កប៉ាល់ទេសចរណ៍ Westerdam ពុំទាន់បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅឡើយទេ នៅរសៀលនេះ

AKP ព្រះសីហនុ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ — នាវាទេសចរណ៍ខ្នាតយក្សរបស់អាម៉េរិកមួយគ្រឿងឈ្មោះ Westerdam ពុំទាន់បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅឡើយទេ មកទល់រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បើទោះជាទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ។ នេះបើតាមការបញ្ជាក់ពីអ្នកយកព័ត៌មាន នៃមន្ទីរព័ត៌មានខេត្តព្រះសីហនុ នារសៀលនេះ។

ការយឺតយ៉ាវនៃការចូលចតនេះ ក៏ព្រោះតែមានភ្ញៀវទេសចរចំនួន២០នាក់ មានអាការៈពុំស្រួលខ្លួន ដូចជា វិលមុខ មានបញ្ហាក្រពះ និងពោះវៀន ។ល។ ប៉ុន្តែពុំមាននរណាម្នាក់មានរោគសញ្ញាពាក់ព័ន្ធនឹងជំងឺរលាកផ្លូវដង្ហើម Covid-19 នោះទេ។ ទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល បានយកសំណាកនៃអ្នកទេសចរទាំង២០រូបនោះ បញ្ជូនទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ ដើម្បីធ្វើការបញ្ជាក់មុននឹងអនុញ្ញាតឱ្យកប៉ាល់នេះចូលចត។ ហើយអ្នកទេសចរទាំង២០នាក់នេះក៏ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនៅលើកប៉ាល់ផងដែរ។

ប្រភពព័ត៌មានដដែលបានឱ្យដឹងផងដែរថា ក្នុងឱកាសនៃការរងចាំនៅកំពង់ផែស្វយ័តនៅខេត្តព្រះសីហនុនោះ ឃើញមានវត្តមានរបស់ថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរខេត្តព្រះសីហនុ ក៏ដូចជាតំណាងស្ថានទូត នៃប្រទេសមួយចំនួន ដែលមានអ្នកទេសចររបស់ខ្លួននៅលើកប៉ាល់នោះផងដែរ។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីយប់មិញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចត គឺដោយសារហេតុផលមនុស្សធម៌។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា “ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឱ្យនាវានេះចូលចត តើត្រូវឱ្យពួកគេទៅណា បើគេបានបិទអស់ហើយ ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ។ ការអនុញ្ញតឱ្យចូលនេះ បង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន។”

សម្តេចតេជោបានបន្តទៀតថា យើងត្រូវសហការគ្នា ទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ កិច្ចការនេះបង្ហាញពីការងារមនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជាសម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។ សម្ដេចតេជោបានលើកឡើងថា “បើគេមិនទទួល កម្ពុជាទទួល ហើយកម្ពុជាក៏ចង់បង្ហាញថា កម្ពុជាមិនមែនគ្រាន់តែសហការជាមួយចិននោះទេ គឺធ្វើជាមួយគ្រប់ជាតិសាសន៍ទាំងអស់ ព្រោះបញ្ហានេះវាក្លាយជាបញ្ហាប្រឈម ជាសកលរួចទៅហើយ និងម្យ៉ាងទៀតបញ្ហាមនុស្សធម៌ក៏គ្មានព្រំដែនដែរ។ យើងត្រូវតែជួយពួកគេនៅពេលដែលពួកគេសុំឱ្យយើងជួយ យើងត្រូវតែជួយគេប្រកបដោយស្មារតីទទួលខុសត្រូវ។”

សូមបញ្ជាក់ថា បន្ទាប់ពីការប្រកាសអនុញ្ញាតឱ្យកប៉ាល់ទេសចរណ៍នេះចូលចត ឃើញមានការថ្លែងសារអរគុណពីសំណាក់ស្ថាប័នមួយចំនួន ក្រុមហ៊ុនគ្រប់គ្រងកប៉ាល់នេះ ព្រមទាំងប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus ដែលបានសរសេរថ្លែងអំណរគុណចំពោះកម្ពុជានៅលើបណ្តាញ twitter ថា « ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ការត្រួសត្រាយផ្លូវដល់នាវាទេសចរណ៍ Westerdam ដែលនេះជាសកម្មភាពមួយ ដើម្បីទប់ស្កាត់ភាពវិលវល់ និងអារម្មណ៍ភ័យខ្លាច នៃវីរុស COVID-19។ » ចំណែកឯ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះទង្វើមនុស្សធម៌របស់អាជ្ញាធរកម្ពុជា ដែលបានអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam និងអ្នកទេសចរ ដែលភាគច្រើនជាជនជាតិអាម៉េរិក ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ៕

ដោយ ផែន រតនៈ