សម្ដេចតេជោ ហ៊ុន សែន មានបំណងនឹងរៀបចំពិធីជប់លៀងជូនអ្នកទេសចរទាំងអស់​ដែលជាប់ក្នុង​នាវា​ MS Westerdam ដើម្បីបង្ហាញបេះដូងមនុស្សធម៌ពិតរបស់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  មានបំ​ណ​ង​នឹង​រៀបចំពិធីជប់លៀងជូនអ្នកទេសចរទាំងអស់ដែលជាប់ក្នុងនាវា MS Westerdam ដើម្បីបង្ហាញពីក្តីស្រឡាញ់ ភាពកក់ក្តៅ និងបេះដូងមនុស្សធម៌ពិតរបស់កម្ពុជា។នៅលើផេកផ្លូវការរបស់សម្ដេចតេជោបានសរសេរថា កាលពី​ព្រឹកមិ​ញ ថ្ងៃទី១៧ ខែ កុម្ភៈ ២០​២០ ក្នុងពិធីបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» នៅវិមានសន្តិភាព ស​ម្តេ​ចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអារម្មណ៍សង្វេគ និងអាណិតអាសូរយ៉ាងខ្លាំងដល់អ្នកធ្វើដំណើរជាង ២២០០ នាក់ ដែលត្រូវបានជាប់នៅក្នុងនា​វា​ទេសចរណ៍ដ៏ធំមួយ Ms Westerdam ដែលត្រូវបានកម្ពុជាទទួលស្វាគមន៍ឱ្យ​ចតនៅ​ក្នុងខេត្ត​ព្រះ​សីហនុកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២០។ ក្រោយពីបានពិនិត្យសុខភាពយ៉ាងហ្មត់ចត់​ទៅ​លើ​អ្នកទេសចរទាំងអស់ដែលគ្មានសញ្ញាវិជ្ជមាននៃមេរោគកូវីដ១៩(កូរ៉ូណា)នៅពេលនេះ រាជ​រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យអ្នកទេសចរចំនួន ៥០០ នាក់បានមកស្នាក់នៅបណ្តោះ​អា​ស​ន្ន​​​នៅសណ្ឋាគារសុខាទីក្រុងភ្នំពេញ ដើម្បីរៀបចំសំបុត្រយន្តហោះចេញពីកម្ពុជាឆ្ពោះ​ទៅកាន់​ប្រ​ទេសកំណើតពួកគេវិញ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្ត​ល់​យោ​​បល់ឱ្យ សាលាក្រុងភ្នំពេញ សហការជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធរៀប​ចំរ​ថ​យ​ន្តដឹកអ្នកទេសចរ ដែលកំពុងស្នាក់នៅទីក្រុងភ្នំពេញបានទស្សនារាជធានីភ្នំពេញ ដែល​ល្អ​ប្រសើរជាងទុកពួកគេឱ្យរស់នៅតែក្នុងបន្ទប់សណ្ឋាគារ ពោរពេញដោយអារម្មណ៍តប់ប្រម៉ល់ ​ភ័​យខ្លាច ដែលពួកគេអាចយកពេលវេលារង់ចាំនេះ បានលំហែអារម្មណ៍សប្បាយរីករាយ​នៅក្នុ​ង​រាជធានីភ្នំពេញ ហើយបានស្គាល់ប្រទេស​​ និងប្រជាពលរដ្ឋខ្មែរយើងកាន់តែច្រើនថែមទៀត។

ដើម្បីបង្ហាញពីក្តីស្រឡាញ់ ភាពកក់ក្តៅ និងបេះដូងមនុស្សធម៌​ពិតរបស់កម្ពុជាចំពោះ​ភ្ញៀវទេ​ស​​ចរទាំងអស់ មកពីនាវា MS Westerdam សម្តេចតេជោ ហ៊ុន សែន មានបំណងនឹងរៀប​ចំ​ពិ​ធី​ជប់លៀងជូនពួកគេទៀតផង។  ហើយសម្តេចតេជោក៏គ្រោងនឹងអញ្ជើញមន្រ្តីតំណាងទូត​នៃ​ប្រ​ទេសនីមួយៗ ដែលមានពលរដ្ឋរបស់ខ្លួនកំពុងជាប់នៅកម្ពុជាក្នុងនាវាទេសចរណ៍នេះ មាន​ឱកា​សបានមកជួបសួរសុខទុក្ខ និងចូលរួមរកមធ្យោបាយផ្សេងៗដើម្បីជួយពលរដ្ឋខ្លួនឱ្យ​ឆាប់​បាន​វិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ។ ពិតណាស់ ចំពោះនាវាទេសចរណ៍ដែល​មាន​អ្នក​ធ្វើដំណើរជាង ២០០០នាក់ ដែលបានមកដល់ទីសុវត្ថិភាពក្នុងទឹកដីកម្ពុជាហើយ សម្តេច​តេ​ជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ច្បាស់ណាស់ថា បើសាម៉ី​ប្រទេសគេមិន​ទទួ​ល​ខុ​សត្រូវទេ គឺកម្ពុជានឹងបន្តមើលថែពួកគេរហូតដល់​ថ្ងៃបានវិលត្រឡប់ទៅ​កាន់ប្រទេស​កំណើ​ត​​​វិញ៕

ដោយ ជឹម ណារី