សម្តេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធអគារសិក្សា នៅស្រុកសង្កែ

AKP បាត់ដំបង ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ — នៅព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារសិក្សាអនុវិទ្យាល័យស្វាស ១ខ្នង ស្មើនឹង ៥បន្ទប់ នៅឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាកជិក រដ្ឋសភា ព្រឹទ្ធសភា ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត លោក លោកស្រី អាជ្ញាធរមូលដ្ឋាន យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហម តាជីយាយជី និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក សុខ ហឿង អភិបាលស្រុកសង្កែ បានធ្វើរបាយការណ៍សង្ខេបអំពីការរៀបចំបរិវេណសាលាអនុវិទ្យាល័យ និងអគារសិក្សា ដោយបានបំពាក់គ្រឿងសង្ហារិម ក្នុងការសាងសង់អគារសិក្សា ដែលបានចំណាយថវិកាសរុប ១៣៣.០០០ដុល្លារអាម៉េរិក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម និងលោកជំទាវ ។

សម្តេចក្រឡហោម​ ស​ ខេង បានថ្លៃងអំណរគុណដល់ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកសង្កែ ដែលបានដោះស្រាយបញ្ហានៅមូលដ្ឋាន ជាពិសេសបានសាងសង់អគារសិក្សា ១ខ្នង នាឱកាសនេះជាតម្រូវការចាំបាច់នៅមូលដ្ឋានផងដែរ។

ក្នុងពិធីសម្ពោធនេះ សម្តេចក្រឡាហោម ក៏បានផ្ដល់ថវិកាសម្រាប់សាងសង់នូវអគារសិក្សាថ្មី ១ខ្នង ស្មើនឹង ៥បន្ទប់ បន្ថែមទៀត នៅសាលាបឋមសិក្សាបឹងទឹម ភូមិបឹងទឹម ឃុំតាប៉ុន និងធ្វើផ្លូវបន្តដោយក្រាលកៅស៊ូទៅដល់ភូមិបឹងទឹម មានប្រវែងប្រមាណ ៤គីឡូ ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច ដោយនឹងអនុវត្តន៍នៅឆ្នាំ២០២០នេះផងដែរ។

នៅក្នុងពិធីសម្ពោធនេះដែរ សម្តេចក្រឡាហោម ក៏បានឧបត្ថម្ភដល់យាយជី តាជី ចំនួន ៥០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស ១ដុំ ថវិកា ១ម៉ឺនរៀល លោកគ្រូអ្នកគ្រូ ១៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល សិស្សានុសិស្សចំនួន ២៣១នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ ២ក្បាល ប៊ិច ២ដើម និងថវិកា ៥ពាន់រៀល សិស្សកាយឫទ្ធិ ៥០នាក់ សិស្សកាកបាទក្រហម ៥០នាក់ សិស្សសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន ៥០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល និងប្អូនបងប្រជាពលរដ្ឋ ៧០០នាក់ ក្នុងម្នាក់ៗទទួលសារុងចំនួន ១ ផងដែរ ៕

ដោយ ណយ នឿន (ប្រភពៈ រដ្ឋបាលខេត្តបាត់ដំបង)