សម្ដេចតេជោ ហ៊ុន​ សែនបញ្ជាក់ថា ចំពោះនាវាទេសចរណ៍ដែល​មានអ្នកធ្វើដំណើរ ជាង ២០០០នាក់ ដែលបានមកដល់ទីសុវត្ថិភាពក្នុងទឹកដីកម្ពុជាហើយ បើសាម៉ីប្រទេសគេមិនទទួលទេ គឺកម្ពុជានឹងបន្តមើលថែពួកគេ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ —  នៅលើផេកផ្លូវការ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសរសេរថា កាលពីព្រឹកមិ​ញ​ថ្ងៃ​ទី១៧ ខែកុម្ភ: ឆ្នាំ២០២០ នៅក្នុងពិធីបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» នៅ​វិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍អំពី ជំងឺ COVID-19 (ឈ្មោះផ្លូវការនៃមេរោគកូរ៉ូណាថ្មី) ដែលកំពុងញាំញី និងអង្រួនសភាពការណ៍​នៅ​ក្នុងប្រទេសក្នុងតំបន់ និងពិភពលោកឱ្យមានការភ័យតក់ស្លុតរហូតបាត់​អស់នូវគុណធម៌ សី​លធម៌ មនុស្សធម៌ និងមិត្តភាពល្អជាមួយគ្នា។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ជំងឺពិតប្រាកដដែលយើងកំពុងប្រឈមមុខ​ជាក់ស្តែងនាពេលនេះ គឺជាជំងឺភ័យខ្លាចជ្រុល និងអំពើរើសអើងជាតិសាសន៍ជ្រុល រហូតដល់​បោះ​បង់ពលរដ្ឋខ្លួនឯងចោល។ ជាក់ស្តែងដូចជាករណីនាវាទេសចរណ៍ MS Westerdam ដែ​ល​មានអ្នកធ្វើដំណើរចម្រុះជាតិសាសន៍ជាង២២០០ នាក់ដែលបានបដិសេធដោយប្រទេស​និង​កោះចំនួន៦ មិនឱ្យចុះចត ដែលនៅក្នុងនាវាដ៏ធំនេះក៏​មានពលរដ្ឋអាម៉េ​រិកជាង៦០០នាក់​ផ​ង​​ដែរ ដែលបានសុំចុះចតនៅកោះ Guam ដែលជាទឹកដីកោះមួយផ្នែករបស់សហរដ្ឋអាមេរិក ក៏មិនត្រូវបានអនុញ្ញាតឱ្យចុះចតដែរ។ តើយ៉ាងម៉េចបានជាសាម៉ីប្រទេស និងសាម៉ីកោះទាំង​នោះ​សម្រេចបែបនេះទៅរួច ពិភពលោកអាចនឹងបែកបាក់ ហើយតម្លៃមនុស្សនៅត្រង់ណា បើ​សិទ្ឋិរស់រានមានជីវិតគ្មានផងនោះ ការសម្រេចចិត្តរបស់កម្ពុជាក្នុងការទទួល​នាវាទេសចរណ៍ M​S Westerdam ឱ្យចុះចតនៅក្រុងព្រះសីហនុក្នុងទឹកដីកម្ពុជា គឺជាកាយវិការមនុស្សធម៌​ដោ​យ​​គ្មានការរើសអើងជាតិសាសន៍ ក្នុងការលើកស្ទួយ ការគោរពសិទ្ធិមនុស្សតាមរយៈការជួយ​ផ្តល់​នូវសិទ្ឋិរស់រានមានជីវិតដល់មនុស្សជាតិដែលជាប់គាំងនៅក្នុងនាវាទាំងអស់។ ការស​ម្រេ​ច​​ចិត្តត្រឹមត្រូវរបស់កម្ពុជា គឺមនុស្សភាគច្រើននៅទូទាំងពិភពលោកបានគាំ​ទ្រនូវកាយវិការ​មនុ​ស្ស​ធម៌របស់កម្ពុជា ហើយក្នុងនោះក៏មានការគាំទ្រពី អង្គការសុខភាពពិភពលោក (World Health Organization) អង្គការទេសចរណ៍ពិភពលោក ( World Tourism Organization) អង្គ​កា​រ​​ឆ្នេរស្អាតបំផុតពិភពលោក ( The World’s Most Beautiful Bay) និង ពីលោក Donald Trump ប្រ​ធានាធិបតីសហរដ្ឋអាមេរិកផងដែរ។ នៅពេលនេះចំនួនអ្នកទេសចរចម្រុះជាតិសាសន៍ ៥​០​០​ នាក់ក្រោយពីបានត្រួតពិនិត្យសុខភាពថាគ្មានសញ្ញាវិជ្ជមាននៃមេរោគកូវីដ១៩ទេ (កូរ៉ូណា) គឺ​​ត្រូវបានផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្ននៅសណ្ឋាគារសុខាក្នុងរាជធានីភ្នំពេញ។ច្បា​ស់​​​ណាស់ បើសាម៉ីប្រទេសគេមិនគិតដល់ពលរដ្ឋគេទេ គឺកម្ពុជានឹងទទួលខុសត្រូវ ព្រោះពេល​នេះ​បានមកទីសុវត្ថិភាពក្នុងប្រទេសយើងហើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់​ច្បា​ស់​ហើយក្នុងពេលអញ្ជើញទទួលអ្នកដំណើរទេសចរទាំងអស់នៅខេត្តព្រះសីហនុថា បើមាន​អ្ន​ក​ទេសចរណា​ម្នាក់ មានឆ្លងឬផ្ទុកមេរោគកូវីដ-១៩ គឺ សម្តេចតេជោ អនុញ្ញាតឱ្យចូលកម្ពុជាឱ្យ​បា​ន​លឿ​នមុនគេបំផុត ហើយនាំទៅកន្លែងមានសុវត្ថិភាព​ដើម្បីផ្តល់ការមើលថែនិងព្យាបាលឱ្យ​បា​ន​ទាន់ពេលវេលាដែលអាចធ្វើទៅបាន។ ការធ្វើបែបនេះគឺដើម្បីទប់ស្កាត់មិនឱ្យ​មេរោគឆ្លង​រា​ល​​ដាលទៅអ្នកដទៃទៀតដូចដែលបានកើតឡើងនៅក្នុងនាវាទេសចរណ៍ Diamond Princess ដែលពេលថ្មីៗនេះ គឺទើបសម្រេចយកអ្នកទេសចរចេញពីនាវាដោយសារ​មានអ្នក​ឆ្លងមេរោគ​កូ​វី​ដ១៩ ពីម្នាក់ទៅម្នាក់កាន់តែច្រើនឡើងៗរហូតដល់៣៥៦ នាក់។ បើកម្ពុជាមិនទទួលនាវា​នេះ​​ឱ្យ​ចូលចតទេ ម៉្លេះមកទល់ពេលនេះមិនដឹងជារសាត់អណ្តែតទៅដល់ទីណាទេ ព្រោះស្បៀ​ង​អាហារក៏ជិតអស់ រីឯប្រេងក៏ជិតអស់ទៀត។ តើចុងបញ្ចប់នៃជីវិតពួកគេនឹងត្រូវបូជា​នៅ​លើ​កា​ប៉ា​ល់ ឬបោះទម្លាក់ចោលក្នុងទឹកសមុទ្រ បើគ្រប់គ្នាបដិសេធមិនទទួលពួកគេឱ្យចូលចត តែ​​កម្ពុជាមិនអាចបិទភ្នែកទុកឱ្យពលរដ្ឋទាំងនោះស្លាប់ទេ ព្រោះកម្ពុជាក៏ធ្លាប់ត្រូវបានគេមើល​ងា​យ​​និងរើសអើងពីមុន ហើយកម្ពុជាយល់ច្បាស់ណាស់អំពីអារម្មណ៍​បែបនេះចំពោះ​អ្នកទេស​ចរ​ទាំង​អស់នោះ។ យើងទាំងអស់គ្នានិយាយពីសិទ្ធិមនុស្ស តែពេលនេះការរើសអើងគឺមាន​ទំ​ហំ​ធំ​​ធេងណាស់ ដែលបង្ហាញច្បាស់ថាជំងឺរើសអើង និងការភ័យខ្លាចជ្រុលហួសហេតុ​កំពុងនាំ​ទៅ​ដល់ការបំផ្លាញសិទ្ធិមនុស្សពិតប្រាកដ។ បើតាមគម្រោងដែលបានគិតក្នុងការជួយដល់​អ្ន​ក​ទេ​សចរទាំងអស់ គឺក្រោយពេលអ្នកទេសចរវគ្គទី១ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន​ក្នុងទី​ក្រុ​ងភ្នំពេញបានចាកចេញពីកម្ពុជាហើយ គឺនឹងដឹកអ្នកដែលកំពុងរង់ចាំនៅក្នុងនាវាទេស​ចរ​ណ៍​​​ក្នុងខេត្តព្រះសីហនុមកកាន់រាជធានីភ្នំពេញជាបន្តទៀតរហូតដល់អស់។ អ្នកដំណើរ​ទាំ​ង​អស់​នឹងត្រូវដាក់ឱ្យពិនិត្យសុខភាពយ៉ាងហ្មត់ចត់បំផុត មុននឹងអនុញ្ញាតឱ្យ​មកស្នាក់នៅតាម​ស​ណ្ឋា​គារ។ បើទោះបីត្រូវការចតរយៈពេលវែងយ៉ាងណាក្តី ក៏កម្ពុជាផ្តល់ឱកាសឱ្យ​នាវាទេសចរ​ណ៍​នេះ ​បន្តស្នាក់នៅកម្ពុជាដោយមិនគិតពីថ្លៃចត និងថ្លៃសេវាផ្សេងៗនៅក្នុងដែន​សមុទ្រកម្ពុ​ជា​​ដែរ។ កម្ពុជាទទួលខុសត្រូវលើកិច្ចការដែលខ្លួនកំពុងធ្វើឱ្យបានហ្មត់ចត់និងល្អបំផុត ហើយ​បន្ត​សហការជាមួយអង្គការដៃគូនានា និងសហគមន៍អន្តរជាតិ ​ដើម្បីរួមគ្នាដោះស្រាយបញ្ហា​ប្រ​ឈ​ម​ជាសកលនេះ។ ទន្ទឹមនឹងនេះដែរ គឺដើម្បីលុបបំបាត់ជំងឺភ័យខ្លាចជ្រុល និងជំងឺរើស​អើង​ជ្រុ​ល ដើម្បីលើកស្ទួយតម្លៃសីលធម៌ គុណធម៌ឡើងវិញ និងដើម្បីសិទ្ធិរស់រានមានជីវិត និង​សេ​ចក្តីសុខរបស់មនុស្សជាតិទូទាំងពិភពលោក។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូន​ផង​ដែរ​ថា ទោះបីនៅប្រទេសណាក៏ដោយ មិនថាតែប្រទេសចិនទេប្រសិនបើត្រូវការកម្ពុជា គឺ ស​ម្តេចតេជោ នឹងចូលរួមដោយមិនរារែកឡើយ៕

ដោយ ជឹម ណារី