ក្រសួងទេសចរណ៍៖ ខេត្តព្រះសីហនុនៅតែជាគោលដៅលម្ហែកម្សាន្ត តំបន់ឆ្នេរសមុទ្រដ៏ទាក់ទាញ និងមានសុវត្ថិភាព

AKP ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ខេត្ត ព្រះសីហនុ នៅតែជាគោលដៅសម្រាកលម្ហែកម្សាន្តតំបន់ឆ្នេរសមុទ្របែបផាសុកភាពប្រកប ដោយសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ការអះអាងរបស់មន្រ្តីជាន់ខ្ពស់រូបនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារឃ្វីនកូ ក្រុងព្រះសីហនុ នាឱកាសសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាល ស្តីពីវិធានការទប់ស្កាត់បង្ការវីរុសកូរ៉ូណាថ្មី ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ខេត្តព្រះសីហនុ។

ឯកឧត្តម នី ផល្លី បានសង្កត់ធ្ងន់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រង សភាពការណ៍បានយ៉ាងល្អពីការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី តាមរយៈយន្តការបង្ការទប់ស្កាត់ និងឆ្លើយតបនៅក្របខ័ណ្ឌទូទាំងប្រទេសជារួម និងនៅខេត្តព្រះសីហនុដោយឡែក ដោយសហការយ៉ាងជិតស្និទ្ធជាមួយនឹងអង្គការសុខភាពពិភពលោក WHO និងស្ថាប័ន អន្តរជាតិនានាទៀតពាក់ព័ន្ធដូចជា USCDC របស់សហរដ្ឋអាមេរិកជាដើម។

សិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពីវិធានការបង្ការទប់ស្កាត់ពីវីរុស កូរ៉ូណាថ្មី បានរៀបចំឡើងដោយក្រសួងទេសចរណ៍ តំណាងដោយ ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ តំណាងដោយ លោក ឈិន សេងងួន អភិបាលរងខេត្ត ដោយមានការចូលរួមពីតំណាងមូលដ្ឋានអាជីវកម្មទេសចរណ៍ និងបណ្តាញយុវជនផងដែរសរុបប្រមាណជាង២០០នាក់។ ក្រៅពីការផ្សព្វផ្សាយ និងបណ្តុះបណ្តាល អង្គសិក្ខាសាលាក៏បានពិភាក្សាពីបញ្ហាប្រឈមនានា និងដំណោះស្រាយសមស្រប ដើម្បីជំរុញដល់វិស័យទេសចរណ៍ខេត្តព្រះសីហនុ។

ស្របពេលជាមួយគ្នានេះ ឯកឧត្តម នី ផល្លី បានផ្តល់ជាអនុសាសន៍ក្នុងការ កែប្រែបញ្ហាប្រឈមនេះ ទៅជាឱកាសតាមរយៈការពង្រឹងចំណុចខ្លាំងនានា ដូចជាការពង្រឹងគុណភាពសេវាកម្ម ភាពស្អាត និងអនាម័យនៅគ្រប់ចង្វាក់ផលិតកម្មទាំងអស់ នៅក្នុងឧស្សាហកម្មទេសចរណ៍ ដើម្បីទទួលបានទំនុកចិត្តពីភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការមកសម្រាកកម្សាន្ត ក៏ដូចជាក្នុងតំណាក់កាលនេះ បុគ្គលិកអាចឆ្លៀត ពេលរៀនជំនាញវិជ្ជាជីវៈទេសចរណ៍បន្ថែម ដើម្បីពង្រឹង សមត្ថភាពរបស់ខ្លួនសំដៅធានា បាននូវការផ្តល់សេវាកម្មទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ។

គួរបញ្ជាក់ថា ខេត្តព្រះសីហនុ គឺជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រដ៏ទាក់ទាញ ពោរពេញដោយសក្តានុពលដ៏សំបូរបែប ហើយការកម្សាន្តនៅឆ្នេរសមុទ្រប្រៀបបានដូចជា ការថែរក្សា និងបង្កើនសុខភាព និងភាពរឹងមាំនៃសរីរាង្គរបស់មនុស្ស៕

ដោយ ម៉ៅ ចរិយា