អាជ្ញាធររាជធានីភ្នំពេញ បើកការដ្ឋានសាងសង់ផ្លូវបេតុងឆ្អឹងដែក១១ខ្សែ ប្រវែងជាង ៣គីឡូម៉ែត្រ និងដាក់ប្រព័ន្ធលូក្នុងសង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ — កំណាត់ផ្លូវបេតុងឆ្អឹងដែកចំនួន១១ខ្សែ ដែលមានប្រវែង ៣១៩៥ ម៉ែត្រ ការដាក់ប្រព័ន្ធលូ តាម​បណ្តោយផ្លូវទាំង១១ខ្សែនេះ ជាមួយនឹងការសាងសង់បុរីឡេងណាវ៉ាត្រា របស់ក្រុមហ៊ុន​ហ្គាឡាក់ស៊ីណាវ៉ាត្រា ត្រូវបានបើកការដ្ឋានស្ថាបនា នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បី​សម្រួលដល់ជូនប្រជាពលរដ្ឋបានធ្វើដំណើរក៏ដូចជាកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗមួយចំនួនផងដែរ។ ពិធីនេះត្រូវបានធ្វើឡើងក្រោមវត្តមាន លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ដោយ​មានការចូលរួមពីប្រជាពលរដ្ឋ នៅក្នុងបុរីឡេង ណាវ៉ាត្រាស្ថិតក្នុងភូមិត្រពាំងរំចេក សង្កាត់​ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

លោក ហែម ដារិទ្ធ បានលើកឡើងថា វិស័យ​​ឯកជន មានតួនាទីយ៉ាងសំខាន់ ក្នុងការ​ចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង លោក​ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រាគ្រុប មកដល់ពេលនេះ បាន​ចំណាយថវិកាផ្ទាល់ខ្លួនជាច្រើនក្នុងការជួសជុលផ្លូវបេតុងឆ្អឹងដែកមានប្រវែងសរុប៣,៧៩៤ ម៉ែត្រ និងដាក់ប្រព័ន្ធលូបង្ហូរទឹកប្រវែង ៤,៨៧០ម៉ែត្រ សរុបជាទឹកប្រាក់ចំនួន៨៧២,៤៧១ ដុល្លារអាម៉េរិក ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២។ ដោយពិនិត្យ​មើលឃើញពីស្ថានភាពផ្លូវខូចខាតនិងមានទឹកលិចផ្លូវលំនៅឋា​ន របស់បងប្អូនប្រជា​ពលរដ្ឋ​នៅពេលមានភ្លៀងធ្លាក់មកខ្លាំងម្តងៗ សាលាខណ្ឌពោធិ៍សែនជ័យ ជាពិសេស សង្កាត់ចោម​ចៅទី២ ពិតជាមានសំណាងដោយទទួលបាននូវកាដូពិសេស ពីលោក ឡេង ណាវ៉ាត្រា ដោយហ៊ុនរបស់លោក បន្តធ្វើការវិនិយោគសាងសង់បុរីឡេងណាវ៉ាត្រាលើផ្ទៃដីទំហំ១៥ ហិកតា​សាងសង់លំនៅឋានចំនួន ១,៣០០ល្វែង។ ជាមួយគ្នានេះ លោក ឡេង ណាវ៉ាត្រា នឹង ចំណាយថវិកាផ្ទាល់ខ្លួនបន្ថែមទៀតសម្រាប់ធ្វើការជួសជុលផ្លូវបេតុងឆ្អឹងដែកចំនួន១១ខ្សែ ប្រវែង៣,១៩៥ ម៉ែត្រចំណាយថវិកាចំនួន ៦១៣,៤៤០ដុល្លារ និងដាក់ប្រព័ន្ធលូ​អស់ថវិកា​ចំនួន១៥៩,៦០០ដុល្លារ ស្ថិតនៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ដែលបាន​និងកំពុងបើកការដ្ឋានដាក់ឱ្យដំណើរការនេះ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋបាន​ធ្វើ​ដំណើរ​ក៏ដូចជាកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗមួយចំនួនទៀត។

លោក ស៊ុយ សេរិទ្ធ បានមានប្រសាសន៍ថា ពីមុនមកតំបន់នេះជាតំបន់ដែលលិច ទឹក តែក្រោយពីមានការអភិវឌ្ឍដោយក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រាគ្រុប មកគឺបាន​កសាង​នូវហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នេះជាច្រើន។ ជាក់ស្តែងនៅពេលនេះ ក្រុមហ៊ុនសហការ​ជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានស្ថាបនាផ្លូវចំនួន១១ខ្សែ​ដែលមានប្រវែង​ជាង៣គីឡូម៉ែត្រ ដាក់ប្រព័ន្ធលូដោយចំណាយថវិកាអស់ប្រមាណជាង៦០ម៉ឺនដុល្លារ ដើម្បី​កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។ លោកអភិបាលរងបន្ដថា ​ការវិនិ​យោគ​ទៅលើអចនទ្រព្យនៅតំបន់នេះ គឺចំណេញទាំងពីរផ្នែក ពោលគឺចំណេញទាំងរដ្ឋ​ផង​និងវិស័យឯកជនផង។ លោកបានបន្ថែមថា សម្រាប់រាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ គឺមានបញ្ហាកកស្ទះចំនួន៣ គឺការកកស្ទះចរាចរណ៍ ការកកស្ទះសំរាម និងការកស្ទះបណ្ដាញ​លូ ដែលបញ្ហានេះរដ្ឋបាលរាជធានីភ្នំ បាននិងកំពុងយកចិត្តទុក ដាក់យ៉ាងខ្លាំង​ដើម្បីដោះ​ស្រាយបញ្ហាទាំងបីនេះឱ្យបានប្រសើរឡើង ៕

ដោយ សួស សំរិត