អាជ្ញាធរ​ជាតិ​អប្សរាតាំងបង្ហាញរូបថតស្ដីពីសកម្មភាព​ភាព​ការងារអភិរក្ស និងអភិវឌ្ឍន៍​នៅ ក្នុងរយៈពេល២៥ឆ្នាំ

AKP សៀមរាប ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ — អាជ្ញាធរជាតិអប្សរាបានដាក់តាំងបង្ហាញរូបថត ស្ដីពីសកម្មភាព និងសមិទ្ធផលសំខាន់ៗ ដែល​អាជ្ញាធរជាតិអប្សរាសម្រេចបានក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្នុងឱកាសអបអរ​សាទរ​ខួប២៥ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា ដែលធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត​នៅព្រឹក​ថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០២០។

ឯកឧត្តម ហង់ ពៅ អគ្គនាយក អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ពិព័ណ៍រូបភាពនេះ បង្ហាញពីសកម្មភាព និងសមិទ្ធផលសំខាន់ៗ ដែលធ្វើឡើងក្នុងគោលបំណង អបអរសាទរ​នៃការបង្កើតអាជ្ញាធរជាតិអប្សរា ក្នុងរយៈពេល២៥ឆ្នាំ ដែលចាប់ផ្ដើមតាំងពីឆ្នាំ១៩៩៥​ដល់​ឆ្នាំ២០២០ហើយការតាំងបង្ហាញនេះ គឺគោលដៅឱ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរជាតិ​និងអន្តរជាតិបានឃើញថា អាជ្ញាធរជាតិអប្សរា ក្នុងរយៈពេល២៥ឆ្នាំមកនេះ ថាតើពួកគាត់​បានខិតខំប្រឹងប្រែងនិងភាពអត់ធ្មត់យ៉ាងណាខ្លះ ក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍​រមណីយ​ដ្ឋានអង្គរ។ ឯកឧត្តមបានបន្តថា ពិធីអបអរសាទរ​ខួប​២៥ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិ​អប្សរា​នេះ គឺដើម្បីបង្ហាញពីមោទនភាពរបស់ព្រះរាជណាចក្រកម្ពុជា ដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្រ្តយូរលង់មកហើយ។ ពិព័រណ៍ក៏ដើម្បីបណ្តុះស្មារតីយុវជន និងប្រជាពល​រដ្ឋខ្មែរឱ្យចេះស្រឡាញ់ ចូលរួមថែរក្សាបេតិកភណ្ឌវប្បធម៌ ទំនៀមទំម្លាប់ប្រពៃណីផូរផង់​របស់ខ្មែរ​ឱ្យបានគង់វង្ស។ ឯកឧត្តមបានបន្ថែមថា ការដាក់តាំងបង្ហាញរូបថត ស្ដីពីសកម្មភាព និងសមិទ្ធផលសំខាន់ៗ ដែលអាជ្ញាធរជាតិអប្សរាសម្រេចបានក្នុងរយៈពេល២៥​​ឆ្នាំកន្លង​មកនេះ គឺធ្វើឡើងនៅចំនួន២ទីតាំងទី១នៅមុខប្រាសាទអង្គរវត្ត​និងទី២នៅព្រះលានជល់ដំរី​នៅ​ក្នុងបរិវេណប្រាសាទបាយ័ន។ ជាមួយគ្នានេះ ពិព័រណ៍ក៏បើកឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ ចូលទស្សនាសិក្សាឈ្វេងយល់បានដោយសេរីផងដែរ។​ក្រៅពីនេះក៏អាច​ទៅទស្សនានៅតាមការដ្ឋានជួសជុលនិងទីតាំងកំណាយស្រាវជ្រាវផ្សេងៗផងដែរ។

ឯកឧត្តម ហង់ ពៅ បានបញ្ជាក់បន្ថែមថា អាជ្ញាធរជាតិអប្សរានឹងប្រារព្ធពិធីអបអរ​សាទរ​ខួប២៥ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៩​ខែកុម្ភៈ ឆ្នាំ២០២០ នៅមុខប្រាសាទ​អង្គរ​វត្ត ដោយមាន​ធ្វើពិធីសាសនាផ្សេងៗផងដែរ។ ​សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាត្រូវបាន​បង្កើតឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥ រហូតមកដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះមាន​រយៈពេល២៥ឆ្នាំហើយ៕

ដោយ ឃុត សៅ