ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង  អញ្ជើញពិនិត្យការចូលចតរបស់នាវា Westerdam នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ — នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យការចូលចតរបស់នាវា Westerdam នៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ដោយមានការសុំ ចូលចតនាវា Westerdam នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅម៉ោង៦ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេស និងមន្ត្រីសុខាភិបាលរបស់យើងកំពុងធ្វើការងារ គ្រប់គ្រងជួយសម្រួលដល់ភ្ញៀវទេសចរនៅលើនាវា ដើម្បីមានវិធានការការពារការឆ្លងនូវវីរុស កូរ៉ូណាថ្មី  យើងមានការចាប់អារម្មណ៍សំខាន់ គឺជួយដល់ភ្ញៀវទេសចរនៅលើនាវា ដែលមាន មនុស្សសរុបប្រមាណជាង ២.០០០នាក់ ភ្ញៀវទេសចរសរុប ១.៤៥៥នាក់ ក្នុងនោះភ្ញៀវទេសចរ សហរដ្ឋអាមេរិកចំនួន៦៥១នាក់ កាណាដាចំនួន២៧១នាក់ ចក្រភពអង់គ្លេសចំនួន ១២៧នាក់ ភ្ញៀវទេសចរសញ្ជាតិផ្សេងទៀត និងមាននាវិកប្រមាណ៨០០នាក់។

ឯកឧត្តមអភិបាលខេត្តបន្តថា ក្នុងក្របខ័ណ្ឌខេត្ត យើងបានធ្វើសកម្មភាពស្របនឹង ផែនការមនុស្សធម៌របស់រាជរដ្ឋាភិបាលកម្ពុជា នៅពេលនាវាមកដល់យើងបានបញ្ជូន ក្រុមមន្ត្រីជំនាញឡើងទៅយកសំណាកជនបរទេសទាំង២០នាក់ មកទល់ពេលនេះក្រុមការ ងារបានយកសំណាករួចរាល់ហើយ បញ្ជូនពីលើនាវាមកកាន់ដីកោក យើងនឹងត្រៀមបញ្ជូន សំណាកទាំងអស់នោះ យកទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ។ ក្រៅពីនោះយើង នឹងរៀបចំភ្ញៀវទេសចរ ដែលសុំចុះនៅខេត្តព្រះសីហនុ ដើម្បីបន្តដំណើរតាមជើងយន្តហោះ ទៅកាន់រាជធានីភ្នំពេញ និងប្រទេសកំណើតរបស់ពួកគេ។ ក្រុមការងារអន្តោប្រវេសន៍របស់ យើងកំពុងធ្វើការរៀបចំផ្ទៀងផ្ទាត់អ្នកទេសចរដែលមានសំបុត្រយន្តហោះ ដើម្បីត្រៀម លក្ខណៈឱ្យគាត់ចុះនៅកំពង់ផែរបស់យើង និងបន្តដំណើរត្រង់ពីកំពង់ផែទៅកាន់ ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដើម្បីធ្វើការហោះចេញទៅកាន់រាជធានីភ្នំពេញ។

ទន្ទឹមនោះ យើងក៏ធ្វើការពិនិត្យសុខភាពរបស់ពួកគាត់ម្តងម្នាក់ៗបន្ថែមទៀត ដើម្បីឱ្យមានភាព ជាក់លាក់ថា គាត់ពិតជាមានសុខភាពល្អប្រសើរ យើងក៏មានការ ប្រុងប្រយ័ត្នដែរ មិនឱ្យពួកគាត់ដើរសេរី នេះគឺជាការបង្កាឱ្យកាន់តែច្រើនថែមទៀត សម្រាប់ប្រជាពលរដ្ឋរបស់យើងផងដែរ និងធានាសុវត្ថិភាពដល់អ្នកពាក់ព័ន្ធ ប្រសិនបើភ្ញៀវមិនមានសំបុត្រយន្តហោះ គឺរក្សាគាត់នៅលើនាវាបន្ត។

ឯកឧត្តមបានបន្តថា តាមការស្នើសុំរបស់នាវាចូលចតនៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។ យើងក៏មានក្រុមគ្រូពេទ្យ ជំនាញ  នគរបាលអន្តោប្រវេសន៍ និងក្រុមអ្នកបើកបររថយន្ត ពួកគាត់ជាអ្នកនៅជិតជា មួយភ្ញៀវទេសចរដើម្បីធានាថា ការរៀបចំរបស់យើងត្រូវមានសុវត្ថិភាព។ ម្យ៉ាងសម្រាប់អ្នក ដែលមានការពាក់ព័ន្ធទាំងអស់នេះ យើងរៀបចំបញ្ជីឈ្មោះចំនួនពិតប្រាកដ ដើម្បីបន្តតាម ដានសុខភាពរបស់ពួកគាត់៕

ដោយ ងូ សុមុនី