លទ្ធផល៦ប្រកួត ថ្ងៃបើកឆាកសប្តាហ៍ទី១ លីគកំពូលកម្ពុជា ២០២០

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ — ការប្រកួតកីឡាបាល់ទាត់ ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី ២០២០ បានចាប់ផ្តើម សប្តាហ៍ទី១ ដោយមាន៣ប្រកួត ថ្ងៃទី១៥ ខែកុម្ភៈ និងមាន៣ប្រកួត ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមាន៤ក្រុមស្វែងរកបាន៣ពិន្ទុពេញពីគូប្រកួតរបស់ខ្លួន ខណៈ២ប្រកួត ស្មើ​គ្នាចែកគ្នាម្នាក់១ពិន្ទុ។

ចំពោះ៣ប្រកួត កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ រួមមាន៖ យុវជនបាទី ប្រកួតស្មើ​ជាមួយក្រុមកងយោធពលខេមរភូមិន្ទុ ០ទល់០, ភ្នំពេញក្រោនយកឈ្នះក្រុមអគ្គិសនីកម្ពុជា ដោយលទ្ធផល ៣ទល់០ ខណៈវិសាខា ឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ២ទល់១។ ចំពោះ​លទ្ធផល ៣ប្រកួត កាលពីល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ រួមមាន៖​អង្គរថាយហ្គឺរ​ស្មើជាមួយបឹងកេត ១ទល់១, អាស៊ីអឺរ៉ុបយូណាយធីត ឈ្នះគិរីវង់សុខសែនជ័យ ១ទល់០ ខណៈ​ក្រុមការពារម្ចាស់ដំណែងជើងឯក រដូវកាលចាស់ ២០១៩ ព្រះខ័នរាជស្វាយរៀងបាន​យកឈ្នះសូលអីឡូអង្គរ ៥ទល់១។

សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី ២០២០ មានក្រុមចូលរួមប្រជែងជើងឯកចំនួន១៣ក្រុម ដោយប្រើប្រាស់១៣សប្តាហ៍​សម្រាប់​ជើងទី១ និង១៣សប្តាហ៍ទៀត សម្រាប់ជើងទី២ សរុប២៦សប្តាហ៍ ហើយក្រុមដែល​មានពិន្ទុ​ខ្ពស់ជាងគេគឺជាម្ចាស់ជើងឯកតែម្តង៕

ដោយ ហេង ណាលីន