Khmer United A រកបាន៣ពិន្ទុ ថ្ងៃបើកឆាក KW Cambodia League

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ — ក្រុមបាល់ទាត់ Khmer United A រកបាន៣ពិន្ទុដំបូងពីក្រុម Bayon Wanderers បន្ទាប់ពី​បានយកឈ្នះដោយលទ្ធផល ៤ទល់៣ នៅកីឡដ្ឋាន KMH រាជធានីភ្នំពេញ នាថ្ងៃបើកឆាក​សប្តាហ៍ទី១ កាលពីថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២០ ព្រឹត្តិការណ៍កីឡាបាល់ទាត់​ពាក់កណ្តាល​អាជីព ​​KW Cambodia League រដូវកាល ២០២០។

ក្រុម Khmer United A ដែលដឹកនាំដោយស្ថាបនិក KW Cambodia League លោកឧកញ៉ា គីម ហ៊ាង ធ្វើសម្រេចបានលទ្ធផលល្អប្រកៀកប្រកិតគ្នា ៤ទល់៣ជាមួយក្រុមដែលប្រមូលផ្តុំ​គ្នា​ដោយជនបរទេស Bayon Wanderers ប៉ុន្តែក្រុម Khmer United B បានបាត់បង់ឱកាស​ប្រជែងពិន្ទុ នៅប្រកួតដំបូង ដោយប្រកួតចាញ់ Sniper FC ដោយលទ្ធផល ២ទល់៣។ ចំពោះ​លទ្ធផល ៥ប្រកួតផ្សេងទៀត រួមមាន៖ក្រុម TN KANDAL ឈ្នះ Riel Phnom Penh 7-2, Mambo Phnom Penh ចាញ់ ISI DSC FC ១ទល់៦,PITOU FC ប្រកួតចាញ់ AVARTA FC ១ទល់២, PMU ចាញ់ Mohahang all star FC ១ទល់១៣ ខណៈ Watvarin Youth យកឈ្នះ Tangkok FF ៥ទល់២។

ឆ្នាំនេះមានក្រុមចូលរួមចំនួន១៤ក្រុម ដោយប្រើប្រាស់១៣សប្តាហ៍ ហើយក្រុមមានពិន្ទុ​ខ្ពស់​ជាងគេនឹងឈ្នះជើងឯក ដែលមានប្រាក់រង្វាន់១ម៉ឺនដុល្លារ។ ក្រោយបញ្ចប់ការប្រកួត​សន្សំ​ពិន្ទុត្រូវបាន បញ្ចប់ គឺ៤ក្រុមជ័យលាភីពីចំណាត់ថ្នាក់លេខ២ដល់លេខ៥ ត្រូវប្រកួត Play Off ប្រជែងពាន KW Cambodia Cup ដែលមានប្រាក់រង្វាន់ចំនួន ៥ពាន់ដុល្លារអាម៉េរិក។

សូមរម្លឹកថា កាលពីក្នុងឱកាសបើកការប្រកួតជាផ្លុវការ កាលពីសប្តាហ៍មុន ក៏មាន​ការប្រកួតមិត្តភាពមួយ ដែលជាការជួប គ្នារវាងក្រុមជើងឯកលីគ និងម្ចាស់ពានរង្វាន់ នៃ​ព្រឹត្តិការណ៍ពាក់កណ្តាលអាជីពមួយនេះ ដោយទទួល បានប្រាក់រង្វាន់ចំនួន ១,៤០០ដុល្លារ​អាម៉េរិក ដោយប្រាក់រង្វាន់នេះត្រូវបានបរិច្ចាគទៅកាន់មន្ទីរពេទ្យ គន្ធបុប្ជា។ ព្រឹត្តិការណ៍នេះ​ត្រូវបានរៀបចំឡើងអស់រយៈពេល៩ឆ្នាំមកហើយ ក្រោមការរៀបចំរបស់ស្ថាបនិក លោក​ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន Keller Williams Cambodia៕

ដោយ ហេង ណាលីន