ខេត្តកំពង់ស្ពឺ កំពត និងខេត្តកែប រកបាន៣ពិន្ទុដូចគ្នាវគ្គជម្រុះថ្នាក់ខេត្តពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០–ក្រុមបាល់ទាត់ខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តកែប សុទ្ធតែរកបាន៣ពិន្ទុដូចគ្នា ក្រោយពីបានយកឈ្នះលើគូប្រកួតរៀងៗខ្លួន ក្នុងការប្រកួតវគ្គសន្សំពិន្ទុវិល ជុំក្នុងពូល កាលពីល្ងាចថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នៅកីឡដ្ឋានខេត្ត៣ផ្សេងៗពីគ្នា នៃព្រឹត្តិការណ៍កីឡាបាល់ទាត់ ថ្នាក់ខេត្ត ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៤ រដូវកាល២០២០។

៣ក្រុមដែលសម្រេចបាន៣ពិន្ទុពីលើគូប្រកួតរៀងៗខ្លួននោះ រួមមាន៖ ក្រុមខេត្តកំពង់ស្ពឺ បានយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តតាកែវ ដោយលទ្ធផល ២ទល់១ ខណៈខេត្តកំពតយកឈ្នះខេត្តព្រះសីហនុ ដោយលទ្ធផល ២ទល់១ រីឯក្រុមខេត្តកែបប្រកួតឈ្នះ ៤ទល់២ ជាមួយខេត្តកោះកុង។

សម្រាប់ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាលថ្មីនេះ ត្រូវបានចែកចេញជាពីរថ្នាក់ គឺការប្រកួតជម្រុះថ្នាក់ខេត្ត និងថ្នាក់ជាតិ ហើយការប្រកួតថ្នាក់ខេត្តមានក្រុមចូលរួមចំនួន ១៧ក្រុម ដោយត្រូវបានចែកចេញជា៥ពូល។ ចំពោះរូបមន្តវគ្គ៨ក្រុមចុងក្រោយថ្នាក់ខេត្តនេះ គឺយក៥ក្រុម ដែលជាក្រុមខ្លាំងៗលើកំពូលតារាងនៃពូលទាំង៥ ខណៈ៣ក្រុមទៀត គឺជាក្រុមចំណាត់ថ្នាក់លេខ២នៃពូលទាំង៥ គឺជាក្រុមដែលត្រូវបានចាត់ទុកថាជាក្រុមល្អផ្តាច់គេ ដើម្បីបង្គ្រប់៨ក្រុម។ ក្រុមទាំង៨នឹងត្រូវបន្តការប្រកួតរហូតដល់វគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។ បន្ទាប់ពីបញ្ចប់ការប្រកួតថ្នាក់ខេត្តទាំងស្រុងហើយនោះ គឺក្រុមជ័យលាភី៤ក្រុម ពីចំណាត់ថ្នាក់លេខ១ ដល់លេខ៤ នឹងត្រូវឡើងទៅប្រកួតថ្នាក់ជាតិជាមួយក្រុមលីគកំពូលកម្ពុជាចំនួន ១២ក្រុម ក្នុងចំណោម ១៣ក្រុម (ក្រុមយុវជនបាទីអាយុក្រោម១៨ឆ្នាំមិនចូលរួម)។ វគ្គជម្រុះថ្នាក់ជាតិ ដែលមាន ១៦ក្រុមនឹងត្រូវចាប់ឆ្នោតចែកពូលជាថ្មី ដោយនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី០៧ ខែមិថុនា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០។

សូមរម្លឹកថា ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ រដូវកាល២០១៩កន្លងទៅ ក្រុមខេត្តត្បូងឃ្មុំ គឺជាម្ចាស់ជើងឯកថ្នាក់ខេត្ត រីឯជើងឯកថ្នាក់ជាតិ គ្រប់គ្រងដោយក្រុមបឹងកេត ដែលបានឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ជាលើកដំបូងរបស់ខ្លួន៕

ដោយហេង ណាលីន