លទ្ធផលនៃការវិភាគសំណាកអ្នកទេសចរទាំង២០រូប ដែលនៅលើនាវា Westerdam នៅវិទ្យាស្ថានប៉ាស្ទ័រភ្នំពេញ បានបង្ហាញថា គឺអវិជ្ជមានទាំងអស់

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ — លទ្ធផលនៃការវិភាគសំណាកអ្នកទេសចរទាំង២០រូប ដែលនៅលើនាវា Westerdam នៅវិទ្យាស្ថានប៉ាស្ទ័រភ្នំពេញ បានបង្ហាញថា គឺអវិជ្ជមានទាំងអស់ មិនមានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី Covid-19 ទេ នេះបើតាមការឱ្យដឹងពី ឯកឧត្តម លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល នាយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សំណាកអ្នកទេសចរទាំង២០រូបនោះ ត្រូវបានយកមកពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រនៅភ្នំពេញ បន្ទាប់ពីមានអាការៈមិនស្រួលខ្លួនដូចជា មានជំងឺក្រពះ ពោះវៀន និងជំងឺផ្សេងៗទៀត តែពុំមែនជាអាការៈនៃជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី Covid-19 ប៉ុន្តែទោះជាយ៉ាងណាក៏ក្រុមមន្ត្រី នៃក្រសួងសុខាភិបាល សម្រេចយកសំណាករបស់ពួកគេមកពិនិត្យ ហើយលទ្ធផលបង្ហាញថាអវិជ្ជមានទាំងអស់។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យនាវាទេសចរណ៍ខ្នាតយក្ស ដែលមានម្ចាស់ជាជនជាតិហូឡង់កាត់អាម៉េរិក និងមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលផ្ទុកមនុស្សជាង២.២០០នាក់ ចូលសំចតនៅកំពង់ផែក្រុមព្រះសីហនុ ក្រោយពីប្រទេស និងកោះមួយចំនួន បានបដិសេធមិនឱ្យនាវាដ៏ធំមួយនេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរ មានផ្ទុក Covid-19។

ការសម្រេចចិត្តរបស់កម្ពុជានេះ ទទួលបាននូវការសាទរ និងដឹងគុណពីសំណាក់មជ្ឈដ្ឋានផ្សេងៗ ដូចជា ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា អង្គការសុខភាពពិភពលោក និងស្ថានទូតអាមេរិក ប្រចាំកម្ពុជា ជាដើម។
នៅលើទំព័រហ្វេសប៊ុករបស់ខ្លួននាយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណដល់ អាជ្ញាធរកម្ពុជាដែលបានផ្តល់សិទ្ធិឱ្យនាវា Westerdam ចូលចត និងសម្តែងនូវការអាណិតអា សូរ ចំពោះអ្នកដំណើរ និងសមាជិកនាវិកនៃនាវាទាំងអស់ ដោយសង្ឃឹមថាពួកគាត់ នឹងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាពនាពេលឆាប់ៗ ។

ចំណែកឯប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការត្រួសត្រាយផ្លូវដល់នាវាទេសចរណ៍ Westerdam ចូលចត ដែលនេះជាសកម្មភាពមួយ ដើម្បីទប់ស្កាត់ភាពវិលវល់ និងអារម្មណ៍ភ័យខ្លាច នៃវីរុស Covid-19 ។

ជាមួយគ្នានេះដែរ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ក៏បានសម្តែងកោតសរសើរដល់កម្ពុជា ដែលបានអនុញ្ញាតឱ្យនាវា Westerdam របស់ក្រុមហ៊ុន Holland America Line ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ។

សម្តេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam ក្នុងឋានៈជាម្ជាស់ផ្ទះដែលមានសាមគ្គីភាព និងការទទួលខុសត្រូវ។

ដោយ ផែន រតនៈ