ប្រមុខរាជរដ្ឋាភិបាល អញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស-និស្សិត បញ្ចប់ការសិក្សាជិត២,០០០នាក់

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ​ ឆ្នាំ២០២០ — គរុសិស្ស-និស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុបចំនួន ១,៩៧៧នាក់ ក្នុង​នោះ​​មាន​នារី ៨១៥នាក់ ដែលបានបញ្ចប់ការសិក្សានាពេលកន្លងមក បានទទួលសញ្ញាបត្រពី សម្ដេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នា​ព្រឹ​ក​ថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០​២០​នៅ​វិទ្យាស្ថានជាតិអប់រំ។

របាយការណ៍របស់ក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថា និស្សិតដែលទទួល​ស​ញ្ញា​បត្រ​ រួមមាន និស្សិតអធិការអប់រំ៥៦នាក់ នារី០៩នាក់ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក​គ្រប់គ្រង  ​អ​ប់​រំ ៤០នាក់ នារី០៥នាក់ គ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញា+១) ចំនួន ៨៤៦នាក់ នារី ៣៩៣នាក់ គ្រូ​ប​ង្រៀនកម្រិតមូលដ្ឋាន(១២+២) ចំនួន​៣០នាក់ នារី ២០នាក់ គ្រូបង្រៀន​កម្រិតមូលដ្ឋាន​តាម​ប្រ​ព័ន្ធពន្លឿនចំនួន ១,០០៥នាក់ នារី ៣៨៨នាក់។

បើតាមឯកឧត្ដម សៀង សុវណ្ណា នាយកវិទ្យា​ស្ថា​ន​ជាតិ​អប់រំ បានឱ្យដឹងថា ការចែក​សញ្ញា​បត្រ​នៅថ្ងៃនេះ ជាការប្រគល់សញ្ញាបត្រលើកទី២២​ហើ​យ​ ដែលរាល់ការចែកសញ្ញា​បត្រ តែង​ទទួលបានការផ្តល់កិត្តិយសអញ្ជើញជាអធិប​តីពីស​​ម្តេចតេជោ ហ៊ុន សែន។ ឯកឧត្ដមបានឱ្យ​ដឹងទៀតថា ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ វិទ្យា​ស្ថា​ន​ជាតិអប់រំ បណ្តុះ​បណ្តាលគ្រូ និង​មន្ត្រីអប់រំបាន ៣ម៉ឺននាក់ និងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៩ បណ្តុះ​បណ្តាលគ្រូ និងមន្ត្រីអប់រំ​បានប្រមាណ២២,៣៦២នាក់ នារី៦,៨៦៦នាក់។ វិទ្យាស្ថាន​ជាតិ​អប់រំ គឺជាកន្លែង​បណ្តុះបណ្តាលមន្ត្រីអប់រំ និងគ្រូ ដ៏សំខាន់មួយសម្រាប់កម្ពុជា។ គរុសិស្ស និ​ស្សិត មន្ត្រីអប់រំ ដែលបញ្ចប់ការសិក្សា បានក្លាយជាធនធានដ៏ចាំបាច់ សម្រាប់ជួយ​ដល់​វិស័​យ​​អប់រំនៅកម្ពុជា និងជួយបណ្តុះបណ្តាលកូនខ្មែរឱ្យក្លាយជាធនធានដ៏សំខាន់​សម្រាប់រួម​ចំ​ណែ​ក​អភិវឌ្ឍន៍​ជាតិ។ បច្ចុប្បន្នកម្ពុជាមានបុគ្គលិកអប់រំសរុប ១២១,៦៨០នាក់ នារី ៥៦,១៦៣​នា​ក់​ ក្នុងនោះ​មន្ត្រី​ជាអ្នកបង្រៀនមានចំនួន ៩៣,៧០៣នាក់ ស្រី ៤៨,៨១០នាក់៕

ដោយ ជឹម ណារី