នាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាមួយនឹងការដឹងគុណ ដល់ប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ — នាវាទេសចរណ៍ខ្នាតយក្សរបស់អាម៉េរិកមួយគ្រឿងឈ្មោះ Westerdam បានចូលចតនៅកំពង់​ផែ​ស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បន្ទាប់ពី​ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។

នាវានេះមានភ្ញៀវទេសចរ និងនាវិកចម្រុះជាតិសាសន៍ ជាង២.២០០ នាក់ ត្រូវបាន​បដិសេធមិនឱ្យចូលចតពីប្រទេសចំនួន០៥ ដោយសារតែការភ័យខ្លាចពីការឆ្លងជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (COVID-១៩) ទោះបីជានាវានោះអះអាងថា​មិនមានអ្នក​ដំណើរ​ណា​មួយមានឆ្លងជំងឺនេះក៏ដោយ ដែលធ្វើឱ្យនាវាប្រឈមនឹងការខ្វះស្បៀង ទឹក និងប្រេង។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីយប់មិញ សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពី​ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចត គឺដោយសារហេតុផលមនុស្សធម៌។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា “ហេតុអ្វី​ត្រូវ​សម្រេចអនុញ្ញាតឱ្យនាវានេះចូលចត តើត្រូវឱ្យពួកគេទៅណា បើគេបានបិទអស់ហើយ ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណា​នោះទេ។ ការអនុញ្ញតឱ្យចូលនេះ បង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាន​នៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួម​សង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន។”

សម្តេចតេជោបានបន្តទៀតថា យើងត្រូវសហការគ្នា ទាំងអ្នកជាប់នៅលើនាវា ដើម្បី​ជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ កិច្ចការនេះ​បង្ហាញ​ពីការងារមនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជាសម្រាប់មនុស្ស​លើពិភព​លោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។ សម្ដេចតេជោបានលើកឡើងថា “បើគេមិនទទួល កម្ពុជាទទួល ហើយកម្ពុជា​ក៏ចង់​បង្ហាញថា កម្ពុជាមិនមែនគ្រាន់តែសហការ​​ជាមួយចិននោះទេ គឺធ្វើជាមួយគ្រប់ជាតិសាសន៍ទាំងអស់ ព្រោះបញ្ហានេះវាក្លាយជា​បញ្ហា​ប្រឈម ជាសកលរួចទៅហើយ និងម្យ៉ាងទៀតបញ្ហាមនុស្សធម៌ក៏គ្មានព្រំដែនដែរ។ យើង​ត្រូវតែជួយពួកគេនៅពេលដែលពួកគេសុំឱ្យយើងជួយ យើងត្រូវតែជួយគេប្រកប​ដោយស្មារតី​ទទួលខុសត្រូវ។”

ក្រុមហ៊ុន Holland America Line និងអ្នកដំណើរដែលកំពុងស្ថិតនៅលើនាវា Westerdam បានសរសេរសារនៅលើបណ្តាញ Facebook ដោយសូមថ្លែង​អំណរគុណយ៉ាង​ជ្រាលជ្រៅបំផុតចំពោះកម្ពុជា ដែលបានគាំទ្រ និងអនុញ្ញាតឱ្យកប៉ាល់របស់ខ្លួន​បានចូលចត​នៅកំពង់ផែក្រុងព្រះសីហនុ។ ជាមួយគ្នានេះ នៅក្នុងសារមួយនៅលើបណ្តាញសង្គម Twitter ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ក៏បានសម្តែងការ​កោតសរសើរយ៉ាងខ្លាំងចំពោះទង្វើមនុស្សធម៌របស់អាជ្ញាធរកម្ពុជា ដែលបានអនុញ្ញាតឱ្យនាវា​ទេសចរណ៍ Westerdam និងទេសចរ ដែលភាគច្រើនជាជនជាតិអាម៉េរិកឱ្យ​ចូលចតនៅ​កំពង់ផែក្រុងព្រះសីហនុ៕

ដោយ នីកា