ព្រះខ័នរាជស្វាយរៀងចាញ់ម្ចាស់ផ្ទះCeres Negros ពានរង្វាន់ AFC Cup

AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ — ក្រុមព្រះខ័នរាជស្វាយរៀងបានរងបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Ceres Negros របស់ប្រទេសហ្វីលីពីន ដោយលទ្ធផល ០-៤ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅកីឡដ្ឋាន Rizal Memorial Stadium ទីក្រុងម៉ានិល ក្នុងជំនួបបើកឆាកពូលG នៃពានរង្វាន់ក្លឹប​បាល់ទាត់ជើងឯកអាស៊ី AFC Cup 2020។

ក្រុមព្រះខ័នរាជស្វាយរៀងពុំសូវមានឱកាសច្រើននោះទេ ដោយត្រូវក្រុមម្ចាស់ផ្ទះ Ceres Negros ដាក់សម្ពាធយ៉ាងខ្លាំង ដោយបានរបូត២គ្រាប់ នៅវគ្គទីទី១ ដោយកីឡាករ Takashi Odawara នៅនាទី១២ និងកីឡាករ Joshua Grommen នៅនាទី១។ ចូលវគ្គទី២ ក្រុមជើងឯកលីគកំពូលហ្វីលីពីន នៅតែបន្ដដាក់សម្ពាធលើក្រុមតំណាងកម្ពុជា ហើយធ្វើ​សម្រេចបាន២គ្រាប់ទៀតបន្ថែម ដោយកីឡាករ Bienvenido Maranon Morejon នៅនាទី៥៥ និងនាទី៧០។ ក្រុម Ceres Negros ទទួលបាន៣ពិន្ទុដំបូង ដោយឈរកំពូលតារាងបណ្ដោះ​អាសន្ន។ ក្រុមព្រះខ័នរាជស្វាយរៀងនឹងត្រូវបន្តជួបនៅប្រកួតទី២ ជាមួយក្រុម Bali United របស់ឥណ្ឌូនេស៊ី នាថ្ងៃទី២៥ ខែកុម្ភៈខាងមុខ ដោយក្រុមខ្លាំងរបស់ឥណ្ឌូណេស៊ីមួយនេះ ទើបបានយកឈ្នះក្រុមខ្លាំងវៀតណាម Than Quang Ninh ដោយលទ្ធផល ៤-១ នៅក្នុងការ​ប្រកួតដំបូងរបស់ខ្លួនដូចគ្នា ក្នុងពូល G នេះដែរ។

សូមបញ្ជាក់ថា ការប្រកួត AFC Cup គឺពានរង្វាន់ក្លឹបលំដាប់ទី២ប្រចាំទ្វីបអាស៊ី ហើយ​ក្រុមជើង ឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង មុនឈានជើងចូលមកប្រកួតវគ្គ​ចែក​ពូល​នេះ គឺក្រោយពី បានទម្លាក់ក្រុមឡាវ Master 7 កាលពីវគ្គជម្រុះបឋម ហើយឡើងមក​ប្រកួត​ជម្រុះនៅក្នុងពូលGនេះ៕

ដោយ ហេង ណាលីន