ឯកឧត្ដម ឃួង ស្រេង ស្នើឱ្យរដ្ឋបាលខណ្ឌព្រែកព្នៅ បន្ដដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ 

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យរដ្ឋបាលខណ្ឌព្រែកព្នៅ បន្ដ ដោះស្រាយបញ្ហាប្រឈមនានាចំពោះមុខ ជូនប្រជាពលរដ្ឋឱ្យបានល្អ ព្រោះទង្វើទាំងអស់នោះ ដែលធ្វើឱ្យខណ្ឌទទួលបានកិត្តិយសល្អ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា  កិត្តិយសដែលរដ្ឋបាល ខណ្ឌព្រែកព្នៅទទួលបានពីប្រជាពលរដ្ឋនោះគឺ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់បានល្អ ពិសេសការ រំដោះចរាចរណ៍នៅតំបន់ផ្សារព្រែកព្នៅ ដែលបង្កលក្ខណៈងាយស្រួលដល់ការធ្វើ ដំណើររបស់ប្រជាពល រដ្ឋដោយគ្មានការរំខាននិងប្រកបដោយសុត្ថិភាព។

ឯកឧត្តមបានថ្លែងបែបនេះ ខណៈដែលឯកឧត្តម អញ្ជើញចូលរួមក្នុងពិធីប្រកាស ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។     ឯកឧត្តមបានបញ្ជាក់ទៀតថា ការដោះស្រាយបញ្ហាប្រឈមនានា ចំពោះមុខជូនប្រជាពលរដ្ឋ ដែលធ្វើឱ្យខណ្ឌទទួលបានកិត្តិយស និងសេចក្ដីថ្លៃថ្នូរ។ ប៉ុន្ដែក្នុងនាម ឯកឧត្តមជាថ្នាក់ដឹកនាំ រាជធានីភ្នំពេញ សូមឱ្យអាជ្ញាធរខណ្ឌ និងអធិការខណ្ឌត្រូវបន្តដោះស្រាយ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់នេះបន្តទៀត ដើម្បីនៅតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋ

ជាមួយគ្នានោះ ឯកឧត្តម ឃួង ស្រេង ក៏ស្នើសុំទៅដល់អភិបាលខណ្ឌទំាងអស់ ពិសេសខណ្ឌ ព្រែកព្នៅ ត្រូវដោះស្រាយបញ្ហាសំណង់មិនរៀបរយនៅតាមបឹង ប្រឡាយរបស់រដ្ឋ ពោលគឺដោះស្រាយ ផលប៉ះពាល់ជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ក្នុងបរិបទប្រទេសកម្ពុជាអនុវត្តន៍គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលមានគោលបំណងសំខាន់ៗចំនួន៣គឺ ដើម្បីឱ្យរដ្ឋបាលថ្នាក់ ក្រោមជាតិដំណើរការទៅប្រកបដោយភាពរលូនរួមាន៖ ទី១. គឺការពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឱ្យចាក់គ្រឹះនៅមូលដ្ឋានតាម រយៈការបោះឆ្នោតក្រុមប្រឹក្សាខេត្ត  ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលជាតំណាងរបស់ប្រជាពលរដ្ឋ និងជាតួអង្គដ៏សំខាន់ក្នុងការគ្រប់ គ្រងរដ្ឋបាលមូលដ្ឋាន តាមរយៈអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិនៅក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន។ ទី២. គឺលើកកម្ពស់ និងប្រសិទ្ធភាពនៃការអភិវឌ្ឍ តាមរយៈរចនាសម្ព័ន្ធគ្រប់គ្រង ស្របតាមនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅផ្ទេរមុខងារ និងធនធានទៅឱ្យថ្នាក់ក្រោមជាតិ ដែលនៅមានលទ្ធភាព មានភាពជាម្ចាស់ និងការទទួលខុសត្រូវក្នុងការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ដើម្បី ដោះស្រាយបញ្ហា ប្រឈមជាក់ស្តែងនានារបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។ ទី៣. ការលើកកម្ពស់ ភាពជាម្ចាស់របស់ ប្រជាពលរដ្ឋនៅមូលដ្ឋានពាក់ព័ន្ធ និងការដឹកនាំ អភិវឌ្ឍការ មូលដ្ឋានសំដៅចូល រួមកាត់បន្ថយភាពក្រីក្រ ដើម្បីលើកកម្ពស់គុណភាព ជីវភាពរបស់ប្រជាពលរដ្ឋ៕

ដោយ សួស សំរិត