រដ្ឋបាលខេត្តព្រះសីហនុ ប្រគល់លិខិតថ្លែងអំណរគុណជូនសប្បុរសជនដែលបានជួយ ឧបត្ថម្ភរថយន្តសង្គ្រោះ រថយន្តដឹកទំនិញ និងថ្មក្រាលផ្លូវ

AKP ព្រះសីហនុ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃ គណ:អភិបាលខេត្តព្រះសីហនុ បានប្រគល់លិខិតថ្លែងអំណរគុណជូនសប្បុរសជន ដែលបាន​ជួយឧបត្ថម្ភរថយន្តសង្គ្រោះ រថយន្តដឹកទំនិញ និងថ្មក្រាលផ្លូវដល់រដ្ឋបាលខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃសុក្រ ៦រោជ ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមការងារសង្គមជាមួយរដ្ឋបាលខេត្ត​ព្រះសីហនុ​នាពេលកន្លងមក ខណៈពេលដែលការងារសន្តិសុខ ការអភិវឌ្ឍ ការងារសង្គមជួបកាលំបាក ដោយសារកំណើន នៃការវិនិយោគយ៉ាងគំហុក និងទេសចរ បង្កមានភាពស្មុគ្រស្មាញ និងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយថ្មី។ ឯកឧត្ដម​បានចាត់ទុកការចូលរួមរបស់អស់លោក លោកស្រី ដែលផ្ដល់នូវថវិកាប្រមាណជាង ២០ម៉ឺន​ដុល្លារ ក្នុងការទិញថ្ម គ្រួសមកបម្រើឱ្យហេដ្ឋារចនាសម្ព័ន្ធដែលរងការខូច ខាតដោយភ្លៀង​ហូរច្រោះ និងការដឹកជញ្ជូនសម្ភារសំណង់ បម្រើឱ្យការដ្ឋាន។  ក្រៅពីនេះ ក៏នៅមាន​កិច្ចការ​សង្គមជាច្រើនទៀតដែលអស់ លោក លោកស្រីបានចូលរួម ដូចជាការ ចូលរួមប្រតិបត្តិ​ការ​រុករក ជួយសង្គ្រោះស្ត្រីជនជាតិអង់គ្លេស ដែលបាត់ខ្លួននៅកោះរ៉ុង។ ជាមួយគ្នានេះ ការផ្តល់​រថយន្តសង្គ្រោះ រថយន្តស្ទួច រថយន្តដឹកទំនិញជាបន្តបន្ទាប់ប្រមាណ១២គ្រឿង ដែលជាការ​ងារមនុស្សធម៌បម្រើឱ្យការងារសង្គមក្នុងខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត បាន​ប្រគល់លិខិតថ្លែងអំណរគុណជូនសប្បុរសជនដែលបានចូលរួមប្រតិបត្តិការរុករក ជួយ​សង្គ្រោះ​​ស្ត្រីជនជាតិអង់គ្លេសនៅកោះរ៉ុង ដែលមានអង្គភាព និងសប្បុរសជនចំនួន១០, លិខិតថ្លែងអំណរគុណសប្បុរសជនឧបត្ថម្ភថ្មក្រាលផ្លូវក្នុងក្រុងព្រះសីហនុចំនួន៣៦នាក់ និងលិខិតថ្លែងអំណរគុណឧបត្ថម្ភរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តដឹកទំនិញចំនួន៣រូប ផងដែរ៕

ដោយ ងូ សុមុនី