កីឡាករតេក្វាន់ដូ WT កូរ៉េខាងត្បូង មកចែករំលែកដល់តេក្វាន់ដូកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ — ក្រុមយុវជនកីឡាតេក្វាន់ដូ WT ជនជាតិកូរ៉េខាងត្បូងតំណាងឱ្យ World Taekwondo Peace Corp ចំនួន៨នាក់បានមកបំពេញបេសកកម្ម នៅប្រទេសកម្ពុជារយៈពេលមួយខែពេញ ដើម្បី ជួយជ្រោមជ្រែងដល់ការអភិឌ្ឍវិស័យកីឡាតេក្វាន់ដូ WT នៅកម្ពុជា ដោយខេមរសហព័ន្ធតេ ក្វាន់ដូ WT ក្នុងការចែករំលែកបទពិសោធន៍ ទៅលើ៦ រាជធានី-ខេត្ត ដោយក្រុមយុវជនតេក្វាន់ ដូមកពីប្រទេសកូរ៉េ បានចែកបទពិសោធន៍ទៅដល់គរុសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា ចំនួនជាង១៥០នាក់ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិកម្ពុជា និងប្រធានដឹកនាំបានមាន​ប្រសាសន៍​​ថា មុនមកដល់សាលាកីឡា ក្រុមយុវជន World Taekwondo Peace Corp ទៅ​បំពេញបេសកកម្មនៅខេត្តបាត់ដំបង រយៈពេល៣យប់ ៤ថ្ងៃ ហើយបានបន្តទៅប៉ោយប៉ែត សៀមរាប កំពង់ចាម និងព្រៃវែង ហើយនៅសាលាកីឡានឹងធ្វើរយៈពេល៣ថ្ងៃ។ លោកបញ្ជាក់​ថា មូលហេតុដែលសហព័ន្ធជ្រើសយកសាលាកីឡាក្នុងការបង្ហាត់បង្ហាញនេះ ដើម្បីឱ្យពួក​គាត់ចេះកាន់តែច្បាស់ ទើបអាចបង្កើតបានជាក្លឹប នៅពេលដែលគាត់ចេញទៅបង្ហាត់តាម​សាលា​រដ្ឋផ្សេងៗ។

គួរបញ្ជាក់ថា ក្រុមយុវជនកីឡាតេក្វាន់ដូ WT ជនជាតិកូរ៉េខាងត្បូងតំណាងឱ្យ World Taekwondo Peace Corp  បានទៅបំពេញបេសកកម្មនៅខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត កាល​ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមករា, ខេត្តសៀមរាប់ ថ្ងៃទី២៤ដល់ថ្ងៃទី២៧ ខែមករា។ ដោយឡែកចំពោះវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ខេត្តកំពង់ចាម និង ខេត្តព្រៃវែង បាន​ចាប់ពីថ្ងៃទី២៩ ខែមករា ហើយគ្រោងនឹងបញ្ចប់នៅ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ៕

​ដោយ ហេង ណាលីន