សម្ដេចតេជោ ហ៊ុន សែន៖ ព្រឹកស្អែកថ្ងៃ១៤ ខែកុម្ភៈ ខ្ញុំនឹងទៅស្វាគមន៍ពួកគេ​នៅ​លើ​នា​វាទេសចរណ៍ ក្នុងខេត្តព្រះសីហនុ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ​ឆ្នាំ២០២០ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បាន​គូសបញ្ជាក់ថា នៅព្រឹកស្អែកថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចនឹងទៅ​ស្វាគមន៍​ពួកគេ​នៅ​លើវានា​ទេសចរណ៍ក្នុងខេត្តព្រះសីហនុក្នុងឋានៈជាម្ជាស់ផ្ទះដែលមានសាមគ្គីភាព និងការ​ទទួលខុសត្រូវ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេច​តេជោ ហ៊ុន សែន បានសរសេរថា អរគុណសន្តិភាព ដោយសារតែកម្ពុជាមានសន្តិភាព​ទើប​ខ្ញុំហ៊ានសម្រេចចិត្តទទួលយកនាវាទេសចរណ៍ដ៏ធំដែលគ្មានកន្លែងចូលចតឱ្យមក​ចូលចត​នៅ​កំពង់ផែក្រុងព្រះសីហនុដើម្បីជួយដល់អ្នកដែលស្ថិតនៅលើនាវាអស់រយៈ​ពេល១៣ថ្ងៃមក​ហើយឱ្យបានវិលត្រឡប់ទៅប្រទេសពួកគេវិញដោយសុវត្ថិភាព។

សម្ដេចតេជោក៏សុំអរគុណអង្គការសុខភាពពិភពលោក និងប្រទេសនានាដែលមាន​ពលរដ្ឋ​ខ្លួនស្ថិតនៅលើនាវាដែលបានផ្តល់នូវការជឿទុកចិត្តដល់កម្ពុជា។ សម្ដេចតេជោនាយក​រដ្ឋ​មន្រ្ដីក៏បានលើកឡើងថា ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងពេលលំបាក៕

ដោយ រិទ្ធី