ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំលើសំណើសុំអនុញ្ញាត និងការគាំទ្រ គោលការណ៍ការងារជួសជុល កែលម្អ និងពង្រីកឆ្នេរខ្សាច់លំហែកាយកោះពស់ 

AKP ព្រះសីហនុ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ — នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាល ខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំលើសំណើសុំអនុញ្ញាត និងការគាំទ្រគោលការណ៍ដល់ការងារ ជួសជុល កែលម្អ និងពង្រីកឆ្នេរខ្សាច់លំហែកាយ កោះពស់ របស់ក្រុមហ៊ុនកោះពស់ខេមបូឌា អ៊ីនវេសមេនគ្រុប អិលធីឌី ដោយមានការចូលរួមពីប្រធានមន្ទីរពាក់ព័ន្ធ អាជ្ញាធរសង្កាត់ ក្រុង និងការយាល័យជំនាញសាលាខេត្តព្រះសីហនុ។

លោក Karkov Pavel តំណាងក្រុមហ៊ុនកោះពស់ ខេមបូឌា អ៊ីនវេសមេនគ្រុប អិលធីឌី បានបញ្ជាក់ថា ក្រុមហ៊ុនទទួលបានគម្រោងអភិវឌ្ឍន៍កោះពស់មានទំហំ ១១៦ហិកតា បន្ទាប់ពី បានអនុញ្ញាតអភិវឌ្ឍន៍ពីរាជរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុនបានសាងសង់ស្ពានឆ្លងសមុទ្រ ប្រវែង ៩០០ម៉ែត្រ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធលើកោះពស់ មានដូចជា ផ្លូវបេតុងបាន ៦០ភាគរយ នៃផ្លូវប្រវែងជាង ៥គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ពន្ធ័ភូមិគ្រឹះ៣៦ ក៏ប៉ុន្តែមកដល់ បច្ចុប្បន្ន ក្រុមហ៊ុនសាងសង់ភូមិគ្រឹះបាន១៨ ទន្ទឹមនោះរក្សាព្រៃឈើនៅលើកោះពស់ឱ្យបាន ៦០ភាគរយ ព្រមទាំងបានរៀបចំប្រព័ន្ធទឹកស្អាត ភ្លើងរួចរាល់ ក្រៅពីប្រព័ន្ធផ្លូវមេ ក៏មានសាង សង់ផ្លូវតូចៗជាច្រើនទៀត។ ការអភិវឌ្ឍនៅលើកោះពស់ ដើម្បីបម្រើសេវាទេសចរណ៍ម្យ៉ាង ទៀតការសុំអភិវឌ្ឍន៍កែលម្អឆ្នេរកម្សាន្តមានប្រវែង ៨៥០ម៉ែត្រ ទទឹងពី៣០ ទៅ៣៥ម៉ែត្រ ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំក្រុមហ៊ុន កោះពស់ ទី១. នៅថ្ងៃទី២២ ខែកុម្ភៈ ខាងមុខនេះ រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យ ពីស្ថានភាព នៃការអភិវឌ្ឍនាពេលបច្ចុប្បន្ន ដើម្បីបញ្ជាក់ភាពជាក់ច្បាស់, ទី២.ក្រុមហ៊ុនត្រូវធ្វើ ផែនការមេឱ្យខាងតែបាន បើមានផែនការមេ រដ្ឋបាលខេត្តគាំទ្រ និងឯកភាពដោយផ្អែកតាម ផែនការមេ គោរពទៅតាមបទដ្ឋានបច្ចេកទេស ដែលទទួលស្គាល់ដោយមន្ត្រីមន្ទីរ និងស្ថាប័ន ជំនាញ៕

ដោយ ងូ សុមុនី