អនុប្រធានទី១រដ្ឋសភា៖ មានសន្តិភាព ទើបមានការអភិវឌ្ឍ

AKP កំពង់ធំ ថ្ងៃទី១៥ ខែកុម្ភៈ ​ឆ្នាំ២០២០ — ឯកឧត្តម ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បានលើកឡើងថា មានសន្តិភាព ទើបមាន​ការអភិវឌ្ឍ។ ការលើកឡើងរបស់ឯកឧត្ដមអនុប្រធានទី១នេះ  ក្នុងពិធីសម្ពោធអគារសិក្សាថ្មី​ចំនួន ២ខ្នង ស្មើនឹង១២បន្ទប់ នៅវិទ្យាល័យ ហ៊ុនសែន ក្រវ៉ា ស្រុកបា​រាយណ៍ ខេត្តកំពង់ធំ កាល​ពី​ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

ឯកឧត្ដម ងួន ញ៉ិល បានគូសបញ្ជាក់ថា សមិទ្ធផលថ្ងៃនេះជាសមិទ្ធផល ដែលបាន​កើតឡើងដោយសារកម្លាំងសាមគ្គីក្រោមម្លប់ នៃសុខសន្តិភាព ក្រោមការដឹកនាំ របស់សម្តេច​តេជា ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំគ្រប់បែបយ៉ាងដើម្បី​បម្រើ​ប្រជា​ពលរដ្ឋ។ ឯកឧត្ដមបានបន្តថា សន្តិភាពបាននាំមកនូវការអភិវឌ្ឍឥតឈប់ឈរ និងសមិទ្ធផល​ធំៗជាច្រើន ព្រមទាំងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យសម្រាប់កម្ពុជាផងដែរ។ ជាក់ស្តែង​ហេដ្ឋា​រចនាសម្ព័ន្ធគមនាគមន៍ផ្លូវស្ពានជាច្រើនត្រូវបានកែលម្អ និងកសាងឡើងជាបន្តបន្ទាប់ សម្រួលដល់ការប្រកបរបររកស៊ីរបស់ប្រជាជន ហើយគោលដៅនាពេលខាងមុខនេះ ប្រមុខ​រាជរដ្ឋាភិបាលយើងគ្រោងនឹងបន្តការសាងសង់ស្ពានមួយទៀត ដែលមានបណ្តោយវែង​ជាង​គេ (ជាង៣គីឡូម៉ែត្រ) ឆ្លងកាត់ទន្លេសាបពីខេត្តកំពង់ឆ្នាំង មកខេត្តកំពង់ធំ។

ទាក់ទងនឹងបញ្ហា​ការព្យូរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីគណៈកម្មការអឺរ៉ុប ឯកឧត្តម ងួន ញ៉ិល បានពន្យល់ថា ទោះជាគេនៅរក្សាផ្តល់ការអនុគ្រោះពន្ធដល់កម្ពុជាយើង ក៏ក្នុងរយៈ​មធ្យម​ខាងមុខដែរ ហើយយើងគង់តែបាត់បង់ EBA ដដែល ខណៈដែលប្រទេស​យើងឈានចាកផុតពីឋានៈនៃប្រទេសអភិវឌ្ឍន៍តិចតូច។ ការដក ឬ ព្យូរ EBA មិនមែន មាន​ន័យថា កម្ពុជាបានបាត់បង់ទាំងស្រុងនូវទីផ្សាររបស់អឺរ៉ុបនោះទេ ទោះជាគ្មាន EBA ក៏កម្ពុជា​នៅតែអាចនាំទំនិញរបស់ខ្លួនទៅកាន់ទីផ្សាអឺរ៉ុបបានជាធម្មតាដដែល គ្រាន់តែយើងត្រូវ​បង់​ពន្ធសម្រាប់ការនាំចេញទៅអឺរ៉ុប។ ឯកឧត្តមបណ្ឌិតបានបញ្ជាក់បន្ថែមថា ចំពោះការផ្អាក​សង្វាក់​​ផលិតកម្មរបស់រោងចក្រមួយចំនួននៅកម្ពុជាក្នុងបច្ចុប្បន្ន គឺមិនមែនដោយសារការព្យូរ​ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីគណៈកម្មការអឺរ៉ុបនោះទេ គឺដោយសារឥទ្ធិពលនៃជំងឺវីរ៉ុស កូរ៉ូណាថ្មី ដែលធ្វើឱ្យរោងចក្រផលិតខ្វះវត្ថុធាតុដើមនាំយកពីប្រទេសចិន ដែលមិនអាច​ធ្វើការផ្គត់ផ្គង់តាមការកម្ម៉ង់ទិញរបស់រោងចក្រនៅកម្ពុជាបាន។

ឯកឧត្តម ងួន ញ៉ិល បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់​សម្ដេចអគ្គម​ហា​សេនា​បតីតេជោ ហ៊ុន សែន និងសម្ដេ​ច​​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ញើជូនប្រជា​ពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស មន្ត្រីរាជការ និងថ្នាក់ដឹកនាំទាំងអស់​ទូទាំង​ខេត្តកំពង់ធំ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែលើកកម្ពស់និងយកចិត្តទុកដាក់បំផុត​ក្នុងវិស័យ​អប់រំ ពិសេ​សគឺការសាងសង់អគារសិក្សាថ្មីៗជាច្រើន និងជាបន្តបន្ទាប់នៅទូទាំងប្រទេស ក្នុងនោះក៏មានវិទ្យាល័យហ៊ុន សែន ក្រវ៉ាផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានថ្លែងអំណរ​គុណចំពោះ សប្បុរសជន លោកគ្រូ-អ្នកគ្រូ មាតាបិតាសិស្ស អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់​ថ្នាក់ ដែលបានឧបត្ថម្ភនិងសហការគ្នាបានយ៉ាងល្អ ក្នុងការធ្វើឱ្យសមិទ្ធផលនានានៅ​ក្នុង​វិទ្យាល័យនេះលេចជារូបរាងឡើងគួរជាទីមោទនៈ។ ឯកឧត្ដមកអនុប្រធានទី១​ក៏បានផ្ដាំផ្ញើ​ដល់អាជ្ញាធរ ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ត្រូវរួមគ្នាថែរក្សាអគារសិក្សា​ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ ដើម្បីប្រយោជន៍ទុកឱ្យកូនចៅជំនាន់ក្រោយបាន​ចូលសិក្សារៀនសូត្រ ជាពិសេសអគារសិក្សាថ្មីនេះ ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ក្នុងការរួម​ចំណែកដល់ការអភិវឌ្ឍវិស័យអប់រំនៅក្នុងខេត្តកំពង់ធំ៕

ដោយ ប៉ាល់ សុង