អភិបាលខេត្ដព្រះសីហនុ អញ្ជើញចូលរួមប្រគល់ និងទទួលរថយន្តសង្រ្គោះបន្ទាន់ ០២គ្រឿង របស់ក្រុមគ្រួសារលោក តែ លីហុង ជូនរដ្ឋបាលខេត្ត

AKP ព្រះសីហនុ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ — ក្រុមគ្រួសារលោក តែ លីហុង បានប្រគល់រថយន្តសង្គ្រោះបន្ទាន់ (Ambulance) ចំនួន ០២គ្រឿង ទឹកបរិសុទ្ធចំនួន១០០កេស និងទឹកក្រូច ៣០កេស ឧបត្ថម្ភដល់រដ្ឋបាលខេត្ត​ព្រះសីហនុ សម្រាប់បម្រើការងារមនុស្សធម៌ និងការងារវិស័យសុខាភិបាលក្នុងខេត្ត​ព្រះសីហនុ។ ពិធីប្រគល់ និងទទួលបានធ្វើឡើងនៅសាលាខេត្តព្រះសីហនុ ដោយមានការ​អញ្ជើញចូលរួមពីឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃសុក្រ ៦រោជ ខែមាឃ ឆ្នាំកុរ ឯកស័ក  ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារលោក តែ លីហុង ដែលបានឧបត្ថម្ភនូវរថយន្តសង្គ្រោះបន្ទាន់ (Ambulance) ចំនួន ០២គ្រឿង ទឹកសុទ្ធ ទឹកក្រូច ដើម្បីបម្រើការងារសង្គម និងការងារជួយ សង្គ្រោះជនរងគ្រោះដោយឧបទ្ទវ ហេតុ​ផ្សេងៗ ពិសេសគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងតែកើតមានឡើងជាញឹកញាប់​នៅក្នុងខេត្ត​ព្រះសីហនុ។ ឯកឧត្ដមបានបញ្ជាក់ថា រថយន្តសង្គ្រោះទាំងពីរគ្រឿងនេះ និងប្រគល់បន្តទៅឱ្យ​មន្ទីរសុខាភិបាល ដើម្បីយកទៅដាក់នៅតាមចំណុចគោលដៅតាមមន្ទីរពេទ្យ ឬមណ្ឌល​សុខភាពដែលត្រូវការរថយន្តសង្គ្រោះចាំបាច់ ក្នុងការជួយ សង្គ្រោះជនរងគ្រោះ​នៅក្នុង​ខេត្តរបស់ឱ្យបានទាន់ពេលវេលា ៕

ដោយ ងូ សុមុនី