សម្តេចតេជោ ហ៊ុន សែន៖ ខោ អាវ អាចនឹងឡើងថ្លៃ ខណៈប្រទេសមួយចំនួនដែលទទួល វត្ថុធាតុដើមពីប្រទេសចិន បានបិទរោងចក្រខ្លះៗហើយ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែងថា ប្រទេសមួយ ចំនួនបានបិទរោងចក្រខ្លះរួចហើយ​ដោយសារខ្វះវត្ថុធាតិដើម​នាំចូល​ពីប្រទេសចិន ដែលចំណុចនេះ អាចនឹងធ្វើឱ្យខោ អាវឡើងថ្លៃនៅពេលខាងមុខនេះ។

ក្នុងពិធីចែកសញ្ញាបត្រដល់គរុនិស្សិត បញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុប ១,៩៧៧ នាក់  នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិទ្យាស្ថានជាតិអប់រំ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា “សេដ្ឋកិច្ចកម្ពុជានឹងប៉ះពាល់ខ្លះហើយ មិនមែនកម្ពុជាទេ នៅអាស៊ី អឺរ៉ុបក៏ប៉ះពាល់ដែរ ឱ្យតែនាំចូលវត្ថុធាតុដើមពីប្រទេសចិន”។  សម្ដេចតេជោបានបន្ដថា ប្រទេ​សខ្លះបានកំពុងតែបិទទ្វាររោងចក្រខ្លះហើយ ដោយសាគ្មានវត្ថុធាតុដើម មកផលិត ព្រោះថា​ប្រទេសទំាងនោះ បានបិទជើងហោះហើរ ការដឹកនាំចូលតាមផ្លូវគោក និងផ្លូវទឹក។ ប៉ុន្តែ​កម្ពុជា​មិនបានបិទនោះទេ ហើយកម្ពុជាឆ្លៀតបានទិញវត្ថុធាតុដើម ដូចជា ក្រណាត់​ដែល​បាននាំចូលតាំងពីថ្ងៃបុណ្យចូលឆ្នាំចិនខ្លះៗដែរ។

សម្ដេចតេជោបានលើកឡើងថា ការសម្រេចដកការអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប​មកកម្ពុជានោះមិនបានប៉ះពាល់ដល់ការបិទទ្វាររោងចក្រនៅកម្ពុជានោះទេ។ ប៉ុន្តែអ្វី ដែលប៉ះ​ពាល់​ខ្លះនោះមិនថាកម្ពុជានោះទេ ប្រទេសនៅលើពីភពលោកគឺដោយសារជំងឺកូរ៉ូណាថ្មី ដែលពិភពលោកបានព្រួយបារម្ភ។ សម្ដេចតេជោបានអះអាងថា បើគេដកអនុគ្រោះពន្ធ កម្ពុជា​ នឹងបង់ពន្ធជូនគេ តែទីផ្សារកម្ពុជានៅសហភាពអឺរ៉ុបគឺនៅតែបើកសម្រាប់កម្ពុជាដដែល។

ជាមួយគ្នានេះ សម្ដេចតេជោបានប្រកាសជំហរថា​មិនធ្វើការឆ្លើយតបនឹងការសម្រេច​អនុ​គ្រោះ​ពន្ធនេះទេ ព្រោះថាកម្ពុជាត្រៀបបង់ពន្ធជូនគេរួចហើយដោយ​ចំណាយជាង១០០​លាន​ដុល្លារអាម៉េរិកក្នុងមួយឆ្នាំ៕

ដោយ  ប៊ុនរិទ្ធ