រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជូនកុមារកំព្រា ១២០នាក់ ក្នុងខេត្ត

AKP ព្រះសីហនុ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ —  រដ្ឋបាលខេត្តព្រះ សីហនុ បានរៀបចំពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជូនដល់​កុមារកំព្រាក្នុងខេត្ត នៅមណ្ឌលកុមារកំព្រាក្រុងព្រះសីហនុ ស្ថិតនៅសង្កាត់ លេខ៣ ក្រុង ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត​ព្រះសីហនុ មន្ត្រីរាជការក្នុងខេត្តព្រះ សីហនុ និងអាជ្ញាធរក្រុង ស្រុក នៅព្រឹកថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ លោក សម សភា ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា​ខេត្ដព្រះ​សីហនុ បានឱ្យដឹងថា ការរៀបចំសំណេះ សំណាល និងអាហារសាមគ្គីសម្រាប់កុមារកំព្រា​នៅ​ខេត្តព្រះសីហនុ មកពី៧ មណ្ឌល និងមានចំនួន ១១១នាក់ ក្នុងនោះមណ្ឌល នៃបុរីកុមារកំព្រា​របស់រដ្ឋចំនួន២១នាក់ យុវជន ១១នាក់, មណ្ឌលស្នាក់នៅបណ្ដោះអាសន្ន​អង្គការម្លប់តាប៉ាង​ចំនួន ១៧នាក់, មណ្ឌលផ្ទះនៃគ្រួសារចំនួន ២០នាក់, មណ្ឌលកុមារកំព្រាក្រុងព្រះសីហនុ AOG ចំនួន ២៩នាក់, មណ្ឌលទឹកគ្រោះចំនួន ១០នាក់, មណ្ឌលក្តីសង្ឃឹមថ្មីចំនួន ៣នាក់។ ការផ្តល់ប្រាក់ឧបត្ថម្ភរបបគោលនយោបាយរបស់រាជរដ្ឋាភិបាល ជូនដល់យុវជន ជាអតីត​កុមារកំព្រារស់នៅក្នុងមណ្ឌលបុរីកុមារខេត្តព្រះសីហនុចំនួន ១១នាក់ ដែលត្រូវធ្វើសមាហរ​ណកម្ម​ទៅរស់នៅជាគ្រួសារ និងសង្គម។ លោកបន្តថា មន្ទីរជាអ្នកផ្តល់ព្រឹក្សាសម្រាប់មណ្ឌល​នីមូយៗក្នុងការមើលថែទាំ អប់រំកុមារ ស្របតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួង ។

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុមានប្រសាសន៍សំណេះ សំណាល​ជាមួយក្មួយៗកុមារកំព្រាដោយគូសបញ្ជាក់ថា ដោយសារការផ្ដួចផ្ដើមរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ យកថ្ងៃទី១៤ ជាថ្ងៃនៃក្តីស្រឡាញ់សម្រាប់កុមារកំព្រាខេត្តព្រះ សីហនុ ដើម្បីបង្កើននូវភាពកក់ក្តីរវាងថ្នាក់ដឹកនាំ ចំពោះក្មួយៗកុមារកំព្រាមកពី ៧មណ្ឌល​ក្នុងខេត្តព្រះសីហនុ ឆ្លើយតបទៅនឹងភាពយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ចំពោះកុមារកំព្រាទាំងអស់។ លោកស្រីអភិបាលរងខេត្ដបានផ្ដាំផ្ញើឱ្យក្មួយត្រូវខិតខំរៀនសូត្រ​ប្រតិបត្តិខ្លួនឱ្យក្លាយខ្លួនជាកុមារល្អ ៣យ៉ាង គឺសិស្សល្អ កូនល្អ និងមិត្តល្អ ដែលជាទំពាំង​ស្នងឬស្សីក្នុងការចូលរួមចំណែកកសាងសង្គមគ្រួសារ និងសង្គមជាតិ ត្រូវចេះសាមគ្គី​ភាព​ផ្ទៃក្នុង ជួយគ្នាទៅវិញទៅមក ពិសេសត្រូវថែទាំសុខភាពតាមការណែនាំរបស់​ក្រសួងសុខាភិ​បាល ១១ចំណុច ដើម្បីទប់ស្កាត់បង្ការការឆ្លងវីរុសកូរ៉ូណាថ្មី ។ ​លោកស្រីក៏បានណែនាំឱ្យ​ប្រធាន​មណ្ឌលនីមួយៗត្រូវ យកចិត្តទុកដាក់ប្រមូលកុមារកំព្រា​របស់​យើង យកមកអប់រំ ថែទាំកុមារឱ្យបានល្អ ចៀសឱ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ក្លាយខ្លួនជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អនៅថ្ងៃខាងមុខ ។

សូមបញ្ជាក់ថា  ក្នុងកម្មវិធីនេះដែរ ក៏បានឧបត្ថម្ភថវិកា ជូនដល់កុមារកំព្រា ក្នុងម្នាក់ ២ម៉ឺនរៀល ដោយឡែកកុមារ ១១នាក់ ដែលត្រូវធ្វើសមាហរណកម្មទៅរស់នៅជាមួយក្រុម​គ្រួសារ និងសង្គម ក្នុងម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម ប៊ីចេង ១កញ្ចប់ មី ១កេស និងថវិកា ១.០៨០.០០០រៀលផងដែរ ៕

ដោយ ងូ សុមុនី