ពិធីប្រកាសសមាហរណកម្មបុគ្គលិកនៅក្នុងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលស្រុកកំពង់ត្រឡាច

AKP កំពង់ឆ្នាំង ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០–នៅព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលាស្រុកកំពង់ត្រឡាច បានរៀបចំពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង​ ស្រុក ខណ្ឌ ហើយការប្រកាសនេះគឺ យោងតាមសេចក្តីណែនាំលេខ ០៧១ ស.ណ.ន ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ របស់គណៈកម្មា ធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្ដីពីដំណើរការសមាហរណកម្មបុគ្គលិកដែលកំពុងបម្រើការងារនៅតាមរដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងការិយា ល័យជំនាញនានានៅថ្នាក់ ក្រុង ស្រុក ខណ្ឌ ទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ពិធីប្រកាសដាក់ដំណើរការរចនាសម្ព័ន្ធថ្មីនៅរដ្ឋបាលស្រុកកំពង់ត្រឡាចក្រោមអធិបតី ឯកឧត្តម ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីលោក លោកស្រីតំណាងមន្ទីរជុំវិញខេត្ត ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីគណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាដែលត្រូវធ្វើសមាហរណកម្មនៃរចនាសម្ព័ន្ធថ្មី តំណាងអង្គការសមាគមដែលធ្វើសកម្មភាពនៅក្នុងស្រុក លោក លោកស្រីមេឃុំ ជំទប់ និងស្មៀនឃុំ តំណាងប្រជាពលរដ្ឋនៅមូលដ្ឋានចំនួន ១៥០នាក់ ។

ឯកឧត្តម ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង បានធ្វើការណែនាំអំពីដំណើរការរៀបចំពិធីប្រកាសរចនាសម្ព័ន្ធថ្មី គឺត្រូវលើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និង សហវិមជ្ឈការ នៅថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ ឱ្យមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ។

ឯកឧត្តម បានបន្តទៀតថា ក្នុងការអនុវត្តគោលនយោបាយនេះ គឺមានគោលបំណងសំខាន់ៗ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដំណើរការទៅដោយរលូន ពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ឱ្យចាក់គ្រឹះនៅមូលដ្ឋាន តាមរយៈការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលជាតំណាងរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ។

ឯកឧត្តម ហេង ពិទូ បានថ្លែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលស្រុក កំពង់ត្រឡាច ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការកសាង និងអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ៕

ដោយសោម ឫទ្ធី