សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា មិនមាននិស្សិតកម្ពុជានៅទីក្រុងវូហាន ស្លាប់​ដោយ​សារ​ឆ្លងជំងឺកូរ៉ូណាថ្មីនោះទេ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​គូសបញ្ជាក់ថា គ្មានករណីនិស្សិតកម្ពុជាស្លាប់ នៅទីក្រុងវូហាន ប្រទេសចិន ដោយសារ​ឆ្លង​ជំងឺកូរ៉ូណាថ្មី(COVID-19) ដូចការផ្សព្វផ្សាយនោះទេ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិត បញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុបចំនួន១,៩៧៧នាក់  នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិទ្យាសា្ថនជាតិអប់រំ សម្ដេច​​តេជោ ហ៊ុន សែន បានថ្លែងថា និស្សិតដែលកំពុងរស់នៅក្នុងទីក្រុងវូហាន​ចំនូន២៣​នាក់ គឺមានសុខភាពល្អជាធម្មតា  ដោយមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលចិនយ៉ាងខ្លាំង។ សម្តេចតេជោបានចោទសួរថាតើអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតថានិស្សិតកម្ពុជានៅចិនស្លាប់ម្នាក់នេះបានប្រយោជន៍អី ហើយជាងនេះទៀតថា សម្តេចឆ្លងជំងឺកូរ៉ូណាទៀត តើបាន​ប្រយោជន៍អ្វី។ សម្តេចតេជោក៏បានប្រាប់ទៅកាន់អ្នកដែលបំផុសព័ត៌មាន​មិនពិតវិញថា​បើនៅតែប្រមាថជីវិតគេអីចឹងប្រយ័ត្នរាសីស្រុតចុះធ្លាក់ទៅលើខ្លួនវិញ។

ការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្រ្ដីនេះ បន្ទាប់ពីហ្វេសប៊ុកមួយមាន​ឈ្មោះ​ថា Sovanno Chea បានបង្ហោះថាមាននិស្សិតខ្មែរដែលកំពុងរៀននៅប្រទេសចិន ក្នុង​ទីក្រុងវូហាន បានស្លាប់ម្នាក់ និងទាមទាឱ្យរាជរដ្ឋាភិបាលកម្ពុជាទទួលខុសត្រូវផងដែរ។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាមិនមែន​មាន ជំងឺឆ្លងកូរ៉ូណាកើតឡើងនោះទេ ប៉ុន្តែកើតមាននោះគឺទាល់តែកើតនៅថ្ងៃទី៣១ ខែកុម្ភៈ ឆ្នាំ២០២០។ សម្តេចតេជោបានបញ្ជាក់បន្ថែមថា “អ្នកខ្លះគេថាខ្ញុំនាំជំងឺចូលស្រុកខ្មែរ  សូម​ប្រាប់​ថា​ស្រុកខ្មែរមិនទាន់មានកើតជំងឺកូរ៉ូណាថ្មីនេះមួយទេ។ ប្រហែលជាដល់ថ្ងៃ៣១ ខែកុម្ភៈ​ទើបមានជំងឺនឹងកើតឡើង។ មើលយល់ទេអ្នកគ្រូ លោកគ្រូ នឹងហើយបើអត់មានថ្ងៃ៣១​ខែ​កុម្ភៈ​​នោះទេ គឺអត់មានជំងឺនឹងកើតឡើងទេ។”

ជាមួយគ្នានេះ សម្ដេចតេជោបានបន្ថែមថា កម្ពុជាមានសមត្ថភាពក្នុងការគ្រប់គ្រង​សភាព​ការណ៍ ក៏ដូចជាករណីជំងឺកូរ៉ូណានេះ។ ជាក់ស្តែងអ្នកទេចរដែលមកតាមនាវា​Westerdam ចតនៅព្រះសីហនុ មកស្នាក់នៅក្នុងសណ្ឋាគារសុខាភ្នំពេញ ពួកគាត់មិនមាន ជំងឺកូរ៉ូណាទេ៕

ដោយ ប៊ុនរិទ្ធ