ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោកនៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ — ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោកនៅលើដងផ្លូវក្នុងខេត្តក្រចេះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

យុទ្ធនាការផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោកនៅខេត្តក្រចេះនេះ ធ្វើឡើងរយៈ ពេលពេញមួយព្រឹក ដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមសហការ ពីមន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងការិយាល័យចរាចរាណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តនៅលើទីតាំងផ្លូវ ៣៧៧ ស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ។

លោក សេន ជាតិវិសុទ្ធ អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកនាពេលនេះ គឺក្នុងគោលបំណង ពញ្ញាក់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យយល់កាន់តែច្បាស់អំពី ច្បាប់ស្តីពី ចរាចរាណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតមានជារៀងរាល់ថ្ងៃ។

លោកអនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបញ្ជាក់ថា យុទ្ធនាការអប់រំផ្សព្វផ្សាយ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ គឺធ្វើឡើងនៅគ្រប់២៥ រាជធានី ខេត្ត ដោយមានការអប់រំ ផ្សព្វផ្សាយ និងអប់រំណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ ចរាចរណ៍ផ្លូវគោក ប្រើប្រាស់ផ្លូវថ្នល់ដោយការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវបើកបរក្រោម ឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត ត្រូវចេះគោរពសិទ្ធិអាទិភាព និងមានការអធ្យាស្រ័យ ខ្ពស់រាល់ពេលបើកបរ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវផងដែរ។

នៅក្នុងយុទ្ធនាការផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកនៅខេត្តក្រចេះ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍នោះ ក៏មានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក និងរៀបចំកម្មវិធីសួរ និងឆ្លើយនូវសំណួរពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីទទួលបាន មួកសុវត្ថិភាពជារង្វាន់ តាមរយៈកម្មវិធី Cambodia Driving Rule ដែលជាកម្មវិធីបង្កើត ឡើងដោយ ក្រសួងសារធារណការ និងដឹកជញ្ជូន៕

ដោយ  ជួន សុជាតិ