ប្រធានាធិបតីសហរដ្ឋអាម៉េរិក កោតសរសើរ និងអរគុណដល់កម្ពុជា ដែលបានទទួល និងអនុញ្ញាតឱ្យនាវាWesterdam ចូលចតនៅកំពង់ផែរបស់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ — ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បង្ហោះសារជាសាធារណៈតាមប្រព័ន្ធបណ្ដាញ Twitter ដោយកោតសរសើរ និងអរគុណដល់ប្រទេសកម្ពុជាដែលបានទទួលអនុញ្ញាតឱ្យនាវា Westerdam ចូលចតនៅខេត្ដព្រះសីហនុ។

​ក្នុងសាររបស់ឯកឧត្ដម ដូណា ត្រាំ បានគូសបញ្ជាក់ថា “សូមអរគុណដល់ប្រទេសកម្ពុជាដ៏ស្រស់ស្អាត ដែលទទួលអនុញ្ញាតឱ្យនាវា Westerdam ចូលចតនៅកំពង់ផែរបស់កម្ពុជា។ សហរដ្ឋអាមេរិក នឹងចងចាំពីកាយវិការមនុស្សធម៌នេះ”។

គួររម្លឹកផងដែរថា នាវាទេសចរណ៍ខ្នាតយក្សរបស់អាម៉េរិក Westerdam ដែលផ្ទុកមនុស្សសរុបប្រមាណ២,២០០នាក់ ក្នុងនោះអ្នកទេសចរប្រមាណ១,៤៥៥នាក់ និងបុគ្គលិកបម្រើការ៨០២នាក់ បានចេញដំណើរពីទីក្រុងហុងកុង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីចូលទៅប្រទេសហ្វីលីពីន តែត្រូវអាជ្ញាធរប្រទេសនេះបដិសេធ ដោយបារម្ភខ្លាចអ្នកទេសចរនៅលើនាវានេះមានផ្ទុកជំងឺថ្មី ដែលបង្កដោយមេរោគ «កូរ៉ូណា» ឬ «COVID19»។ បន្ទាប់ពីហ្វីលីពីនបដិសេធមក នាវាទេសចរណ៍ដែលផ្ទុកអ្នកទេសចរភាគច្រើនជាជនជាតិអាម៉េរិក និងប្រទេសនៅអឺរ៉ុបនោះ បានព្យាយាមធ្វើដំណើរលើលំហរសមុទ្រ ដើម្បីទៅរកកន្លែងសំចតនៅតាមបណ្តាប្រទេស និងកោះផ្សេងទៀតមានដូចជា តៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំរបស់អាម៉េរិក និងចុងក្រោយនៅប្រទេសថៃ។ តែអាជ្ញាធរនៅក្នុងប្រទេសទាំងនេះបានបដិសេធមិនឱ្យចូលចតនោះឡើយ បើទោះបីនាយកគ្រប់គ្រងនាវាបានប្រកាស និងបញ្ជាក់ហើយថា អ្នកដំណើរ និងអ្នកបម្រើការងារនៅលើនាវាទាំងអស់ មិនមានអ្នកណាម្នាក់ផ្ទុកមេរោគកូរ៉ូណាថ្មីក៏ដោយ។ ជាមួយគ្នានេះ ទីបំផុតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យនាវាមួយនេះ បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ ហើយធ្វើដំណើរបន្តតាមយន្តហោះត្រឡប់ទៅកាន់ស្រុកកំណើតរបស់ពួកគេវិញ៕

ដោយ រិទ្ធី