អភិបាលស្រុកបន្ទាយស្រី​ថា នឹងជួយរៀបចំឱ្យមានកន្លែងលក់ត្រសក់ផ្អែមទ្រង់ទ្រាយធំមួយនៅក្នុងខេត្តសៀមរាបសម្រាប់សហគមន៍អ្នកដាំត្រសក់ផ្អែមបន្ទាយស្រី 

AKP សៀមរាប ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ — ខណៈទីផ្សារត្រសក់ផ្អែមនៅក្នុងស្រុកបន្ទាយស្រីឆ្នាំនេះមាន​ការធ្លាចុះ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បាន​បង្ហោះនៅក្នុងផេកហ្វេកប៊ុកផ្ទាល់ខ្លួននៅថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.​២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ថា លោកមិនអាចឱបដៃឈរមើលសហគមន៍កសិករដាំត្រសក់ផ្អែមស្រុកបន្ទាយស្រី ដែលធ្លាប់តែមានកេរ្តិ៍ឈ្មោះល្បី ប្រឈមមុខនឹងការខាតបង់ទាំងស្រុងលើការប្រមូលផលរបស់ខ្លួនក្នុងឆ្នាំនេះទេ។

លោកឃឹម ហ្វីណង់ បន្តថា ជាធម្មតាទីផ្សារត្រសក់ផ្អែមនេះ ត្រូវបានលក់ចេញទៅតាមសណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប និងតំបន់ទេសចរណ៍នានានៅក្នុងខេត្តសៀមរាប ។ ប៉ុន្តែនៅឆ្នាំនេះតម្រូវការត្រសក់ផ្អែមធ្លាក់ចុះយ៉ាងគំហុករហូតដល់ទៅ៩០ភាគរយ ដែលមិនអាចឱ្យអ្នកដាំលក់ចេញបាន ទោះបីជាលក់ក្នុងតម្លៃថោកយ៉ាងណាក៏ដោយ។ សប្តាហ៍នេះគឺជាសប្តាហ៍ប្រមូលផលហើយ ប្រសិនបើនៅតែបន្តលក់មិនចេញក្នុងរយៈពេល២សប្តាហ៍ទៀតទេ ត្រសក់ផ្អែមរាប់សិបតោននេះនឹងត្រូវបោះចោលទាំងស្រុង ។ ពួកគាត់នឹងមិនមានទុនគ្រប់គ្រាន់សម្រាប់ទូទាត់ថ្លៃជួលដី បង់ការប្រាក់ធនាគារ ថ្លៃពូជ និងថ្លៃឈ្នួលកម្មករ ហើយក៏នឹងមិនមានទឹកចិត្តដើម្បីបន្តដាំទៀតដែរ។ ដូច្នេះលោកបានសមម្រេចជួយសម្របសម្រួល រៀបចំឱ្យមានការលក់ត្រសក់ផ្អែមទ្រង់ទ្រាយធំមួយ សម្រាប់សហគមន៍អ្នកដាំត្រសក់ផ្អែមបន្ទាយស្រី នៅក្នុងផ្សារហេរីថេក ក្នុងក្រុងសៀមរាប ខេត្តសៀមរាបរយៈពេលមួយសប្តាហ៍ពេញ គិតចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។ ក្នុងតម្លៃពិសេស ១គីឡូក្រាម ១ដុល្លារអា ម៉េរិក បើទិញ១០គីឡូក្រាមថែមជូន ១គីឡូក្រាម ដោយឥតគិតថ្លៃ។

លោកអភិបាលស្រុក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ជាពិសេស អ្នកខេត្តសៀមរាប ចូលរួមកម្មវិធីនេះនៅផ្សារហេរីថេក ឱ្យបានច្រើនកុះករ ដើម្បីជួយទិញត្រសក់ផ្អែមរបស់ពួកគាត់ក្នុងតម្លៃពិសេស ដើម្បីជួយស្រោចស្រង់ និងលើកទឹកចិត្តដល់សហគមន៍អ្នកដាំត្រសក់ផ្អែមបន្ទាយស្រី មួយនេះ។ លោកបានបញ្ជាក់ថា តម្លៃនេះថោកជាងតម្លៃទីផ្សារប្រហែលពាក់កណ្តាល បានត្រឹមតែអាចឱ្យពួកគាត់ទទួលបានថនិកាខ្លះ យកទៅដាំបន្តទៀតតែប៉ុណ្ណោះ ៕

ដោយ ឃុត សៅ