ពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានរតនាគារខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ — នៅសាលាខេត្តព្រះសីហនុ បានរៀបចំពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែង ប្រធានរតនាគារខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម វង្ស សណ្តាប់ អនុរដ្ឋលេខា ធិការក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ នាព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។ ពិធីនេះ ក៏មានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្ត ព្រះសីហនុផងដែរ។ ដោយយោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ០០១ សហវ.ប្រក សម្រេចតែងតាំង លោក សួន ដារ៉ារិទ្ធ អនុប្រធានរតនាគារ ទៅជា ប្រធានរតនាគារ ខេត្តព្រះសីហនុ ជំនួសលោក ងូវ សេរីច័ន្ថន ដែលត្រូវចូលនិវត្តន៍។

លោក សួន ដារ៉ារិទ្ធ ប្រធានរតនាគារខេត្តព្រះសីហនុថ្មី បានធ្វើការបេជ្ញាចិត្ត ទី១.អនុវត្តន៍​ឱ្យបានម៉ឺងម៉ាត់តាមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងការចូលរួមគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព, ទី២.អនុវត្តន៍ឱ្យបានដាច់ខាតតាមបាវចនា២ ” កែទម្រង់ ខាងក្នុង និងពង្រីកមិត្តខាងក្រៅលើមូលដ្ឋាននៃឯករាជ្យ និងអធិបតេយ្យភាពជាតិ ” និង អភិក្រម៥ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់, ទី៣.អនុវត្តន៍តាម អភិក្រមការងារ៤ ប្រការរបស់ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ, ទី៤ អនុវត្តន៍ ឱ្យបានយ៉ាងទៀងទាត់ នូវការបើកប្រាក់បៀវត្សរ៍នៅសប្តាហ៍ទី២  និងសប្តាហ៍ ទី៤ ជូន ដល់មន្ត្រីតាមមន្ទីរ អង្គភាព ពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ និងក្រុង ស្រុក ឃុំ សង្កាត់, ៥.សហការជាមួយមន្ទីរ អង្គភាពពាក់ ព័ន្ធជុំវិញខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ក្នុងការ អនុវត្តកម្មវិធីចំណូលចំណាយ ថវិការដ្ឋឱ្យបាន ល្អប្រសើរ, និងទី៦.ខិតខំបង្កើនសាមគ្គីភាពផ្ទៃ ក្នុងរតនាគារខេត្តឱ្យបាន ជិតស្និទ្ធ រឹងមាំ ក្នុងស្មារតីគោរពរាប់អានជាបងប្អូន និងជាមិត្តភក្តិ យ៉ាងស្មោះស្ម័គ្រ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានវាយតម្លៃការខិតខំប្រឹងប្រែងបម្រើ ការងារបានល្អរបស់លោកប្រធានចាស់ ដែលបានបំពេញការងាររយៈពេល ៤២ឆ្នាំ រហូត ចូលនិវត្តន៍ និងបានផ្តាំផ្ញើលោកប្រធានរតនាគារថ្មី បន្តខិតខំលើកកម្ពស់សមត្ថភាព ប្រមូលផ្តុំ សាមគ្គីភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការងារសង្គម បម្រើសេវាសា ធារណ:ផ្នែកហិរញ្ញវត្ថុ រួមចំណែកអភិវឌ្ឍន៍ខេត្តព្រះសីហនុ ព្រមទាំងផ្ដាំផ្ញើដល់ប្រធានថ្មីបន្តខិតខំដឹកនាំ មន្ត្រីក្រោម ឱវាទ និងកិច្ចសហប្រតិបត្តិការសាមគ្គីភាពជាមួយមន្ទីរអង្គភាពពាក់ ព័ន្ធប្រកប ដោយ គុណភាព និងគុណផល បន្តរួមចំណែកជាមួយរដ្ឋបាលខេត្តលើកិច្ចការទូទាត់ ហិរញ្ញវត្ថុ សាធារណៈប្រកប ដោយប្រសិទ្ធភាព។

ឯកឧត្តម វង្ស សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ មានប្រសាសន៍ កោតសរសើរស្នាដៃលោកប្រធានចាស់ ដែលបានដោះស្រាយបញ្ហាប្រឈមជាច្រើនក្នុងការ បំពេញការងាររយៈពេល ៤២ឆ្នាំកន្លងមកនេះ ស្របតាមកំណែទម្រង់ស៊ីជម្រៅ យុទ្ធសាស្ត្រចតុកោណទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានផ្ដាំផ្ញើដល់លោកប្រធាន រតនាគារខេត្តព្រះសីហនុថ្មី ត្រូវអនុវត្តន៍តួនាទីឱ្យបានខ្ជាប់ខ្ជួនរាល់ផែនការ សកម្មភាព របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាពិសេសការអនុវត្ត អនុក្រម៥យ៉ាង របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបាវចនាពីរយ៉ាង និងអភិក្រម៤ របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌបង្កើន សមត្ថភាពការងារកាន់តែល្អថែមទៀតគឺ ទី១. អនុវត្តន៍ការងារប្រកបដោយ វិជ្ជាជីវៈ និងក្រមសីលធម៌, ទី២.អនុវត្តន៍ការងារជាក្រុម, ទី៣.អនុវត្តន៍ការងារប្រកាន់ភ្ជាប់ស្មារតីបុរេ សកម្ម នៃកំណែទម្រង់សាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, និងទី៤. មិន ត្រូវមើលរំលងកំហុសរបស់ខ្លួន ហើយអភិក្រមទាំង ៤នេះ ជាគោលដៅ ក្នុងការអភិវឌ្ឍការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ដោយ ងូ សុមុនី