ឯកឧត្តម វ៉ី សំណាង  អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកសំរោងទង

AKP កំពង់ស្ពឹ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ — នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃ គណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនា សម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកសំរោងទង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ ក្រុមប្រឹក្សា ស្រុក ឃុំ ប្រមាណ១៥៣នាក់។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ប្រទេសកម្ពុជា បានចាប់ផ្តើម អនុវត្តន៍កម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដោយចាប់ផ្តើម អនុវត្តន៍នៅថ្នាក់ឃុំ សង្កាត់តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅឆ្នាំ២០២០។ ផ្អែកលើបទ ពិសោធន៍ និងលទ្ធផលវិជ្ជមានដែលសម្រេចបាននៅថ្នាក់ឃុំ សង្កាត់ រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពង្រឹងដំណើរកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការថ្នាក់ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសតាមរយៈធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីឈានទៅរៀបចំ ក្របខ័ណ្ឌច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងបានរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់រដ្ឋបាលទាំងនេះ តាមអាណត្តិ ដែលបានកំណត់រៀងរាល់៥ឆ្នាំម្តងចាប់តាំងពីឆ្នាំ២០០៩មក។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ទៀតថា ក្នុងបរិបទប្រទេសកម្ពុជា ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការមានគោលបំណងសំខាន់៣រួមមាន៖ ។ទី១.ដើម្បីពង្រឹងនិងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ឱ្យចាក់គ្រឹះ រហូតដល់មូលដ្ឋានតាមរយការបោះឆ្នោត និងគោលការអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ទី២.លើកកម្ពស់គុណភាព និងប្រសិទ្ធភាពការផ្តល់សេវាសាធារណ និងការអភិវឌ្ឍមូលដ្ឋាន ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ ដោយមាន ប្រសិទ្ធភាព កម្លាភាព គណនេយ្យភាព បរិយាប័ន្ននិងសមធម៌សង្គម។ ទី៣. លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការ ធ្វើសេចក្តីសម្រេចពាក់ព័ន្ធនឹងការគ្រប់គ្រង ដឹកនាំនិងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាព ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕

ដោយ លោក លឹមសាន្ត