ឯកឧត្ដម ឃួង ស្រេង ស្នើឱ្យរដ្ឋបាលខណ្ឌដូនពេញត្រូវពង្រឹងការថែរក្សា សន្តិសុខសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថានដើម្បីការពារពានរង្វាន់ផ្ការំដួល ៣ទង

AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យអភិបាលខណ្ឌដូនពេញ ពង្រឹងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថានឱ្យបានល្អ មិនត្រឹមតែធានា បានសោភណភាពបរិស្ថាន សុខភាពរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទំាងការពារពានរង្វាន់ ផ្ការំដួល ៣ទង ថែមទៀតផង។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យរដ្ឋបាលខណ្ឌដូនពេញ ត្រូវលុបបំបាត់ឱ្យបានរាល់ល្បែងស៊ីសងគ្រប់ប្រភេទ បញ្ហាចោរកម្ម ក្មេងទំនើង សណ្តាប់ ធ្នាប់សាធារណៈ បញ្ហាអនាម័យសំរាមជាដើម ដើម្បីឱ្យខណ្ឌ នេះនៅតែរក្សាបាន ភាពស្អាត ហើយនៅតែទទួលបានពានរង្វាន់ផ្ការំដួលបីទងដែលជាទីក្រុងស្អាតជាងគេ។

ឯកឧត្ដមបានបញ្ជាក់បែបនេះ ក្នុងពិធីប្រកាសឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាល ខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០២០។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ចាំបាច់ណាស់ខណ្ឌដូនពេញ គឺត្រូវតែល្អស្អាត ឱ្យបានជាប់ជាប្រចាំ ព្រោះខណ្ឌនេះជាចំណុចកណ្តាលនៃរាជធានីភ្នំពេញ សម្បូរទៅដោយ តំបន់ទេសចរណ៍ដែលទាក់ទាញភ្ញៀវមកទស្សនាកម្សាន្តជាច្រើន។

ឯកឧត្ដមបានបញ្ជាក់ថា អភិបាលខណ្ឌដូនពេញត្រូវចុះពិនិត្យការលក់ដូរ របស់ប្រជាពលរដ្ឋនៅលើចិញ្ចើញផ្លូវ សាធារណៈ ដោយមិនត្រឹមតែខូចសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធា រណៈប៉ុណ្ណោះទេ ប៉ុន្តែ ពួកគាត់បានបង្កើតជាសំរាមគររាយប៉ាយ ដោយគ្មានទំនួលខុសត្រូវក្រោយពីការលក់ដូររួច។ បន្ថែមពីនេះទៀតត្រូវសន្យាលុបបំបាត់ ឱ្យអស់នូវល្បែងកន្ទុយលេខតាមផ្សារ ល្បែងស្ទួចត្រីខុស ច្បាប់ដែលកំពុងមានសកម្មភាពរីកដុះដាលច្រើន។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញក៏បានណែនាំដល់អភិបាល ខណ្ឌទំាងអស់ជួយជំរុញឱ្យប្រជាពលរដ្ឋបង់ថ្លៃប្រមូលសំរាមឱ្យបានទៀតទាត់ ដើម្បីបំពេញ កាតព្វកិច្ចជាពលរដ្ឋល្អ ក្នុងការចូលរួមធានាធ្វើឱ្យរាជធានីភ្នំពេញនៅតែរក្សាបានភាពស្អាត មានផាកសុខភាព និងគុណភាពបរិស្ថាន។

ឯកឧត្តមបានបន្តថា ក្នុងរយៈពេល៨ខែទៀតការ រៀបចំនីតិវិធីក្នុងការគ្រប់គ្រង បញ្ហាសំរាមនេះបានល្អ ទំាងការប្រមូលសំរាម និងការបង់ថ្លៃសេវា ប្រមូលសំរាម ដោយ មានក្រុមហ៊ុនត្រឹមត្រូវច្បាស់លាស់ ក្នុងការអនុវត្តកិច្ចការនេះ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសបើកទទួលយកថ្លៃ ប្រមូល សំរាមពីប្រជាពលរដ្ឋចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ តាមរយៈប្រព័ន្ធទូរ ទាត់អេឡិកត្រូនិច ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលចំណេញ ពេលវេលា និងកាត់បន្ថយការចំណាយផងដែរ។ ប្រជាពលរដ្ឋដែលត្រូវបង់ថ្លៃសេវាប្រមូលសំរាម នៅក្នុងខែមករានេះ គឺគ្មានការប្រែប្រួលទេ គឺ អនុវត្តន៍តាមតារាងតម្លៃកាលពីខែតុលា ឆ្នាំ២០ ១៩ កន្លងទៅជាគោល៕

ដោយ សួស សំរិត