៏មានសិទ្ធិសម្រេចរបស់ខ្លួនដែរ។ “មិន​មានអ្វីតបតនោះទេ ព្រោះនេះជាសិទ្ធិក្នុងដៃគេ  ប៉ុន្តែគេក៏ត្រូវគោរពសិទ្ធិក្នុងដៃយើងដែរ”។ សម្ដេចតេជោបានបញ្ជាក់បន្ថែម។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមថា ខ្មែររស់យ៉ាងវេទនាណាស់ទម្រាំមកដល់​ពេលនេះ  ដូច្នេះការសម្រេចនេះ ត្រូវបង់ពន្ធឱ្យគេ ដោយក្នុងមួយឆ្នាំជាង១០០លានដុល្លារ៕

ដោយ ប៊ុនរិទ្ធ