លោកជំទាវ ចឹក ហេង អញ្ជើញក្នុងពិធីក្រុងពលី បញ្ចុះបឋមសិលា សាងសង់ទីស្នាក់ការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកគូលែន

AKP ព្រះវិហារ ថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ២០២០ — ឯកឧត្តម ម៉ុម ចន្ទលី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងលោកជំទាវ ចឹក ហេង អភិបាលរងខេត្តព្រះវិហារ ជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារ បានអញ្ជើញចូលរួមក្នុងពិធីក្រុងពលី បញ្ចុះបឋមសិលាសាង សង់ទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា នៅស្រុកគូលែន កាលពីថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ និងមានការ ចូលរួមពីសមាជិក សមាជិកា គណៈកិត្តិយសអនុសាខា គណៈកម្មាធិការអនុសាខា ក្រុម ប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា វិទ្យាល័យ គូលែន និងមន្ត្រីការិយាល័យជុំវិញស្រុក។

លោកជំទាវ ចឹក ហេង បានមានប្រសាសន៍ថា ការសាងសង់ទីស្នាក់ការ អនុសាខា កាកបាទក្រហមកម្ពុជា នៅស្រុកគូលែននេះឡើង គឺដើម្បីបម្រើការងារមនុស្សធម៌ ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះនៅមូលដ្ឋាន។ មកដល់ពេលនេះ អគារទីស្នាក់ការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកមួយចំនួន បាន និងកំពុងធ្វើការសាងសង់ជាបន្តបន្ទាប់ ។ ការសង់អគារទីស្នាក់ការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកគូលែន គឺ ដើមី្បឱ្យគ្រប់ បណ្តាក្រុង ស្រុក ត្រូវតែមានទីស្នាក់ការអនុសាខា ដែលជាទីកន្លែង បំពេញការងារ មនុស្សធម៌សមរម្យមួយ មានអនាម័យ បរិស្ថានល្អ ហើយក៏ជាទីសេនាធិការ ក្នុងការផ្តល់ នូវព័ត៌មានជាបន្ទាន់ របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ ជូនដល់ សាខាកាកបាទក្រហមកម្ពុជាខេត្ត។

លោកជំទាវក៏បានគូសបញ្ជាក់ថា គ្រប់បណ្តាស្រុកត្រូវកំណត់នូវទីតាំងសម្រាប់ ធ្វើការសាងសង់អគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុក ក្រុង ឱ្យបានសមស្របទៅតាមស្តង់ដារ ធានានូវគុណភាពក្នុងការប្រើប្រាស់ និងតាមលិខិតបទដ្ឋាន របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹក នាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ក្នុងនោះលោកជំទាវបានសុំឱ្យលោកប្រធានគណៈកម្មាធិការអនុសាខា ក៏ដូចអាជ្ញាធរ ត្រូវរួមគ្នាធ្វើការដាំកូនឈើដែលផ្តល់ផលប្រយោជន៍ នៅក្នុងបរិវេណទីស្នាក់ការក៏ដូចនៅ តាមដងផ្លូវសាធារណៈ ក្នុងការលើកកម្ពស់តំបន់ក្រវាត់បៃតង ឱ្យស្របតាមយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល ក្នុងការពង្រីកតំបន់ទេសចរណ៍បៃតង ទេសចរណ៍ម្នាក់ដើមឈើមួយដើម៕

ដោយ ទិត ស្រ៊